តុលាការធម្មនុញ្ញថៃ ច្រានចោលបណ្តឹងរបស់បក្សប្រឆាំង ឲ្យចាត់ទុកការបោះឆ្នោតជាមោឃៈ
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: February 13, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ កាលពីថ្ងៃពុធម្សិលមិញ បានសម្រេចបដិសេធចោល នូវពាក្យបណ្តឹងពីសំណាក់គណបក្សប្រជាធិបតេយ្យ ដែលប្តឹងទាមទារឲ្យតុលារការចាត់ទុកការបោះឆ្នោត កាលពីថ្ងៃទី ០២ ខែ កុម្ភៈ កន្លងទៅ ជាមោឃៈ។ តុលាការធម្មនុញ្ញថៃ បានចាត់ទុកពាក្យបណ្តឹងនេះ ថាជាបណ្តឹងដែលគ្មានភស្តុតាង និងគ្មានហេតុផលច្បាស់លាស់នោះទេ។
បាតុករប្រឆាំងនៅថៃ ទាមទារមិនឲ្យធ្វើការបោះឆ្នោត។ (រូបថត REUTERS/Damir Sagolj)
វិបត្តិនយោបាយថៃ - យោងតាមការសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា តុលាការធម្មនុញ្ញថៃ កាលពីពុធទី១២ ខែកុម្ភៈម្សិលមិញ បានសម្រេចមិនជំនុំជម្រះពាក្យបណ្តឹងរបស់គណបក្សប្រឆាំងនោះទេ ក្រោមហេតុផលថា បណ្តឹងនេះ គ្មានមូលដ្ឋាន និងគ្មានភស្តុតាងគ្រប់គ្រាន់សម្រាប់ដាក់បន្ទុក។ គណបក្សប្រជាធិតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំនៅប្រទេសថៃ បានដាក់ពាក្យបណ្តឹងទៅតុលាការធម្មនុញ្ញ ក្រោយពីការបោះឆ្នោតថ្ងៃទី ០២ ខែកម្ភៈ ឆ្នាំ ២០១៤ កន្លងទៅ ដោយគណបក្សនេះ ចង់ឲ្យតុលាការចាត់ទុកការបោះឆ្នោតនេះជាមោឃៈ និងរំលាយគណបក្សកាន់អំណាចភឿថៃចោល។ សម្រាប់តុលាការថៃ ការប្តឹងឲ្យចាត់ទុកជាមោឃៈនូវការបោះឆ្នោត ជារឿងមិនអាចទៅរួចមួយទៅហើយ ទម្រាំងតែរំលាយបក្សកាន់អំណាចទៀតនោះ ក្រុមប្រឆាំងថៃរិតតែគ្មានភស្តុតាងដាក់បន្ទុកថែមទៀត។
ពាក្យបណ្តឹងដែលគណបក្សប្រជាធិបតេយ្យ ដាក់ទៅតុលាការធម្មនុញ្ញនោះ បានលើកហេតុផលថា ការបោះឆ្នោតកាលពីថ្ងៃទី ០២ ខែកុម្ភៈ បានរៀបចំធ្វើឡើង ដោយមិនអនុលោមតាមបែបបទពីមុននោះទេ ពោលគឺការបោះឆ្នោតសភាលើកនេះ ធ្វើឡើងមិនមែនប្រើរយៈពេលតែមួយថ្ងៃពេញនោះទេ។ នេះបើតាមការឲ្យដឹងពីមេធាវីការពារក្តីឲ្យគណបក្សប្រឆាំងលោក វីរ៉ាតាណា កាល្យាស៊ីរី។
កាលថ្ងៃអង្គារកន្លងទៅ លោក អាភីស៊ីត វាចាជីវ៉ា អតីនាយករដ្ឋមន្រ្តីថៃ បានអំពាវនាវពីចម្ងាយ ដោយទទូចឲ្យអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីចាំផ្ទះបច្ចុប្បន្ន ឲ្យទទួលយកនូវលទ្ធផលនៃការពិតជាក់ស្តែង។ ការពិតដែលលោកចង់សំដៅថា ការរៀបចំការបោះឆ្នោតកាលពីថ្ងៃទៅ ០២ ខែកុម្ភៈកន្លងទៅ មិនបានទទួលជោគជ័យនោះទេ ហើយរដ្ឋាភិបាល គួរតែយល់ព្រមលុបនូវការបោះឆ្នោតនេះចោលជាមោឃៈ។
សម្រាប់មេដឹកនាំកំពូលបក្សប្រឆាំងរូបនេះ ការបោះឆ្នោតនេះ គឺជាការបោះឆ្នោតមួយដែលពោពេញដោយភាពមិនប្រក្រតី ការលួចបន្លំ ពីព្រោះថា ការបោះឆ្នោតនោះ រៀបចំដោយក្រុមមនុស្សជាបក្សពួករបស់លោកស្រី យីងឡាក់។ លោកបន្តថា ការបោះឆ្នោតសកលមួយរបស់ជាតិទាំងមូល ត្រូវតែរៀបចំឡើងដោយស្ថាប័នមួយអព្យាក្រឹត្យជាដាច់ខាត។ លើសពីនេះទៅទៀត ប្រទេសថៃបច្ចុប្បន្នកំពុងតែមានការបែកបាក់ជាច្រើនក្រុម ដែលតម្រូវឲ្យធ្វើការទម្រង់ជាតិជាមុនសិន ទើបអាចរៀបចំការបោះឆ្នោតបាន ដោយមិនមានការរារាំង។
ការបោះឆ្នោតថ្ងៃទី ២ ខែកម្ភៈ កន្លងទៅ គណបក្សប្រជាធិតេយ្យថៃ បានធ្វើពហិការមិនចូលរួមនោះទេ។ ក្នុងអំឡុងថ្ងៃបោះឆ្នោត ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃ បានប្រមូលផ្តុំគ្នាដើម្បីរារាំងដំណើរការបោះឆ្នោត ដែលបានបណ្តាលឲ្យការិយាល័យបោះឆ្នោត នៅទូទំាងប្រទេសថៃប្រមាណជាង ១០ ភាគរយមិនអាចបោះឆ្នោតបានឡើយ។ ការណ៍នេះ បានធ្វើឲ្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុងប្រទេសថៃ កាលពីថ្ងៃអង្គារកន្លងទៅ បានសម្រេចបោះឆ្នោតសភាម្តងទៀត នៅក្នុងការិយាល័យដែលមិនបានបោះឆ្នោតទាំង ១០ ភាគរយនោះ ចំនួន២ថ្ងៃ គឺនៅថ្ងៃទី ២០ និងថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០១៤ ខាងមុខ៕
-------------------------------------------------
ដោយ ជា ធីរិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០១៤