ស្ថានភាពសុខភាពរបស់ស្ដេចថៃ ស្ថិតក្នុងភាព«បន្ទាន់»
- ដោយ: ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ តុលា ២០១៦
- កែប្រែចុងក្រោយ: October 10, 2016
- ប្រធានបទ: ថៃ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រះបាទ ភូមិបុល អាឌុយ៉ាដេត (Bhumibol Adulyadej) ព្រះមហាក្សត្រថៃ ដែលមានព្រះជន្មាយុ ៨៨ព្រះវស្សា និងដែលកំពុងសម្រាក ព្យាបាលព្រះឈួននៅក្នុងមន្ទីរពេទ្យ តាំងពីពីរឆ្នាំមកនោះ ត្រូវបានដាក់ឲ្យសង្គ្រោះជាបន្ទាន់ ដោយមានជំនួយពីខ្យល់អុកស៊ីសែន សម្រាប់ដកដង្ហើម នៅក្នុងសប្ដាហ៍នេះ។ នេះបើតាមការប្រកាសឲ្យដឹង របស់ព្រះបរមរាជវាំងថៃ កាលពីថ្ងៃអាទិត្យ ដោយបានបញ្ជាក់ទៀតថា ស្ថានភាពសុខភាពរបស់ទ្រង់ មិនមានភាព«នឹងនរ»ទេ។
ព្រះមហាក្សត្រ ភូមិបុល អាឌុយ៉ាដេត ដែលគ្រងរាជ្យតាំងពី៧០ឆ្នាំមកនោះ ទទួលបានការគោរពដ៏ខ្លាំងក្លា ពីសំណាក់ប្រជានុរាស្ត្រថៃ ប៉ុន្តែទ្រង់មិនបានបង្ហាញព្រះកាយជាសាធារណៈ ប្រមាណជា១ឆ្នាំហើយ ដោយសារព្រះរាជសុខភាពរបស់ទ្រង់ បានធ្លាក់ចុះខ្សោយខ្លាំង។
សេចក្ដីប្រកាសព័ត៌មាន របស់ព្រះបរមរាជវាំង បានសរសេរឲ្យដឹងទៀតថា៖ «ក្រុមគ្រូពេទ្យ កំពុងត្រួតពិនិត្យយ៉ាងដិតដល់ នូវអាការៈរោគ ហើយធ្វើការព្យាបាលទ្រង់ ដោយការប្រុងប្រយ័ត្នជាទីបំផុត ដោយសារតែអាការៈរោគ ក្នុងព្រះកាយព្រះអង្គ មានលក្ខណៈមិននឹងនរសោះឡើយ»។
បើទោះជាការប្រកាស របស់ព្រះបរមរាជវាំង ទាក់ទងនឹងព្រះរាជសុខភាព នៃអង្គព្រះមហាក្សត្រ មិនមែនទើបតែត្រូវបានធ្វើ ជាលើកទីមួយក៏ដោយ តែដំណឹងចុងក្រោយនេះ បានបង្កការព្រួយបារម្ភ ទៅដល់ប្រទេសថៃទាំងមូល ជាពិសេសទៅលើអង្គព្រះរាជបុត្ររបស់ទ្រង់ ដែលត្រូវឡើងមកស្នងរាជ្យ។ ព្រះអង្គម្ចាស់ ម៉ាហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) ដែលជារាជទាយាទតាមច្បាប់នោះ មិនមានប្រជាប្រិយភាពប៉ុន្មានទេ នៅក្នុងប្រទេសរបស់ទ្រង់។
» អានអត្ថបទដែលទាក់ទង៖ រាជទាយាទថៃ បង្កភាពអាម៉ាស់ដល់រាជាណាចក្រ
ក្រុមអ្នកអន្ទ្រើសៗ ជាពិសេសក្រុមអាមាត្រថៃ តែងបារម្ភពីការស្រុតចុះ នៃឥទ្ធិពលព្រះមហាក្សត្រ ហើយតែងធ្វើអ្វីគ្រប់យ៉ាង រាប់ទាំងផ្លូវតុលាការផង ដើម្បីបំបាត់សម្លេង ដែលនិយាយប៉ះពាល់ ដល់ព្រះមហាក្សត្រ ឬព្រះញាតិវង្ស (បើសូម្បីសត្វឆ្កែ) តាមរយៈច្បាប់«លិតព្រះបាត»មួយ របស់ព្រះរាជាណាចក្រ។ រដ្ឋប្រហាយោធា នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៤ ក៏ត្រូវបានរៀបចំធ្វើឡើង ដោយក្រុមមេដឹកនាំយោធា ដែលស្និតនឹងព្រះបរមរាជវាំងដែរ មុននឹងក្រុមនេះដដែល ឡើងកាន់អំណាចដោយខ្លួនឯង រហូតមកដល់សព្វថ្ងៃ៕