មហាក្សត្រថៃ សុំអោយមានការរួបរួមជាតិ សម្រាប់ខួបទី៨៥ព្រះវស្សា
ព្រះមហាក្សត្រថៃ ព្រះចៅ ភូវិបុល អាឌុលយ៉ាដេត បានស្នើសុំអោយមាន សាមគ្គីភាព និងលំនឹងភាព សម្រាប់ប្រទេសរបស់ទ្រង់ នៅក្នុងព្រះរាជសង្កថាមួយ នៅពីមុខបណ្ដាជន រាប់សិបម៉ឺននាក់ កាលពីថ្ងៃពុធទី៥ធ្នូនេះ ធ្វើក្នុងឱកាសព្រះរាជពិធី ចម្រើនព្រះជន្ម ៨៥ព្រះវស្សារបស់ព្រះអង្គ។
អ្នកមានស្វាមីភ័ក្រ នឹងព្រះចៅ ភូវិបុល អាឌុលយ៉ាដេត បង្ហាញរូបរបស់ទ្រង់។ រូបថត Xinhua/Rachen Sageamsak ។
រូបភាពពីលើអាកាស បញ្ចាំងតាមទូរទស្សន៍ បានបង្ហាញអោយឃើញពី ហ្វូងមនុស្សយ៉ាងធំសម្បើម ពាក់អាវពណ៌លឿង ដែលជា ពណ៌នៃរាជានិយម កំពុងប្រមូលគ្នាពពាក់ពពូន ទៅមើលក្បួនដង្ហែររបស់ព្រះមហាក្សត្រ និងរងចាំស្ដាប់ ព្រះរាជបន្ទូលដ៏ខ្លីមួយ នៃ ព្រះមហាក្សត្រអង្គនេះ ដែលបានគ្រងរាជ្យលើបល្ល័ង្គ បានយូរជាងគេក្នុងពិភពលោក (៦៦ឆ្នាំ)។ ប្រភពពីខាងនគរបាល បាននិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន ២០០ ០០០នាក់ បានមកជួបជុំគ្នានៅនឹងទីលាននោះ។
ព្រះអង្គ ត្រូវបានប្រជាជនថៃគោរព ប្រៀបបាននឹងព្រះអាទិទេព ហើយនៅលើបរិបទនយោបាយនៃប្រទេសរបស់ព្រះអង្គ ដែលកំពុងជួបនូវភាពប្រេះឆានោះ ព្រះអង្គគឺជា«ស៊ីម៉ង់»ដែលផ្សាភ្ជាប់ពួកអ្នកនយោបាយឈ្លោះគ្នា អោយរួបរួមគ្នាវិញ។ ព្រះអង្គមានបន្ទូលថា «បំណងល្អដែលអ្នករាល់គ្នា បានធ្វើអោយឃើញនៅថ្ងៃនេះ បានអោយកម្លាំងចិត្តដល់ខ្ញុំ និងធ្វើអោយខ្ញុំទុកចិត្ត ក្នុងលក្ខណៈមួយ ដែលសមានចិត្តរបស់អ្នក ក្លាយជាគន្លឹដ៏សំខាន់ សម្រាប់នាំយក នូវការបង្រួបបង្រួម ទៅអោយប្រជាជន និងទៅដល់ជាតិ»។
«ប្រសិនបើរាស្ត្រថៃ មានភាពសុខសាន្ដ សម្បូររុងរឿងនោះ វានឹងមានក្ដីសង្ឃឹម ពីសន្តិសុខ និងលំនឹងភាព បើទោះជាប្រទេសមានស្ថានភាព បែបសព្វថ្ងៃនេះក៏ដោយ។» ព្រះអង្គមានបន្ទូលបន្ថែម ពីរានហាលនៃ ប្រាសាទរាជាបល្ល័ង្គ នៅពីមុខទីលានព្រះរាជា ដែលមានបណ្ដាជនឈរស្ដាប់នៅទីនោះ។
កាលពីខែមុន បណ្ដាជន អ្នករាជា«ជ្រុល»និយម ប្រមាណជា ២០ ០០០នាក់ បានធ្វើបាតុកម្ម នៅលើទីលាននេះដដែល ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល របស់លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ត្រា ប្អូនស្រីបង្កើតរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីនណាវ៉ាត់ត្រា ដែលត្រូវគេធ្វើរដ្ឋប្រហាទម្លាក់ពីតំណែង នៅឆ្នាំ២០០៦។ តាំងពីពេលនោះមក ប្រទេសថៃបានធ្លាប់ចុះក្នុងវិបត្តិនយោបាយ ដែលបានបែងចែករវាងអ្នកមានស្វាមីភ័ក្រ នឹងលោកអតីតនាយករដ្ឋមន្ត្រីនេះ និងក្រុមអ្នកប្រឆាំងដែលបានចាត់ទុកថា លោកថាក់ស៊ីន ជាការគម្រាមកំហែង ដល់រាជានិយម។
ព្រះញាតិវង្សនៃប្រទេសថៃ មិនមានអំណាចនៅក្នុងរដ្ឋធម្មនុញ្ញទេ តែមានឥទ្ធិពលយ៉ាងខ្លាំង សម្រាប់ការប្រព្រឹត្តិទៅ នៃរាល់យន្ដការក្នុងប្រទេស ជាពិសេសក្នុងជួរកងទ័ពជាតិ។ ព្រះមហាក្សត្រ ក្នុងប្រទេសនេះ ត្រូវបានការពារដោយច្បាប់ ដ៏តឹងតែងមួយ ដែលហាមមិនអោយនរណាម្នាក់ ប៉ះពាល់ ឬបំពារបំពាន លើព្រះអង្គបានឡើង ដែលធ្វើអោយមានការជជែកវែកញែក យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន។
គួរបញ្ជាក់ថា ព្រះមហាក្សត្រីយ៉ានី ស៊ីរីគិត មិនបានចូលរួម នៅក្នុងពិធីចម្រើនព្រះជន្មរបស់ ព្រះស្វាមីរបស់ទ្រង់ទេ។ ព្រះរាជវាំង បានប្រកាសថា មូលហេតុសុខភាព មិនបានអនុញ្ញាតិអោយទ្រង់បានចូលរួម។ ព្រះចៅ ភូវិបុល អាឌុលយ៉ាដេត អង្គឯង ទ្រង់ក៏ធ្លាប់គង់ក្នុងមន្ទីពេទ្រ ដើម្បីពិនិត្យព្រះរោគ តាំងពីខែកញ្ញាឆ្នាំ២០០៩នោះមកដែរ៕
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ