ទាសករខ្មែរក្នុងឧស្សាហកម្មចិញ្ចឹមបង្គានៅថៃ ផ្អើលអ៊ឺរុប (vdo)
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៥ មិថុនា ២០១៤
- កែប្រែចុងក្រោយ: October 10, 2014
- ប្រធានបទ: បង្គាឈាម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រព័ន្ធទាសភាព - បង្កងនិងបង្គារបស់ប្រទេសថៃ ហើយដែលនាំចេញទៅលក់នៅទីផ្សារធំៗ នៅក្នុងប្រទេសអាមេរិក និងបណ្ដាប្រទេសនៅទ្វីបអ៊ឺរ៉ុបនោះ ទំនងជាត្រូវបានចិញ្ចឹមដោយក្រុមមនុស្ស ដែលបានប្រព្រឹត្តិនូវទង្វើអមនុស្សធម៌ដ៏ព្រៃផ្សៃ ធ្វើទៅលើមនុស្សជាច្រើននាក់។ ក្រុមមនុស្សរងគ្រោះទាំងនោះ ត្រូវបានបណ្ដាញជួញដូរមនុស្សដ៏ធំមួយ បោកយកទៅលក់និងបង្ខាំងឲ្យធ្វើការដូចជាទាសករ។ សេចក្ដីរាយការណ៍ដ៏ធំ របស់សារព័ត៌មានអង់គ្លេស The Guardian បានបង្ហាញពីការស៊ើបអង្កេតមួយ ដែលបានចំណាយពេលមិនតិចជាង៦ខែ ដោយសម្រេចបានជាវីដេអូមួយផង ស្ដីពីសកម្មភាពទាំងនោះ។
របាយការណ៍របស់សារព័ត៌មាន បានចោទប្រកាន់សហគ្រាសឯកទេសខាងចិញ្ចឹមនាំចេញ នូវបង្គានិងបង្កង ទៅកាន់ទីផ្សារពិភពលោក ស៊ីភីហ្វូដ (CP Foods) ថាបានផ្ដល់ហិរញ្ញវត្ថុទិញម្សៅ និងត្រីមកចិញ្ចឹមបង្គានិងបង្កង ពីទូកនេសាទជាច្រើន ដែលជាប់ពាក់ព័ន្ធនឹងបណ្ដាញទាសភាព នាំពលករទៅធ្វើការខុសច្បាប់ និងបានបង្ខាំងពលករទាំងនោះ ឲ្យធ្វើការគ្មានសេរីភាព ប្រៀបបាននឹងសម័យកាលទិញដូរមនុស្ស កាលពីពីរ-បីសតវត្សមុន។
ពលករចំណាកស្រុកទាំងនោះ ត្រូវបានគេស្គាល់ថា ជាជនជាតិកម្ពុជា និងមួយចំនួនទៀតជាជនជាតិភូមា។ នៅក្នុងបទស៊ើបអង្កេត មានសាក្សីជាច្រើននាក់ដែលអះអាងជាជនរងគ្រោះ ហើយត្រូវបានគេបោកឲ្យមកធ្វើការដោយខុសច្បាប់នោះ បានបញ្ជាក់ពីស្ថានភាពយ៉ាងអមនុស្សធម៌ នៅក្នុងទីកន្លែងដែលពួកគេបានធ្វើការ ជាពិសេសពីទារុណកម្មដែលបានធ្វើមកលើពួកគេ។
ពលកររងគ្រោះភាគច្រើន ត្រូវបានមេខ្យល់ ក្នុងទម្រង់ជាក្រុមហ៊ុន ដែលនាំពលករចេញទៅធ្វើការនៅក្រៅប្រទេស នាំទៅ ហើយលក់ពួកគេក្នុងតម្លៃប្រមាណជា៣០០ ទៅ៤០០ដុល្លា។ ពួកគេត្រូវបានបង្ខាំង និងបង្ខំឲ្យធ្វើការ២០ម៉ោងក្នុងមួយថ្ងៃ ជាថ្នូនឹងបាយមួយចាន។ ពលករខ្លះដែលបានរត់គេចខ្លួនរួច បាននិយាយប្រាប់ថា ពួកគេជាញឹកញាប់ត្រូវបានចងជាប់នឹងច្រវាក់ វាយធ្វើបាប និងធ្វើទារុណកម្ម។ ពលករមួយរូបពីក្នុងនោះ បាននិយាយថា ខ្លួនបានឃើញមិត្តភ័ក្ររបស់ខ្លួនប្រមាណជា២០នាក់ ត្រូវបានសម្លាប់ និងមិត្តភ័ក្រខ្លួនម្នាក់ទៀត ត្រូវបានទាញហែក ហើយបោះចោលក្នុងសមុទ្រ។
របាយការណ៍បានរកឃើញទៀតថា សហគ្រាស ស៊ីភីហ្វូដ បានបន្តលក់ផលិតផលបង្គា និងបង្កងទាំងនេះ ទៅឲ្យយីហោធំៗជាច្រើនរបស់អ៊ឺរ៉ុប និងអាមេរិក ក្នុងនោះមានកាហ្វួរ (Carrefour) វ៉ាលម៉ា (Walmart) ឬអាល់តូច (Alto) ជាដើម។ ហើយដោយសារតែការបែកធ្លាយនេះ បានជំរុញឲ្យក្រុមហ៊ុន ការហ្វួរ ដែលមានទីស្នាក់ការកណ្ដាលនៅក្នុងប្រទេសបារាំង ធ្វើការផ្អាកនូវរាល់ទំនាក់ទំនងពាណិជ្ជកម្មទាំងឡាយ ជាមួយសហគ្រាសស៊ីភីហ្វូដ របស់ថៃនេះ៕
សូមទស្សនាវីដេអូ ស្ដីពីរបាយការណ៍នេះ (របស់សារព័ត៌មានអង់គ្លេស និងរបស់ទូរទស្សន៍បារាំង) ដូចតទៅ៖