ជំនួប​«បិទ​ទ្វា»​នៃ​បក្ស​ទាំង​ពីរ បិទ​បញ្ចប់​ដោយ​«ចាំ​រាយការណ៍​ជូន​មេ»

ក្រោយពីបញ្ចប់នៃកិច្ចប្រជុំបច្ចេកទេសដោយ«បិទទ្វា» នៃមន្រ្តីថ្នាក់កណ្តាល ដែលតំណាងឲ្យគណបក្សនយោបាយធំៗ​ទាំងពីរ មិនបានបង្ហាញនូវលទ្ធិផលជាវិជ្ជមាននៃជំនួបនោះទេ។ ហើយគណបក្សទាំងពីរនេះនៅតែបន្តរលាក់«គំនួច» ពីលទ្ធផលជាក់លាក់សម្រាប់អ្នកសារព័ត៌មាន ក៏ដូចជាសារធារណៈជននោះឡើយ។ នេះមិនមែនជាលើកទីមួយទេ ព្រោះ​ក្នុងពេលកន្លងមក គណបក្សទាំងពីរខាងលើតែងតែ ទាញយកផលចំណេញពីកិច្ចប្រជុំដោយ«បិទទ្វា» តែរៀងៗខ្លួន។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: November 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយពីបញ្ចប់នៃកិច្ចប្រជុំបច្ចេកទេសដោយ«បិទទ្វា» នៃមន្រ្តីថ្នាក់កណ្តាល ដែលតំណាងឲ្យគណបក្សនយោបាយធំៗ​ទាំងពីរ មិនបានបង្ហាញនូវលទ្ធផលជាវិជ្ជមាននៃជំនួបនោះទេ។ ហើយគណបក្សទាំងពីរនេះនៅតែបន្តរលាក់«គំនួច» ដោយមិនបានពន្យល់ពីលទ្ធផលជាក់លាក់ សម្រាប់អ្នកសារព័ត៌មាន ក៏ដូចជាសារធារណៈជននោះឡើយ។ នេះមិនមែន​ជាលើកទីមួយទេ ព្រោះ​ក្នុងពេលកន្លងមក គណបក្សទាំងពីរខាងលើតែងតែ ទាញយកផលចំណេញពីកិច្ចប្រជុំ​ដោយ​«បិទទ្វា»របៀបនេះ តែរៀងៗខ្លួន។


ក្រុមការងារនៃគណបក្សធំទាំងពីរ ចេញមកថ្លែងនៅចំពោះអ្នកសារព័ត៌មាន ថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ថ្លែងក្នុងសន្និសិទ្ធិសារព័ត៌មាន ក្នុងមន្ទីររដ្ឋសភាជាតិ ក្រោយពី«បរាជ័យ»ក្នុងជំហានទីពីរ ដំណាក់ការទី​មួយនេះ តំណាងគណបក្សទាំងពីរខំប្រឹង «ធ្វើជា»ញញឹមដាក់គ្នាទាំងទើសទាល់ ដើម្បីបង្ហាញដល់អ្នកសារព័ត៌មានថា ខ្លួន​ពេញចិត្តនឹងលទ្ធផលនៃកិច្ចប្រជុំ ដែល«គ្មានចំលើយ»នេះខ្លាំងណាស់។

ទាំងលោកព្រំ សុខា រដ្ឋលរខាធិការក្រសួងមហាផ្ទៃមកពីគណបក្សប្រជាជនកម្ពុជា ទាំងលោក យឹម សុវណ្ណ តំណាងរាស្រ្ត​មណ្ឌលភ្នំពេញ មកពីគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ដូចគ្នានូវលទ្ធផលនៃកិច្ចប្រជុំសម្ងាត់(បិទទ្វា) ក្នុងរយៈពេលជាង​បីម៉ោង នៃគណបក្សទាំងពីរ ដែលគ្មានចម្លើយក្នុងសន្និសិទសារព័ត៌មានយ៉ាងខ្លីថា «នឹងនាំយកនូវលទ្ធផលនៃ​កិច្ច​ពិភាក្សា​នេះ ដាក់ជូនថ្នាក់ដឹកនាំដើម្បីធ្វើការសម្រេច ហើយយើងនឹងបន្តរការជួបចចារគ្នា នាពេលក្រោយ​ខាងមុខឆាប់ៗ​នេះ។»

លោកព្រំ សុខា មិនបានបង្ហាញលទ្ធផលពិតប្រាកដនៃកិច្ចប្រជុំនេះទេ តែលោកគ្រាន់តែបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូល​នៃថ្នាក់ដឹកនាំគណបក្សទាំងពីរកាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងទៅនេះ បានឯកភាពគ្នាលើការកែទម្រង់នៃការបោះឆ្នោត សម្រាប់ពេល«ខាងមុខ»។

ឯបញ្ហាដែលមិនបានឯកភាពគ្នាទាំងស្រុងនោះ នឹងបន្តរដោះស្រាយជាបន្តរទៀតនាពេលក្រោយ។ លោកបានបន្តរថា «យើងមិនមែនជាអ្នកសម្រេចនយោបាយចុងក្រោយនោះទេ។ យើងគ្រាន់តែជួបគ្នាដើម្បីជជែកលើបញ្ហាបចេ្ចកទេស មួយ​ចំនួន ដែលថ្នាក់ដឹកនាំកំពូលបានឯកភាពគ្នា ក្នុងពេលកន្លងមកប៉ុណ្ណោះ។»

ឯលោកញឹម សុវណ្ណ វិញបានបញ្ជាក់ថា ការស្វែងរកដំណោះស្រាយរបស់គណបក្សទាំងពីរនេះ ដោយឈរលើយន្តការ​ពីរយ៉ាង ទីមួយបញ្ហា«បច្ចេកទេស» ជាបន្ទុករបស់មន្រ្តីនៃក្រុមការងារបច្ចេកទេស និងទីពីរបញ្ហា«នយោបាយ» ដែលជា​បន្ទុកនៃថ្នាក់ដឹកនាំកំពូល របស់គណបក្សទាំងពីរ។

ទោះជាមានការជជែកជីក សួរដេញដោលពីអ្នកសារព័ត៌មានយ៉ាងណាក្តី តំណាងគណបក្សទាំងពីរមិនបានបង្ហើប នូវ​ចំណុចនៃកិច្ចចចារនោះជា«សាធារណៈ»ទេ ដោយលោកគ្រាន់តែបញ្ជាក់សារជាថ្មីថា «ការកែទម្រង់ស្ថាប័នជាតិសំខាន់ៗ ឲ្យមានការស៊ីជំរៅ»ប៉ុណ្ណោះ។

លោក យឹម សុវណ្ណ មកពីគណបក្សសង្គ្រោះជាតិ នៅបានប្រកាសជាសាធារណៈនូវជំហររបស់គណបក្សថា «ដរាប​ណា​មិនទាន់មានអ្វីដែលជាផែនការសកម្មភាពច្បាស់លាស់ គឺគណបក្សសង្គ្រោះជាតិសូមប្រកាសជូនសាធារណៈជនថា អត់​មានការចូលប្រជុំសភាជាដាច់ខាត។ (...) បញ្ហាបាតុកម្ម ជាលទ្ធភាពចុងក្រោយ ដែលយើងត្រូវធ្វើការពិចារណា​នៅពេល​ក្រោយ។ (...) ឲ្យតែមធ្យោបាយណាដែលអាចជួយប្រទេសជាតិ ការពារផលប្រយោជន៍ប្រជាពលរដ្ឋបាន​យើងនឹងខិតខំ​ប្រឹងធ្វើ។»

ទំនងជាមានការ«អន់ចិត្ត»នឹងការលើកឡើងរបស់លោក យឹម សុវណ្ណ ខាងលើនេះ លោក ព្រំ សុខា ក៏បានឡើងមក​បញ្ជាក់​ដោយខ្លីពីកិច្ចជំនួបនេះថា «យ៉ាងហោចណាស់ការជួបគ្នានេះ ជាយន្តការមួយ ដែល បានឯកភាពកាល​ពីប្រជុំ​ថ្នាក់​កំពូល នៅត្រង់ចំណុចទីពីរថា បង្កើតយន្តការដើម្បីកំណែរទម្រង់ការបោះឆ្នោតនាពេលខាងមុខ។ (...) ការជួបគ្នានេះ គឺជា​រូបភាព​មួយនៃយន្តការ ជួបគ្នាដើម្បីជជែកគ្នាពីការកែទម្រង់។ (...) យើងបានជជែកគ្នាលើបញ្ហាមួយចំនួន​ដែលយើង​មិន​អាច​លើក​ឡើងទេ តែនឹងអាចជម្រាបជូនក្នុងជំនួនក្នុងពេលខាងមុខបាន។»

«បើគ្មានអ្វីនៅក្នុងពោះទេ កុំផោមឲ្យឆ្កែអរ !»

ជាមួយនឹងការ​បញ្ចប់ នៃកិច្ចប្រជុំផ្នែកបចេ្ចកទេសនៃគណបក្សទាំងពីរ ដ៏ក្រៀមក្រោះនេះ មតិសាធារណៈជន ដែលបាន​តាមដាន​នូវព្រឹត្តិការណ៍នយោបាយ បានលើកឡើងថា ក្នុងជំនួបប្រជុំថ្នាក់កំពូល​ដែលមានវត្តមាននៃមេដឹកនាំ​គណបក្ស​ទាំងពីរក្នុងពេលកន្លងមកនេះ មិនទាំងត្រូវគ្នាផង តើមានមូលហេតុអ្វីនឹងឲ្យមន្រ្តីត្រឹមថ្នាក់​កណ្តាលមកជជែក​ពិភាក្សាគ្នា​នោះ តើរំពឹងនឹងមានផលជាវិជ្ជមានដែរឬអី? ម្យ៉ាងទៀតបើខ្លួនដឹង ទុកជាមុនហើយថាកិច្ចប្រជុំនេះ​មិនមានលទ្ធផលដែរ​នោះ តើចាំបាច់នឹងមានជាបន្តរទៀតទេ សម្រាប់ការប្រជុំផ្សេងទៀត នាពេលខាងមុខនោះ។ អ្នករត់ម៉ូតូឌុបមួយរូប ដែលអង្គុយ​រងចាំនៅមុខមន្ទីររដ្ឋសភាដែរនោះ បានផ្ទុះសម្ដីថា «ចាំរាយការណ៍ជូនថ្នាក់ដឹកនាំ ... ចាំថ្នាក់ដឹកនាំ​ជា​អ្នកសម្រេច ... តើពួក​គេគិតយ៉ាងដូចម្ដេច ជាមួយប្រជាពលរដ្ឋ? បើគ្មានអ្វីនៅក្នុងពោះទេ កុំផោមឲ្យឆ្កែអរ ! »។

-----------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...