បាល់ទាត់ពិភពលោក២០១៤៖ ណីម៉ា នាំគ្រាប់បាល់ឲ្យប្រេស៊ីលមុនគេ
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១២ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 13, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងការប្រកួតបើកឆាកដំបូង រវាងក្រុមបាល់ទាត់ជម្រើសជាតិ ប្រេស៊ីល និងក្រូអាស៊ី នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ពិភពលោក ឆ្នាំ២០១៤នេះ កីឡាករដែលរកគ្រាប់បាល់ឲ្យប្រទេសម្ចាស់ផ្ទះ ជាកីឡាករវ័យក្មេងមួយរូប ឈ្មោះ ណីម៉ា (Neymar) ដែលកំពុងរះយ៉ាងចែងចាំង នៅក្នុងក្រុមបាល់ទាត់អាជីព បាសឺឡូណា (Barcelona) របស់ប្រទេសអេស្ប៉ាញ។
កីឡាករ ណីម៉ា ទូលបាល់នៅលើក្បាល។ (រូបថត fifa)
បាល់ទាត់ពិភពលោក - ការប្រកួតបាល់ទាត់បើកឆាកនេះ ត្រូវបានកត់សម្គាល់ដោយ ការទាត់ចូលទីប្រេស៊ីលខ្លួនឯងរបស់កីឡាករ ម៉ាសឺឡូ (Marcelo) ដែលទាត់ឲ្យក្រុមបាល់ទាត់អាជីព រៀលម៉ាឌ្រីត (Real Madrid) របស់ប្រទេសអេស្ប៉ាញ។ ការទាត់ចូលទីខ្លួនឯង របស់កីឡាកររូបនេះ មិនត្រឹមតែនាំពិន្ទុឲ្យក្រូអាស៊ី បានមួយពិន្ទុមុនប៉ុណ្ណោះទេ តែក៏បានចូលមកបំបែកឯកត្តកម្មឲ្យប្រទេសប្រេស៊ីល ដែលល្បីខាងកីឡាបាល់ទាត់នេះដែរ ព្រោះនៅក្នុងប្រវត្តិបាល់ទាត់ប្រេស៊ីល មិនដែលមានកីឡាករណាម្នាក់ ទាត់ចូលទីខ្លួនឯងនោះទេ។
ប៉ុន្តែមិនជាបញ្ហាទេ ព្រោះប្រទេសល្បីខាងបាល់ទាត់ ដូចជាប្រេស៊ីល មិនខ្វះកីឡាករល្អៗ ជំនាញខាងទាត់បាល់ត្រង់ដូចបន្ទាត់នោះឡើយ។ កីឡាករ ណីម៉ា អាយុ២២ឆ្នាំ ដែលកំពុងទាត់ឲ្យក្រុមបាល់ទាត់អាជីព បាសឺឡូណា បានជួយសង្គ្រោះក្រុមជម្រើសជាតិរបស់ខ្លួន ដល់ទៅពីរគ្រាប់។ ក្នុងនោះមួយគ្រាប់ ត្រូវបានកីឡាករវ័យក្មេងរូបនេះ ទាត់ពីចំងាយប្រមាណជា២០ម៉ែត្រ រាបទាបផ្ទាល់ដី បង្កការលំបាកដល់អ្នកចាំទីរបស់ក្រុមជម្រើសជាតិ ក្រូអាស៊ី លោតទៅចាប់ទាំងប្រហោងធ្លុង នៅក្នុងពាក់កណ្ដាលម៉ោងដំបូង។
បាល់មួយគ្រាប់ទៀត ជាបាល់ពិន័យ១១ម៉ែត្រ បន្ទាប់ពីអាជ្ញាកណ្ដាលមើលឃើញថា កីឡាករខ្សែការពាររបស់ ក្រូអាស៊ី បានប្រព្រឹត្តិកំហុសទៅលើកីឡាករខ្សែប្រយុទ្ធ របស់ប្រេស៊ីល។ ប៉ុន្តែបាល់ពិន័យនេះ ទោះជា ណីម៉ា បានទាត់បញ្ចូលទីក៏ពិតមែន តែអ្នកចាំទីរបស់ ក្រូអាស៊ី ក៏មិនឲ្យបាល់នេះអាចចូលបានដោយស្រួលដែរ ព្រោះវានៅខ្វះកម្លាំងតែបន្ដិចប៉ុណ្ណោះ បាល់ពិន័យនេះ នឹងត្រូវបានអ្នកចាំទី ក្រូអាត ចាប់បាន។
លទ្ធផលចុងបញ្ចប់នៃការប្រកួតបើកឆាកនេះ បើទោះជាប្រេស៊ីល បំបាក់ ក្រូអាស៊ី ៣ ទល់នឹង ១ ក៏ពិតមែន ប៉ុន្តែមិនមែន ក្រូអាស៊ី អន់ដល់ថ្នាក់ហៅមិនលឺនោះទេ។ ផ្ទុយទៅវិញ បាល់ពិន័យ១១ម៉ែត្រ ដែលអាជ្ញាកណ្ដាលមើលឃើញថា ជាកំហុសរបស់កីឡាករ ក្រូអាស៊ី នោះ កំពុងត្រូវបានអ្នកជំនាញខាងបាល់ទាត់ រិះគន់ថា ជាការផាកពិន័យដែលលំអៀង ទៅរកប្រេស៊ីល ឬអាចនិយាយបានទៀតថា ភ្នែកអាជ្ញាកណ្ដាលជនជាតិជប៉ុនរូបនេះ មានបញ្ហា៕
សូមទស្សនាវីដេអូ សង្ខេបពីការប្រកួតឡើងវិញ៖