ផៃ ស៊ីផាន៖ បណ្ដឹងចោទនៅ ICC ជាការបង្កាច់បង្ខូចនៃក្រុម«អ្នកថាមិនដែលធ្វើ»
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៨ តុលា ២០១៤
- កែប្រែចុងក្រោយ: October 08, 2014
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការលើកឡើងរបស់ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ក្នុងរឿងវិវាទដីធ្លី គ្រាន់តែជាការបង្កាច់បង្កូច នៃក្រុមអ្នក«ថា» មិនដែល«ធ្វើ»ប៉ុណ្ណោះ។ នេះការលើកឡើងរបស់ មន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន តបទៅនឹងពាក្យបណ្ដឹងចោទប្រកាន់មួយ ដែលដាក់នៅចំពោះលោកស្រី អន្តររដ្ឋអាជ្ញា នៃសាលាក្ដីព្រហ្មទណ្ឌអន្តរជាតិ ប្ដឹងមន្ត្រីរដ្ឋាភិបាលកម្ពុជា និងបរិហាពីនយោបាយ ដែលពោរពេញដោយការរំលោភសិទ្ធិមនុស្ស នៅក្នុងសំនុំរឿងដីធ្លីដ៏រ៉ារ៉ៃ។
នៅលើគណនីហ្វេសប៊ុករបស់លោក មន្ត្រីជាន់ខ្ពស់រូបនេះ បានសរសេរថា៖ «យើងឃើញមានពួកក្រុមអ្នកថា ច្រើនជាងធ្វើ និងបង្ខូចបង្កាច់ កំពុងធ្វើចលនា នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដើម្បីចាប់កំហុសរដ្ឋាភិបាល និងវាយប្រហារសម្តេចតេជោ ដែលគ្មានធាតុផ្សំក្នុងការចោទប្រកាន់ នៃសមត្ថកិច្ចតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ»។
បុគ្គលដែល«បង្កហេតុ និងល្មើសច្បាប់»
ពាក្យបណ្ដឹងមួយ ត្រូវបានដាក់កាលពីថ្ងៃទី៧ ខែតុលា នៅចំពោះមុខលោកស្រី ហ្វាទូ ប៊េនស៊ូដា (Fatou Bensouda) អន្តររដ្ឋអាជ្ញានៃសាលាក្ដីព្រហ្មទណ្ឌអន្តរជាតិ ក្នុងទីក្រុង ឡាអេ ប្រទេសហូឡង់ ហៅកាត់តាមភាសាបារាំង CPI និងភាសាអង់គ្លេស ICC ប្ដឹងបរិហាពីនយោបាយរឹបអូសដីធ្លី និងបណ្ដេញមនុស្ស ចេញពីភូមិស្រុកផ្ទះសម្បែង នៅក្នុងប្រទេសកម្ពុជា ក្រោមរបបដឹកនាំបច្ចុប្បន្ន ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ មេធាវីអន្តរជាតិដើមបណ្ដឹង លោក រីឆាដ រ៉ូជ័រ (Richard Rogers) បានសរសេរនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «ក្រុមអ្នកមានអំណាច បានបង្កើតឲ្យមានឧក្រិដ្ឋកម្មយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រតិបត្តិការជាប្រព័ន្ធមួយ ប្រឆាំងនឹងប្រជាជនស៊ីវិល។ (...) ទង្វើទាំងនេះ មានចរិកជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។»
ប៉ុន្តែ លោក ផៃ ស៊ីផាន បានការពាររដ្ឋាភិបាល ដែលមានរូបលោកជាសមាជិកថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋាភិបាលបាននឹងកំពុងចាត់ការ ដោះស្រាយទៅតាមនីតិវិធី និងតាមជំនាញពាក់ព័ន្ធជាបន្តបន្ទាប់។ លោកថែមទាំងបានចាត់ទុក សកម្មភាពនៃអ្នកតវ៉ា អ្នកចង់បានសិទ្ធិ និងការរស់នៅសមរម្យទាំងនោះ ថាជាបុគ្គលដែល«បង្កហេតុ និងល្មើសច្បាប់»។
អ្នកនាំពាក្យដ៏ល្បីឈ្មោះ បានសរសេចាត់ទុកចលនាទាំងនេះ ថាជាការបង្កើតចលាចលនៅក្នុងសង្គម និងជាប្រព័ន្ធ ដែលរួមមាន «ទាំងមេខ្យល់ ទាំងអង្គការក្រៅរដ្ឋាភិបាលអសមានចិត្តមួយចំនួន ទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយសាធារណៈជាខេមរភាសា ក៏ដូចជាប្រព័ន្ធព័ត៌មានសង្គម»។
ទាក់ទងនឹងបញ្ហាជម្លោះដីធ្លីនេះ ត្រូវបានមន្រ្តីរាជការម្នាក់ ក្នុងល័ក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា រាល់ទង្វើ និងសកម្មភាពពាក់ព័ន្ថរឿងព្រៃឈើ ដីធ្លីជាដើម វាកើតឡើង តាមប្រព័ន្ធ និងនិយមបក្ខពួក។ បើទីតាំងដី ឬតំបន់ណាមួយដែលពួកគេចង់បាន មិនថាលំនៅដ្ឋាន ដីស្រែ ដីចំការ បឹងបួរ ឬដីព្រៃឈើឡើយ ពួកគេត្រូវតែធ្វើ និងកាន់កាប់ភាគច្រើនទៅតាមលក្ខណៈ«ធ្វើនំឥតម្សៅ»។ ជាពិសេស ការទុកឲ្យដំបៅក្លាយជាជំងឺមហារីក របស់រដ្ឋាភិបាល ហើយមិនឆាប់ដោះស្រាយ ឬក៏មានដំណោះស្រាយគ្មានគតិយុត្តិ និងគ្មានតម្លាភាព។ល។នោះហើយ ដេលធ្វើឲ្យវិបត្តិនេះនៅជាប់គាំងដោះស្រាយមិនបាន ជំរុញឲ្យជនរងគ្រោះប្ដឹងទៅស្ថាប័នអន្តរជាតិ៕