កាំជ្រួច​​នុយក្លេអ៊ែរ​​រ៉ូស្ស៊ី បាន​មក​ដល់​​មាត់​ទ្វា​​អង្គការ​​«ណាតូ»

កាំជ្រួចប្រភេទ «Iskander» រាប់សិបដើម ដែលមានសមត្ថភាព អាចត្រូវបំពាក់ ដោយគ្រាប់បែកនុយក្លេអ៊ែរ ត្រូវ​បាន​បញ្ជូន​មក​ដាក់ពង្រាយ នៅក្នុងក្រុង «Kaliningrad» ដែលជាទឹកដីរ៉ូស្ស៊ី នៅខាងត្បូងជាប់ប្រទេស លីទួអានី និង​ខាង​កើត ជាប់​នឹងប្រទេសប៉ូឡូញ (តែទឹកដីនេះ ដាច់ដោយឡែក ពីប្រទេសរ៉ូស្ស៊ីធំ)។
កាំជ្រួច​​នុយក្លេអ៊ែរ​​រ៉ូស្ស៊ី បាន​មក​ដល់​​មាត់​ទ្វា​​អង្គការ​​«ណាតូ»
កាំជ្រួចប្រភេទ «Iskander» របស់កងទ័ពរ៉ូស្ស៊ី។ (រូបថតក្រសួង​ការពារជាតិរ៉ូស្ស៊ី)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី១០ តុលា ២០១៦
  • កែប្រែចុងក្រោយ: December 28, 2016
  • ប្រធានបទ: សង្គ្រាមត្រជាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសរ៉ូស្ស៊ី បានបញ្ជូនកាំជ្រួច «Iskander» ជាច្រើនដើម មកកាន់ក្រុង «Kaliningrad» ដែលស្ថិតក្នុង​ទឹកដី​រ៉ូស្ស៊ី ដាច់ដោយឡែកមួយ មាន​ព្រំដែន​នៅជាប់ នឹងប្រទេសសមាជិករបស់អង្គការ នៃ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង (ពាក្យកាត់​ជាភាសា​អង់គ្លេស៖ NATO - និងភាសា​បារាំង៖ OTAN) ចំនួនពីរ៖ ប្រទេសប៉ូឡូញ និង​ប្រទេស​លីទួអានី។

កាំជ្រួច «Iskander» ទាំងនេះ សុទ្ធតែមានសមត្ថភាព អាចត្រូវបំពាក់ដោយក្បាលគ្រាប់នុយក្លែអ៊ែរបាន។ នេះ​បើតាមការប្រកាស របស់ក្រសួងការបរទេស នៃប្រទេសលីទួអានី ដោយបានចាត់ទុក ការដាក់ពង្រាយ​នូវ​កាំជ្រួច​ទាំង​នេះ ថាជាការរំលោភ ទៅលើសន្ធិសញ្ញាអន្តរជាតិ ស្ដីពីអាវុធនុយក្លេអ៊ែរ។

រដ្ឋមន្ត្រីការបរទេស របស់ប្រទេសលីទួអានី លោក «Linas Linkevicius» បានថ្លែងឲ្យដឹងថា៖ «ប្រទេស​រ៉ូស្ស៊ី​បានធ្វើសមយុទ្ធយោធា ដ៏ខ្លាំងក្លាមួយ នៅក្រុង "Kaliningrad" ហើយសេណារីយ៉ូ (Scénario) របស់​ប្រទេស​នេះ គ្រោងនឹងដាក់ពង្រាយ នូវប្រព័ន្ធកាំជ្រួច "Iskander" នៅក្នុងតំបន់ ហើយនឹងប្រើប្រាស់​កាំជ្រួច​​ទាំង​នេះ ក្នុង​ពេល​ខាងមុខ»។

កាំជ្រួចប្រភេទនេះ របស់ប្រទេសរ៉ូស្ស៊ី អាចបាញ់បានចំងាយ ៧០០គីឡូម៉ែត្រ ដែលជាចំងាយមួយ អាច​លាត​សន្ធឹង​មក​ដល់​រដ្ឋធានីប៊ែរឡាំង របស់ប្រទេសអាល្លឺម៉ង់ ប្រសិនជាកាំជ្រួច ត្រូវបានបាញ់ចេញ ពីខេត្ត​រ៉ូស្ស៊ី​មួយ​នេះ។ លោក​រដ្ឋមន្ត្រី «Linas Linkevicius» បានថ្លែងរំពឹងថា ប្រទេសរ៉ូស្ស៊ីកំពុងរៀបចំផែនការ​នេះ​ឡើង ដើម្បី​«ទាមទារ​នូវ​សម្បទាន​អ្វី​មួយ ពីលោកខាងលិច»។

ដើម្បីហ្វឹកហាត់ប៉ុណ្ណោះ...

ដោយឡែក ក្រសួងការពារជាតិ របស់ប្រទេសរ៉ូស្ស៊ីវិញ បានទាត់ចោល ការព្រួយបារម្ភទាំងឡាយ ពីសំណាក់​ក្រុម​ប្រទេស នៅបស្ចឹមលោក។ អ្នកនាំពាក្យរបស់ក្រសួង បានថ្លែងឲ្យដឹងថា៖ «ការបញ្ជូនកាំជ្រួចខាងលើ ទៅ​កាន់​ក្រុង "Kaliningrad" ត្រូវបានធ្វើ ជាច្រើនដងរួចមកហើយ និងនៅតែបន្តបញ្ជូន ទៅកាន់ទីនោះទៀត សម្រាប់​ក្របខណ្ឌ នៃការហ្វឹកហាត់យុទ្ធសាស្ត្រ របស់កងទ័ពរ៉ូស្ស៊ី»។

អ្នកនាំពាក្យរ៉ូស្ស៊ី បានបន្តទៀតថា ករណីនេះ ជាការហ្វឹកហាត់​ក្បួនធ្វើសឹកសុទ្ធសាធ ដែលកងទ័ពរ៉ូស្ស៊ី នៅ​គ្រប់​ទិសទី​ទាំងអស់ ចាំបាច់ត្រូវបង្កើតសមត្ថភាពរបស់ខ្លួន។ លោកថា កងទ័ពនៅក្នុង​តំបន់ «Kaliningrad» មិន​មាន​អ្វី​ពិសេស ខុសពីកងទ័ពដែលឈរជើង នៅតំបន់ដទៃនោះទេ។

ក្រុមអ្នកសង្កេតការណ៍ នៅក្នុងតំបន់ បានមើលឃើញថា តាំងពីវិបត្តិនៅក្នុងប្រទេស​អ៊ុយក្រែន បាន​កើត​ឡើង នៅ​ឆ្នាំ​២០១៤​នោះ​មក ប្រទេសរ៉ូស្ស៊ីបានបង្ហាញ សាច់ដុំយោធារបស់ខ្លួន ជាញឹកញាប់ ជាពិសេស​តាម​រយៈ​ការ​ហ្វឹកហាត់ ឬ​ការ​ធ្វើ​សមយុទ្ធ​នៅក្នុង​តំបន់ ដែលសុទ្ធសឹងជាព្រំដែន របស់ប្រទេសសមាជិកនៃ​អង្គការ​សន្ធិសញ្ញា​​អាត្លង់ទិក​​ខាង​ជើង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...