ជីវិត​ជា​អ្នក​សំលៀង​កាំបិត​ក្រៅ​ពី​ធ្វើ​ស្រែ

បន្ទាប់ពីការងារប្រមូលផល នៃការធ្វើស្រែចំការរួចរាល់ កសិករនៅតាមបណ្ដាខេត្តមួយចំនួន បានធ្វើដំណើរមកកាន់​រាជធានីភ្នំពេញ ដើម្បីស្វែងរកទទួលទានបន្ថែម ទៅតាមកម្លាំងនៃបាតដៃទាំងពីររបស់ខ្លួន។ ពួកគាត់បានជ្រើសរើស​អាជីកម្ម​ផ្សេងៗគ្នា ទៅតាមលទ្ធភាពតែរៀងៗខ្លួន តែពីក្នុងចំណោមនោះ មានអ៊ំប្រុសម្នាក់ បានធ្វើដំណើរឡើង​មកកាន់​រាជធានីដែលល្បី​ខាងភាព​ហឺហានៃព្រះរាជាណាចក្រមួយនេះ ដើម្បី«សំលៀងកាំបិត»។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: November 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីការងារប្រមូលផល នៃការធ្វើស្រែចំការរួចរាល់ កសិករនៅតាមបណ្ដាខេត្តមួយចំនួន បានធ្វើដំណើរមកកាន់​រាជធានី​ភ្នំពេញ ដើម្បីស្វែងរកទទួលទានបន្ថែម ទៅតាមកម្លាំងនៃបាតដៃទាំងពីររបស់ខ្លួន។ ពួកគាត់បានជ្រើសរើស​អាជីកម្ម​ផ្សេងៗ​គ្នា ទៅតាមលទ្ធភាពតែរៀងៗខ្លួន តែពីក្នុងចំណោមនោះ មានអ៊ំប្រុសម្នាក់ បានធ្វើដំណើរឡើង​មកកាន់​រាជធានី​ដែល​ល្បី​ខាង​ភាព​ហឺហានៃព្រះរាជាណាចក្រមួយនេះ ដើម្បី«សំលៀងកាំបិត»។


អ៊ំផល ជាងសំលៀងកាំបិតមកពីខេត្តព្រៃវែង។ (រូបថត MONOROOM.info/ S.Hong)

ជីវិត - នៅតាមផ្លូវលំតូចមួយ (ផ្លូវលេខ៧៥) និងនៅក្រោមកម្តៅថ្ងៃក្តៅហែង អ៊ំប្រុស សុផល (ឈ្មោះអ្នកការសែតដាក់ឲ្យ) អាយុប្រមាណជាជាង៥០ឆ្នាំ លាយឡំនឹង សំលៀកបំពាក់ចាស់មួយសម្រាប់ផង បានធ្វើដំណើរទៅមក ដើម្បីស្វែងរក​អ្នក​ផ្ទះណាដែលមាន ចេតនាចង់ប្រើសេវាកម្មសំលៀងកាំបិតរបស់អ៊ំ។ ខណៈពេលដែលអ៊ំប្រុស ត្រូវបានស្ត្រីចំណាស់​មួយរូប ចេញពីផ្ទះមួយនៅក្បែរនោះ មកហៅអ៊ំឲ្យសំលៀងកាំបិតឲ្យគាត់នោះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បាន​ឆ្លៀត​ឈៀង​ចូលទៅសាកសួរ ពីជីវិតរបស់អ៊ំប្រុស ដែលមើលពីចម្ងាយពោរពេញទៅដោយថាមពល និងភាពជឿជាក់។

ទោះជាអ៊ំមានវ័យជាងពាក់កណ្ដាលមនុស្ស និងមានចំងាយផ្លូវត្រូវដើរច្រើនគីឡូម៉ែត្រក៏ដោយ តែអ៊ំមានពាក់ជាប់​នឹង​ជើង​ខ្លួន តែស្បែកជើងផ្ទាត់មួយគូរប៉ុណ្ណោះ។ នៅលើស្មារបស់អ៊ំប្រុស មានកៅអីឈើតូចមួយស្រាល ល្មមអាចឲ្យអ៊ំអង្គុយ​បាន និងមានចង់ដាក់ភ្ជាប់«ថ្មសំលៀងកាំបិត»មួយដុំផង។ ចំណែកដៃរបស់អ៊ំម្ខាង មានកាន់ធុងទឹកទទេរមួយ ដោយរងចាំតែ​អតិថិជន​ណាម្នាក់ហៅអ៊ំនោះ អ៊ំនឹងអាចសុំឲ្យអតិថិជននោះ ដួសទឹកឲ្យអ៊ំបានបន្តិច ដើម្បីជាជំនួយដល់ការសំលៀង។ បន្ទាប់​ពីស្ត្រីចំណាស់ បានហៅអ៊ំឲ្យសំលៀងកាំបិតតាំងតោរចំនួនពីរ និងកាំបិតចុងស្រួចរបស់គាត់មួយចំនួន  ដែលកាប់​អ្វីមិនដាច់តាំងពីមួយរយៈមកហើយនោះ អ៊ំប្រុសបានប្រញាប់ប្រញាលដាក់កៅអីឈើចុះ រួចយកកាំបិតទាំងនោះ មក​សំលៀង លាន់លឺសូរខ្វោកខ្វាក។

ជាមួយនឹងតំណក់ទឹកញើស ដែលហូរកាត់ថ្ងាសជោគជាំនោះ អ៊ំផលបានរៀបរាប់ថា អ៊ំមិនមែនមានតែម្នាក់​ឯង​នោះ​ទេ ដែលមកពីភូមិស្រុកមួយ ស្ថិតក្នុងខេត្តព្រៃវែង។ មិត្តភ័ក្តរបស់គាត់បីនាក់ទៀត​ដែលបានឡើងមកភ្នំពេញដូចគ្នា ក៏បាន​ជ្រើសរើសប្រកបមុខរបរ​ជាអ្នក​សំលៀងកាំបិតនេះដែរ តែមិនមែនជាអាជីពចិញ្ចឹមជីវិតនោះឡើយ ប៉ុន្តែគឺដើម្បីស្វែងរក​ប្រាក់​ចំណូល​បន្ថែម បន្ទាប់ពីការងារព្យួររាស់ដកស្ទូងនោះរួច។

អ៊ំផល បាននិយាយថា ក្រុមអ្នករកទទួលទានក្រៅប្រព័ន្ធដូចអ៊ំ បានជួលផ្ទះនៅជុំគ្នា ដែលស្ថិតនៅម្ដុំផ្ទះជួលក្បែរពេទ្យរ៉ូស្ស៊ី ហើយនៅពេលថ្ងៃ ខណៈពួកអ៊ំដើរចរយាត្រាស្វែងរកអតិថិជនសំលៀងកាំបិតនេះ ពួកអ៊ំមិនដែលជួបគ្នាទេ ដោយ​ត្រូវ​ដើរ​ទៅតាមទិសតំបន់តែរៀងៗខ្លួនផ្សេងៗគ្នា។ ដូច្នេះ អ៊ំប្រុស និងមិត្តភ័ក្ដ បានជួបគ្នា តែនៅពេលល្ងាចៗនិងយប់ប៉ុណ្ណោះ។

ចំពោះអ៊ំវិញ នៅថ្ងៃនេះ តំបន់ដែលអ៊ំបានត្រូវរ៉ូវគ្នា ជាមួយនឹងមិត្តភ័ក្ត ថាត្រូវត្រាច់ចររកទទួលទាននោះ គឺចាប់ពីស្ពានស្ទឹង​មានជ័យ មកខាងតំបន់អូរបែកក្អម។

ដៃនៅធ្វើការ តែអ៊ំប្រុសបានឆ្លៀតនិយាយប្រាប់ទស្សនាវដ្តីថា៖ «នាងអើយ ក្រោយពីបានបញ្ចប់រួចរាល់ការងារ​ស្រែ​របស់​អ៊ំហើយ អ៊ំតែងតែមកកាន់ទីក្រុង ភ្នំពេញ ជារៀងរាល់ឆ្នាំ»។ ហើយបើទោះជាវាជាមុខរបរបន្ទាប់បន្សំ ក៏ការសំលៀង​កាំបិត​បានធ្វើឲ្យអ៊ំផល រកប្រាក់បានមួយចំនួនដែរ។ អ៊ំប្រុសបន្តថា៖«វាមិនទទេរទេ បានតិចតួច បានពីរម៉ឺន បីម៉ឺនរៀលក្នុង​មួយ​ថ្ងៃៗ។ បួនដប់ថ្ងៃទៅ ទៅផ្ទះ បួនដប់ថ្ងៃទំនេរ មករកវិញទៅ នឹងអាចសល់លុយបួនដប់ម្ភៃម៉ឺនដែរ សម្រាប់ទៅផ្ទះវិញ។»

ឆ្លើយនឹងសំនួរថា តើអ៊ំដែលបានជួបអ្នកសំលៀងកាំបិតមកពីខេត្តផ្សេងៗដែរឬទេ? អ៊ំសុផលបានឆ្លើយថា៖ «អ៊ំក៏បាន​ធ្លាប់​ឃើញដែរ ប៉ុន្តែគ្មានទំនាក់ទំនងគ្នាទេ»។

ជារឿយៗ អ្នកសំលៀងកាំបិតតែងមានវត្តមានមិនដែលដាច់ នៅតាមផ្លូវនានាក្នុងរាជធានីភ្នំពេញ។ វត្តមានរបស់ពួកគាត់ បានបង្ហាញឲ្យឃើញពីតម្រូវការ ដែលនៅតែមានច្រើននៅឡើយ ពីសំណាក់អតិថិជននៅក្នុងបណ្ដាទីប្រជុំជនធំៗ បើទោះ​ជា​ទីប្រជុំជនធំៗមួយចំនួន មានការអភិវឌ្ឍន៏ សព្វបើគ្រាន់តែរឿងសំលៀងកាំបិតនោះក៏ដោយ។ ជាពិសេស នៅក្នុង​រាជធានី​ភ្នំពេញ គេអាចរកថ្ម ឬម៉ាស៊ីនសំលៀង​កាំបិត​បាន ដោយមានដាក់លក់ពាសពេញ នៅតាមបណ្ដាទីផ្សារនានា។ តែ​អ្នក​ភ្នំពេញ​មិនចូលចិត្តសំលៀងខ្លួនឯងទេ ឬ​បើ​សំលៀងខ្លួនឯង ក៏មិនជាមុតដូចស្នាដៃទើបនឹងធ្វើរួច របស់អ៊ំផល ដែលជា​កសិករ​ពោរពេញទៅដោយការអំណត់នោះឡើយ។

មួយវិញទៀត វត្តមានរបស់ពួកគាត់ រួមនឹងពលករដទៃទៀត ដែលធ្វើដំណើរចេញពីភូមិស្រុករបស់ខ្លួន បើទោះជា​គាត់​និយាយថា នេះជាការសង្វាតដើម្បីរកប្រាក់ចំណូលក្រៅក៏ដោយ តែវានៅតែបង្ហាញពីភាពទីទ័លក្រ នៃប្រជាពលរដ្ឋកម្ពុជា នៅតាមស្រុកស្រែចំការ ដែលនៅតែមានចំនួនច្រើននៅឡើយ។ ប្រសិនបើប្រជាពលរដ្ឋជាច្រើន បានធ្វើចំណាកស្រុក ដើម្បីមករកទទួលទាននៅតាមបណ្ដាទីប្រជុំជនធំៗនោះ តែក៏នៅមានប្រជាពលកររាប់សិបពាន់នាក់ផ្សេងទៀតដូចគ្នាដែរ បាន​កំពុង​ចេញទៅប្រកបរបរចិញ្ចឹមជីវិត នៅឯក្រៅប្រទេស៕

-------------------------------------------------
ដោយ៖ ស្រេង សេងហុង ថ្ងៃ០២ ខែវិច្ចការ ឆ្នាំ ២០១៣
រក្សាសិទ្ឋដោយ៖ ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...