អតីតនាយករដ្ឋមន្ត្រី យីងឡាក់ រងការជាប់គុក ៥ឆ្នាំ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 27, 2017
- ប្រធានបទ: នយោបាយថៃ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តុលាការកំពូលថៃ ក្នុងរាជធានីបាងកក បានប្រកាសសាលក្រម ក្នុងថ្ងៃពុធទី២៧ ខែកញ្ញានេះ សម្រេចផ្ដន្ទាទោសអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ដោយកំបាំងមុខ ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ពីបទធ្វេសប្រហែល ក្នុងការប្រើប្រាស់ថវិការដ្ឋ នៅក្នុងនយោបាយឧបត្ថម្ភស្រូវអង្ករ ។ សាលក្រមនេះ ក៏ជាសញ្ញាមួយ ក្នុងការដាក់បញ្ចប់ជីវិតនយោបាយ របស់អ្នកស្រីដែរ។
អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានគេចខ្លួនចេញពីប្រទេសថៃ កាលពីចុងខែកន្លងទៅ នៅខណៈពេល ដែលសវនាការកាត់ទោសអ្នកស្រី ជិតឈានដល់ទីបញ្ចប់ និងត្រូវបានគេមើលឃើញ កាន់តែច្រើនឡើងថា ជាសវនាការ ដែលមានលក្ខណៈ«នយោបាយ»។
ចៅក្រមម្នាក់បានប្រកាសសាលក្រមនេះ នៅចំពោះក្រុមអ្នកសារព័ត៌មានថា៖ «តុលាការបានរកឃើញថា ជនសង្ស័យ (អ្នកស្រី យីងឡាក់) ពិតជាមានកំហុស ហើយបានសម្រេចផ្ដន្ទាទោសជនសង្ស័យរូបនេះ ឲ្យជាប់នៅក្នុងពន្ធនាគារ ចំនួន៥ឆ្នាំ»។
បើតាមក្រុមមេដឹកនាំយោធាថៃ ដែលបាន និងកំពុងកាន់អំណាច រាប់ចាប់តាំងពីថ្ងៃធ្វើរដ្ឋប្រហារ ទម្លាក់អ្នកស្រីចេញពីអំណាច ក្នុងឆ្នាំ២០១៤នោះមក បានចាត់ទុកនយោបាយ ឧបត្ថម្ភស្រូវអង្ករ សម្រាប់ពលរដ្ឋថៃ នៅខណៈពេល ដែលអ្នកស្រីកាន់អំណាចនោះ ថាបានធ្វើឲ្យបាត់បង់ថវិការដ្ឋ រាប់សិបពាន់លានដុល្លារអាមេរិក។
នៅក្រោយការប្រកាសសាលក្រម គេមិនឃើញមានរលកចលនាប្រឆាំង នឹងសាលក្រម បានផ្ទុះឡើង ពីសំណាក់ក្រុមអាវក្រហម សមាជិកគណបក្សប្រឆាំង និងក្រុមអ្នកគាំទ្រគ្រួសារ ស៊ីណាវ៉ាត្រា នោះទេ។ ភាពស្ងប់ស្ងៀមនេះ ទំនងជាបណ្ដាលមកពីអវត្តមាន របស់អ្នកស្រី យីងឡាក់ នៅក្នុងប្រទេស ដែលអ្នកវិភាគមួយចំនួនគិតថា អ្នកស្រីត្រូវបានអាជ្ញាធរយោធាខ្លួនឯង ជួយឲ្យគេចខ្លួន ចេញពីប្រទេស ដើម្បីចៀសវាងការងើបឡើងតវ៉ា ពីសំណាក់ពលរដ្ឋ នៅក្នុងប្រទេស។
មកដល់ម៉ោងនេះ គ្មានស្លាកស្នាម ជាផ្លូវការណាមួយ បានបង្ហាញពីវត្តមាន របស់អ្នកស្រី យីងឡាក់ ថាកំពុងស្ថិតនៅទីណា នោះទេ។ តែបើតាមអ្នកជិតស្និតរបស់អ្នកស្រី បានអះអាងថា អ្នកស្រីទំនងជាស្ថិត ក្នុងរាជធានី ឌុយបៃ នៃសហព័ន្ធអេមីរ៉ា អារ៉ាបរួម។ នៅទីនោះ បងប្រុសអ្នកស្រី គឺលោក ថាក់ស៊ីន ស៊ីនណាវ៉ាត្រា (Thaksin Shinawatra) មានគេហដ្ឋានមួយ ដ៏ស្កឹមស្កៃ៕