ព្រាប កុល៖ បំរាមរបស់រដ្ឋាភិបាល គឺជាឧបករណ៍រឹតត្បិតសិទ្ធិពលរដ្ឋ
រហូតមកដល់ពេលនេះ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នៅតែមិនទាន់អនុញ្ញាត ឲ្យប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងគណបក្សសង្រ្គោះជាតិ មានការប្រមូលផ្តុំនៅឡើយ។ ហើយការបន្តហាមឃាត់មិនឲ្យមានការជួបជុំនេះ រដ្ឋាភិបាលគ្នានអ្វីក្រៅពីការអះអាងថា រង់ចាំដល់ស្ថានការណ៍សន្តិសុខ និងសណ្តាប់សាធារណៈ សង្គមវិលទៅរកភាពប្រក្រតីវិញ។
លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា។ (រូបថត ហ្វេសប៊ុក)
សណ្ដាប់ធ្នាប់ - សំរាប់អង្គការតម្លាភាពកម្ពុជា បានលើកឡើងថា ស្ថានភាពសង្គមកម្ពុជាបច្ចុប្បន្ន មិនមានអស្ថិរភាព ដែលរដ្ឋាភិបាលចាំបាច់ត្រូវហាមឃាត់ មិនឲ្យមានការជួបជុំនោះទេ ហើយកាលដែលរដ្ឋាភិបាលបន្តដាក់កំហិតមិនឲ្យមានការប្រមូលផ្តុំ គឺគ្រាន់តែមធ្យោបាយ ការពារមិនឲ្យមានការរិះគន់មកលើរដ្ឋាភិបាល តាមរយៈការរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១២ ខែកុម្ភៈ នេះថា៖ «ការដាក់បំរាមមិនឲ្យមានការជួបជុំ នៅពេលនេះ គឺជាការរំលោភសិទ្ធិសេរីភាពប្រជាពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញ និងជាការដើរផ្ទុយលិទ្ធិប្រជាធិបតេយ្យផងដែរ។ ប្រទេសណាក៏គេចេះរក្សាសន្តិសុខសង្គមដែរ មិនមែនមានតែប្រទេសកម្ពុជាមួយនោះទេ ហើយប្រទេសគេក៏គោរពលិទ្ធិប្រជាធិបតេយ្យដូចកម្ពុជាដែរ តែគេអនុញ្ញាតឲ្យមានការប្រមូលផ្តុំបញ្ចេញមតិ ចុះហេតុអ្វីកម្ពុជាត្រូវហាមឃាត់ ឬមួយកម្ពុជាទាល់តែរឹតត្បិតសេរីភាពប្រជាពលរដ្ឋ ទើបសង្គមមានសន្តិសុខល្អ? ញ្ចឹងមានន័យដូចម្តេច ប្រទេសយើងដូចគេ ឬខុសគេ?»។
ជុំវិញករណីនេះទស្សនាវដ្តីមនោរម្យ.អ៊ីនហ្វូ បានព្យាយាមទាក់ទង មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន ដើម្បីធ្វើការបកស្រាយ តែមិនមានការឆ្លើយតបនៅឡើយ។ តែបើយោងលើ មជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា(CCHR) និង អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (Licadho) ក្នុងពេលចុងក្រោយនេះ បានលើកឡើងថា កម្ពុជានៅតែមានការរឹតត្បិតសេរីភាពបញ្ចេញមតិ។
គួររម្លឹកថា សមត្ថកិច្ចគ្រប់គ្រងដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា កាលពីដើមខែមករា ឆ្នាំ២០១៤ ក្រោមហេតុផលរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បានបង្រ្កាបយ៉ាងចាស់ដៃ លើកម្មករដែលជាបាតុករទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារ និងការប្រមូលផ្តុំតវ៉ាទាក់ទងនឹងលទ្ធផលបោះឆ្នោត របស់គណបក្សសង្រ្គោះជាតិ។ ក្រោយការបោសសំអាតបាតុកម្មទាំងនោះ សាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃ បានដាក់កំហិតមិនឲ្យមានការប្រមូលផ្តុំជាថ្មីនោះទេ រហូតមកដល់ពេលនេះ៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤