អាមេរិក មិនបារម្ភពី«ឥទ្ធិពល»ចិននៅកម្ពុជា
ទំនាក់ទំនងទេ្វភាគីរវាងចិន និងកម្ពុជា ក៏ដូចជាឥទ្ធិពលចិន ដែលកំពុងកើនឡើងយ៉ាងខ្លាំនៅកម្ពុជា មិនមែនជាការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកនោះទេ តែចំណុចសំខាន់គឺការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងសហរដ្ឋអាមេរិក និងកម្ពុជា ឲ្យមានភាពរឹងមាំ និងយូរអង្វែង ជាមួយនឹងការរីកធំធាត់នៃលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ទើបជាការចង់បានរបស់សហរដ្ឋអាមេរិក។
អតីតនាយករដ្ឋមន្ត្រីចិន លោក វេន ជាបាវ ត្រូវបានទទួលដោយទីក្រុងភ្នំពេញ ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១២កន្លងទៅ។ (រូបថត Xinhua/Wang Ye)
រាជធានីភ្នំពេញ - លោក ស្កត់ ម៉ាសៀល (Scot Marciel) ឯកអគ្គរដ្ឋទូត និងជាឧបការីរងដើមខ្សែ នៃក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា បានថ្លែងប្រាប់អ្នកការសែតនៅល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះថា៖ «អាមេរិកមិនបានបារម្ភអំពីចិនឡើយ ប៉ុន្តែអាមេរិកគិតគូរតែ អំពីការបង្កើនទំនាក់ទំនង អោយកាន់តែល្អ រវាងកម្ពុជា និងអាមេរិក»។
ទន្ទឹមនឹងនេះ ក្នុងជំនួបជាមួយលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា អ្នកការទូតអាមេរិកដដែលនេះ បានលើកឡើងថា សហរដ្ឋអាមេរិក គាំទ្រឆន្ទះប្រជាពលរដ្ឋកម្ពុជា ដោយមិនមាននិន្នាការគាំទ្រ គណបក្សនយោបាយណាមួយនោះទេ។ លោក ស្កត់ ម៉ាសៀល បានអះអាងថា សហរដ្ឋអាមេរិក ចង់ឃើញគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដោះស្រាយបញ្ហាដែលនៅសេសសល់ក្រោយការបោះឆ្នោត តាមរយៈគោលការណ៍ សុវត្ថិភាព ស្ថេរភាព វិបុលភាព និង លទិ្ធប្រជាធិបតេយ្យ ពិសេស ការពង្រឹងទំនាក់ទំនងទេ្វភាគី រវាងសហរដ្ឋអាមេរិក និងកម្ពុជា ឲ្យមានភាពរឹងមាំ និងយូរអង្វែង។
ចំពោះករណីនេះ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា ក្នុងកិច្ចសម្ភាសជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) ផ្សាយជាខេមរៈភាសា នៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះបានលើកឡើងថា កន្លងមកមេដឹកនាំកម្ពុជា ធ្លាប់បានអះអាង ពីការមិនព្រួយបារម្ភ អំពីការកាត់ជំនួយរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសសហគមអ៊ឺរ៉ុប ដែលតែងតែជម្រុញឲ្យកម្ពុជា អនុវត្តលិទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដោយរំពឹងថាប្រទេសចិន នឹងដើរតួនាទីចម្បងផ្តល់ជំនួយឲ្យកម្ពុជា ជំនួសឲ្យប្រទេសទាំងនោះ។
អ្នកវិភាគដដែលនេះ អះអាងថា ប្រទេសចិនជាប្រទេសឆ្លាតមួយ គឺមិនអាចផ្តល់ជំនួយដល់កម្ពុជា ហើយមិនបានយកផលប្រយោជន៍ ទៅឲ្យប្រទេសគេវិញនោះទេ។ ហើយប្រទេសចិន ជាទូទៅ មិនបានខ្វល់ខ្វាយ អំពីបញ្ហាបរិស្ថាន ការគោរពសិទ្ធិមនុស្ស ការអនុវត្តច្បាប់ លទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសដែលចិន មានទំនាក់ទំនងជាមួយ និងដាក់ទុនវិនិយោគនោះទេ។
«ចិនក៏ចង់ឲ្យកម្ពុជា ក្លាយទៅជាអាយ៉ងរបស់ចិន ...»
លោក អ៊ូ វីរៈ បញ្ជាក់ថា៖ «អ្វីដែលប្រទេសចិនចំណេញ គឺជាការព្រួយបារម្ភរបស់កម្ពុជា។ ប្រទេសចិនមិនចង់ឲ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសប្រជាធិបតេយ្យជោគជ័យទេ ប្រជាធិបតេយ្យជោគជ័យនៅកម្ពុជា គឺប៉ះពាល់របបកុំមុយនីស្តរបស់ចិន និងវៀតណាម។ ចិនក៏ចង់ឲ្យកម្ពុជា ក្លាយទៅជាអាយ៉ងរបស់ចិន ដើម្បីទប់ជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន ដែលមានជម្លោះជាមួយចិន»។
ជុំវិញករណីនេះ លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានលើកឡើងកាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាគួរប្រើភាពវ័យឆ្លាតរបស់ខ្លួន ដើម្បីទាញយកផលប្រយោជន៍ ពីប្រទេសចិន និងសហរដ្ឋអាមេរិក ក្នុងពេលតែមួយ ហើយអាចរក្សាទំនាក់ទំនងល្អ បានទៀតផង។
លោក ឡៅ ម៉ុងហៃ អះអាងថា អាមេរិកមិនត្រឹមតែផ្តល់ជំនួយ សេដ្ឋកិច្ចនោះទេ តែសំខាន់គឺការសាបព្រួស លិទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋជាដើម រីឯចិនមិនខ្វល់ពីលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋទេ សំខាន់គឺសេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ ដូច្នេះកម្ពុជាគួរទទួលយកជំនួយទាំងនោះ មកអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យបានសមស្រប៕
---------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ