ប្រមុខ​ការទូត​អ៊ឺរ៉ុប​ថា កម្ពុជា​នឹង​គ្មាន​ការ​អភិវឌ្ឍន៍​ទេ បើ​គ្មាន​សិទ្ធិ​មនុស្ស​និង​លទ្ធិ​​ប្រជាធិបតេយ្យ

អ្នកស្រី ហ្វេដើរីកា ម៉ូហ្គេរីនី (Federica Mogherini) តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួល​បន្ទុក​កិច្ចការ​បរទេស និងនយោបាយសន្តិសុខ បានថ្លែងជាផ្លូវការ នៅចំពោះសភាអ៊ឺរ៉ុប ក្នុងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ចាត់ទុកព្រឹត្តិការណ៍ចាប់ចងប្រធានគណបក្សប្រឆាំង នៅកម្ពុជា ថាជាការវិវត្តន៍ផ្នែកនយោបាយមួយ ដ៏សែនគ្រោះថ្នាក់។ អ្នកស្រីបានថ្លែងបញ្ជាក់ ដោយប្រើភាសាការទូត ថាកម្ពុជានឹងគ្មានការអភិវឌ្ឍន៍ ប្រកបដោយចិរភាពទេ បើសិនជាគ្មានសិទ្ធិមនុស្ស និងការធានាពីលទ្ធិប្រជាធិបតេយ្យ។
ប្រមុខ​ការទូត​អ៊ឺរ៉ុប​ថា កម្ពុជា​នឹង​គ្មាន​ការ​អភិវឌ្ឍន៍​ទេ បើ​គ្មាន​សិទ្ធិ​មនុស្ស​និង​លទ្ធិ​​ប្រជាធិបតេយ្យ
ពីឆ្វេងទៅស្ដាំ៖ អ្នកស្រី ហ្វេដើរីកា ម៉ូហ្គេរីនី តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួល​បន្ទុក​កិច្ចការ​បរទេស និងនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការ​ នៃសហភាពអ៊ឺរ៉ុប និងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: October 06, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅចំពោះកិច្ចប្រជុំវិសាមញ្ញា និងបន្ទាន់ របស់សភាអ៊ឺរ៉ុប ក្នុងក្រុងស្ត្រាប៊ួរ៍ (Strasbourg) ភាគខាងកើត​ប្រទេសបារាំង ក្នុងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ប្រមុខការទូតរបស់សហភាពអ៊ឺរ៉ុប អ្នកស្រី ហ្វេដើរីកា ម៉ូហ្គេរីនី (Federica Mogherini) បានធ្វើប្រតិកម្មជាផ្លូវការ តាមបែបការទូត តែមានលក្ខណៈចំៗ ចំពោះព្រឹត្តិការណ៍នយោបាយចុងក្រោយ ដែលបានកើតឡើង នៅក្នុងប្រទេសកម្ពុជា។ 

អ្នកស្រី ហ្វេដើរីកា ម៉ូហ្គេរីនី តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួល​បន្ទុក​កិច្ចការ​បរទេស និងនយោបាយសន្តិសុខ (ឬហៅម្យ៉ាងទៀត ជារដ្ឋមន្ត្រីការបរទេស-សន្តិសុខ របស់សហភាពអ៊ឺរ៉ុប) និងជាអនុប្រធានគណៈកម្មការ​ នៃសហភាពអ៊ឺរ៉ុប បានថ្លែងវាយតម្លៃ ចំណាត់ការចាប់ចង ប្រឆាំងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីសំណាក់អាជ្ញាធររដ្ឋាភិបាលកម្ពុជា ថាជាការវិវត្តន៍ផ្នែកនយោបាយ ដ៏សែនគ្រោះថ្នាក់ និងជាការប៉ុនប៉ងបន្ថែមទៀត ក្នុងការរឹតបន្តឹងលំហ សម្រាប់កិច្ចពិភាក្សា តាមបែបប្រជាធិបតេយ្យ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសម្រាប់អង្គការសង្គមស៊ីវិល នៅមុនការបោះឆ្នោតជាតិ ឆ្នាំ២០១៨មកដល់។

ខាងក្រោមនេះ ជាដំណកស្រង់ទាំងស្រុង បកប្រែក្រៅផ្លូវការជាខេមរភាសា នៃសុន្ទរកថារបស់អ្នកស្រី​ប្រមុខការទូតអ៊ឺរ៉ុប នៅក្នុងកិច្ចប្រជុំរបស់សភាអ៊ឺរ៉ុប៖

------

ពិតណាស់ហើយថា សប្ដាហ៏កន្លងទៅនេះ (Editor's note: សប្ដាហ៍ដើមដំបូង នៃខែកញ្ញា ឆ្នាំ២០១៨) ជាសប្ដាហ៍ដ៏គួរឲ្យសោកស្ដាយ សម្រាប់លទ្ធិប្រជាធិបតេយ្យដ៏ផុយស្រួយ នៅកម្ពុជា - ជាសប្ដាហ៍ដ៏គួរឲ្យសោកស្ដាយ សម្រាប់សេរីភាព នៃសារព័ត៌មាន និងដូចលោកអ្នកច្រើននាក់ បានថ្លែងមុននេះដែរ គឺជាសប្ដាហ៍ដ៏គួរសោកស្ដាយ សម្រាប់ប្រជាជនកម្ពុជា។

ការចាប់ខ្លួន មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា នៅថ្ងៃទី៣ ខែកញ្ញា និងការបិទសារព័ត៌មាន «The Cambodia Daily» នៅថ្ងៃបន្ទាប់ បានបន្ថែមការវិវត្តន៍ថ្មីទៀត ទៅក្នុងបញ្ជីព្រឹត្តិការណ៍ ដ៏ធ្ងន់ធ្ងរ និងដ៏វែងអន្លាយ នៅក្នុងប្រទេសកម្ពុជា។ ទាំងនេះ រួមមានការរឹតបន្តឹងជាបន្តបន្ទាប់  ទៅលើសេរីភាពនៃការបញ្ចេញមតិ ការបិទស្ថានីយ៍វិទ្យុ ការចាប់ខ្លួនសមាជិកគណបក្សប្រឆាំង (CNRP) និងមន្ត្រីសំខាន់ៗ របស់អង្គការសង្គមស៊ីវិល។

វាច្បាស់ណាស់ហើយ ថាព្រឹត្តិការណ៍នេះ ជាការវិវត្តន៍ផ្នែកនយោបាយមួយទៀត ដ៏សែនគ្រោះថ្នាក់ ហើយវាបានបង្ហាញឲ្យឃើញ ពីការប៉ុនប៉ងបន្ថែមទៀត ក្នុងការរឹតបន្តឹងលំហ សម្រាប់កិច្ចពិភាក្សា តាមបែបប្រជាធិបតេយ្យ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសម្រាប់អង្គការសង្គមស៊ីវិល នៅមុនការបោះឆ្នោតជាតិ ឆ្នាំ២០១៨មកដល់។

ការប្រើប្រាស់ម្ដងហើយម្ដងទៀត នូវនីតិវិធីតុលាការ ប្រឆាំងនឹងក្រុមអ្នកនយោបាយប្រឆាំង និងមន្ត្រីសំខាន់ៗ របស់អង្គការក្រៅរដ្ឋាភិបាល ត្រូវបានចាត់ទុកយ៉ាងទូលំទូលាយ ថាមានមូលហេតុនយោបាយ នៅពីក្រោយ។

សម្រាប់ភាគីយើង (Editor's note: សហភាពអ៊ឺរ៉ុប) ដូចលោកអ្នកបានដឹង បានធ្វើការកត់សម្គាល់ និងបានទទួលស្គាល់រួចហើយថា សហភាពអ៊ឺរ៉ុបបានទទូច ទៅអាជ្ញាធរកម្ពុជា ឲ្យធ្វើការដោះលែងលោក កឹម សុខា ជាបន្ទាន់។

កាលពីដើមឆ្នាំនេះ យើងបានអះអាង​យ៉ាងច្បាស់លាស់ ពីសម្លេងរបស់យើង នៅពេលដែលកម្ពុជា បានធ្វើវិសោធនកម្មចំនួនពីរដង ទៅលើច្បាប់ស្ដីពីគណបក្សនយោបាយ ដោយដាក់បញ្ចូល នូវវិធានការជាច្រើន ដែលអនុញ្ញាតឲ្យរំលាយគណបក្សប្រឆាំង តាមតែទំនើងចិត្ត។ សកម្មភាពបែបនេះ ប្រឆាំងគណបក្សប្រឆាំង នឹងធ្វើឲ្យល្អក់កករ ដល់ការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ហើយនឹងបង្កក្ដីមន្ទិល ដល់ភាពស្របច្បាប់ នៃការបោះឆ្នោត។

ចំពោះការបោះឆ្នោតវិញ លោកអ្នកដឹងហើយថា សហភាពអ៊ឺរ៉ុបានផ្ដល់ជំនួយ ១០លានអ៊ឺរ៉ូ សម្រាប់ធ្វើកំណែទម្រង់ ការបោះឆ្នោត ជាពិសេសទៅលើដំណើរការ នៃការចុះឈ្មោះអ្នកបោះឆ្នោត។ យើងបានធ្វើការយ៉ាងស្អិតរមួត ជាមួយនឹងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត របស់កម្ពុជា ដើម្បីជួយជំរុញ កំណែទម្រង់ខាងលើនេះ។

ជំនួយរបស់យើង ក៏រាប់បញ្ចូលផងដែរ ទាំងជំនួយផ្នែកបច្ចេកទេស លើវិស័យអប់រំច្បាប់ និងស៊ីវិល និងជំនួយដល់ការឃ្លាំមើលក្នុងស្រុក ចំពោះការបោះឆ្នោត ព្រមទាំងដល់​ការត្រួតពិនិត្យ ចំពោះអំពើហឹង្សាទាំងឡាយ ដែលទាក់ទងនឹងការបោះឆ្នោត។

យើងនឹងតាមដានយ៉ាងដិតដល់ នូវការធ្វើបច្ចុប្បន្នភាព នៃបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលបានចាប់ផ្ដើមធ្វើ នៅថ្ងៃទី១ ខែកញ្ញា កន្លងមក។ ហើយយើងក៏បានដាក់ពង្រាយ ក្នុងប្រទេសកម្ពុជាផងដែរ នូវបេសកកម្ម នៃអ្នកឯកទេសខាងការបោះឆ្នោត របស់សហភាពអឺរ៉ុប ដើម្បីតាមឃ្លាំងមើល ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនា។ ដោយមានការសម្របសម្រួល យ៉ាងជិតស្និទ្ធ ជាមួយស្ថានទូតសហភាពអឺរ៉ុប និងសមាជិកនៃសហគមន៍​អន្តរជាតិ​ផង​នោះ គណៈប្រតិភូសហភាពអឺរ៉ុប ដែលលោកអ្នកមួយចំនួន បានលើកឡើងនោះ បានបញ្ជូនអ្នកសង្កេតការណ៍ការទូត ទៅកាន់ការិយាល័យបោះឆ្នោត នៅថ្ងៃបោះឆ្នោត។

យើងបានជំរុញជាបន្តបន្ទាប់ ដល់អាជ្ញាធរកម្ពុជា ឱ្យចាត់វិធានការចាំបាច់ ដើម្បីធានាឱ្យបាន នូវលក្ខខណ្ឌសម្រាប់ការបោះឆ្នោត ដែលអាចជឿទុកចិត្តបានប្រកបដោយតម្លាភាព និងគ្រប់ជ្រុងជ្រោយ ដែលលទ្ធផលចេញពីការបោះឆ្នោត ទទួលបានទំនុកចិត្ត របស់ម្ចាស់ឆ្នោត។

សហភាពអឺរ៉ុប ក៏បានសម្តែងការព្រួយបារម្ភ យ៉ាងជ្រាលជ្រៅ ចំពោះការអនុម័តយល់ព្រម ដោយរដ្ឋសភាកម្ពុជា ក្នុងការធ្វើវិសោធនកម្ម ទៅលើច្បាប់ស្តីពីគណបក្សនយោបាយ ដូចដែលខ្ញុំបាននិយាយមុននេះ ហើយខ្ញុំបានឮ នូវការពិចារណារបស់លោកអ្នក ទៅលើលទ្ធភាព ក្នុងការបញ្ជូនបេសកកម្មមួយផ្នែកទៀត របស់សហភាពអ៊ឺរ៉ុប ដែលមានជំនាញ ខាងការសង្កេតការណ៍បោះឆ្នោត សម្រាប់ការបោះឆ្នោតលើកក្រោយៗ នៅកម្ពុជា។ ប្រសិនបើស្ថានភាពនយោបាយ មានភាពប្រសើរ សម្រាប់ដំណើរការបោះឆ្នោតមួយ ដែលអាចជឿទុកចិត្តបាន ហើយប្រសិនបើត្រូវបានអញ្ជើញ ដោយរដ្ឋាភិបាលកម្ពុជានោះ សហភាពអឺរ៉ុបនឹងត្រៀមខ្លួនពិចារណា ជុំវិញការដាក់ពង្រាយបេសកកម្មសង្កេតការណ៍បោះឆ្នោត របស់សហភាពអឺរ៉ុប សម្រាប់ការបោះឆ្នោតជាតិ ដែលគ្រោងធ្វើ នៅខែកក្កដាឆ្នាំក្រោយ។

ខ្ញុំជឿថា ការជឿនលឿនផ្នែកនយោបាយ នៅក្នុងសប្តាហ៍ និងខែខាងមុខនេះ វាគឺជាកត្តាដ៏សំខាន់ ក្នុងការវាយតំលៃ សម្រាប់ការដាក់ពង្រាយ ជាយថាហេតុ​របស់យើង។

លើបញ្ហាមួយទៀត ដែលមានសារៈសំខាន់ដែរ - សហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួន មានមោទនភាព ក្នុងការជួយស្ថាបនាឡើងវិញ និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ចាប់តាំងពីពេលដំបូងមក។ យើងមានកញ្ចប់ថវិកាដ៏សំខាន់មួយ នៃកិច្ចសហប្រតិបត្តិការរបស់យើង សម្រាប់ការអភិវឌ្ឍន៍ ជាមួយប្រទេសកម្ពុជា ដែលធ្វើឡើង ក្នុងក្របខណ្ឌនៃកម្មវិធីសហប្រតិបត្តិការ ពហុប្រចាំឆ្នាំ សម្រាប់រយៈពេលពីឆ្នាំ ២០១៤ ដល់ឆ្នាំ២០២០។ រាល់កម្មវិធីរបស់យើងទាំងអស់ត្រូវបានអនុវត្ត ក្រោមលក្ខខណ្ឌនៃការត្រួតពិនិត្យយ៉ាងដិតដល់ និងឈរលើមូលដ្ឋាន នៃការសន្ទនាផ្នែកនយោបាយ និងគោលនយោបាយជាមួយរដ្ឋាភិបាលកម្ពុជា។

ការគោរពសិទិ្ធមនុស្ស គោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ គឺជាធាតុគ្រឹះដ៏សំខាន់ នៅក្នុងគោលនយោបាយអភិវឌ្ឍន៍របស់យើង ហើយនៅក្នុងបរិបទនេះ គោលការណ៍ទាំងអស់ខាងលើ ត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់។

កិច្ចសហប្រតិបត្តិការរបស់យើង សម្រាប់ការអភិវឌ្ឍន៍ ជាមួយប្រទេសកម្ពុជា ធ្វើឡើងសម្រាប់រយៈពេលវែង ហើយខ្ញុំត្រូវជម្រាបលោកអ្នក ឲ្យច្បាស់ថា ការពិចារណាលើការព្យួរជាយថាហេេតុ ចំពោះកិច្ចសហប្រតិបត្តិការរបស់យើងទាំងនេះ នឹងត្រូវធ្វើការវាយតម្លៃ ដោយយកចិត្តទុកដាក់បំផុត ជុំវិញផលប៉ះពាល់របស់វា ជាពិសេសទៅលើជីវភាព របស់ប្រជាជនក្រីក្រ និងប្រជាជនដែលងាយរងគ្រោះ ព្រមទាំងផលប៉ះពាល់ ពីការទទួលបានការសិក្សាកាន់តែប្រសើរ សម្រាប់កុមារ ដែលជាអាទិភាពទីមួយរបស់យើង សម្រាប់ជួយប្រជាជនកម្ពុជា។

ប្រជាជនកម្ពុជាមួយផ្នែកធំ នៅតែមានភាពងាយរងគ្រោះ ជាទីបំផុត ហើយយើងនឹងបន្តតាមដានយ៉ាងដិតដល់ នូវស្ថានភាពនេះ ព្រមទាំងប្រើប្រាស់ នូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់យើង ដើម្បីកែលំអស្ថានភាពរបស់ប្រជាជន។

ប្រទេសកម្ពុជា ទទួលបានសិទ្ធិអនុគ្រោះ ឲ្យនាំចូលក្នុងទីផ្សារអឺរ៉ុប ក្នុងក្របខណ្ឌនៃកម្មវិធី "អ្វីៗគ្រប់យ៉ាងក្រៅពីអាវុធ" ដែលបានដើរតួនាទី ជាអ្នកជំរុញដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ហើយលោកអ្នកប្រហែលជាមានការភ្ញាក់ផ្អើល ទោះបីអ៊ឺរ៉ុប-កម្ពុជាស្ថិតនៅឆ្ងាយពីគ្នាក៏ដោយ តែសហភាពអឺរ៉ុប គឺជាលំហទីផ្សារនាំចេញធំបំផុត របស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។

ប៉ុន្តែយើងជឿផងដែរ ដូចដែលខ្ញុំបាននិយាយមុននេះ ថាវាមិនអាចមានការអភិវឌ្ឍ ប្រកបដោយចីរភាពបានឡើយ បើគ្មានសិទ្ធិមនុស្ស ហើយគ្មានការធានា ពីលទ្ធិប្រជាធិបតេយ្យនោះ។ ដូច្នេះ យើងកំពុងប្រើ ហើយនឹងបន្តប្រើ គ្រប់លទ្ធភាពដែលមាន ដើម្បីទទូច និងធ្វើការផ្លាស់ប្តូរនិន្នាការនយោបាយ នាពេលសព្វថ្ងៃ។

សហភាពអឺរ៉ុបត្រៀមខ្លួន បន្តធ្វើការជាមួយកម្ពុជា ឆ្ពោះទៅរកការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងកំណើនសេដ្ឋកិច្ចមួយ ប្រកបដោយសមធម៌ របស់ប្រទេសនេះ។ ប៉ុន្តែយើងទទូចទៅអាជ្ញាធរ នៃប្រទេសកម្ពុជា ឲ្យចាត់វិធានការចាំបាច់ ដើម្បីធានាថា គ្រប់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ អាចធ្វើសកម្មភាពរបស់ពួកគេ ដោយគ្មានការភ័យខ្លាច ព្រោះវាជាការចាំបាច់ណាស់ នៅក្នុងដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...