បក្សប្រឆាំងបង្កើតទូរទស្សន៍ តែអ្នកវិភាគថាប្រព័ន្ធផ្សព្វផ្សាយត្រូវឯករាជ្យ
ប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា ក្នុងពេលបច្ចុប្បន្ន ត្រូវបានគេមើលឃើញថាកំពុងមានការរីកចម្រើនខ្លាំង តែទន្ទឹមនឹងការរីកចម្រើន ក៏ត្រូវបានគេវាយតម្លៃថា ពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះទេ ប្រសិនបើគេធ្វើការប្រៀបធៀបជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសក្នុងតំបន់ ព្រោះអង្គភាពសារព័ត៌មានទាំងនោះ ភាគច្រើនត្រូវបានបរិហារ ដោយមហាជនថា ពុំមានភាពឯករាជ្យ ព្រោះវាគ្រាន់តែជាម៉ាស៊ីនឃោសនារបស់គណបក្សនយោបាយណាមួយប៉ុណ្ណោះ ។
រូបភាពកាត់ត រវាងរូបភាព និងនិមិត្តសញ្ញារបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ (រូបថត Mekhea)
រាជធានីភ្នំពេញ - និន្នាការនេះត្រូវបានអ្នកវិភាគ លើកឡើងថា កម្ពុជាគួរពង្រឹងប្រព័ន្ធផ្សព្វផ្សាយឲ្យមានភាពឯករាជ្យ ជៀសជាងការបង្កើតប្រព័ន្ធផ្សព្វផ្សាយ ដែលមាននិន្នាការទៅរកគណបក្សនយោបាយមួយ ហើយផ្សាយវាយប្រហារទៅលើគណបក្សនយោបាយមួយទៀត ប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានដាក់ឲ្យដំណើរការសាកល្បង ការផ្សាយទូរទស្សន៍របស់ខ្លួន តាមរយៈប្រព័ន្ធអ៊ីធើណែត ហើយតាមរយៈខ្លឹមសារនៃការផ្សាយសាកល្បងនេះ គេអាចសន្និដ្ឋានបានថា ទូរទស្សន៍នេះក្នុងពេលអនាគត ទំនងជាផ្សាយមាននិន្នាការទៅរកគណបក្សជំទាស់ និងអាចវាយប្រហារទៅលើរដ្ឋភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងអំណាច។
ជុំវិករណីនេះ លោក កែម ឡី អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា និង ស្រាវជ្រាវពីបញ្ហាសង្គមកម្ពុជា បានពន្យល់ថា ប្រសិនបើគណបក្សនយោបាយណាមួយ បង្កើត ឬគ្រប់គ្រងអង្គភាពព័ត៌មាន ណាមួយ ហើយផ្សាយព័ត៌មាន មាននិន្នាការនយោបាយខ្លាំង មានចរិតវាយប្រហារ ញុះញុង ប្រាសចាកក្រមសីលធម៌ ប្រាកដជាមិនទទួលបានជោគជ័យក្នុងពេលអនាគតនោះទេ ។
លោក កែម ឡី លើកឡើងថា គណបក្សប្រជាជនកម្ពុជា មានប្រព័ន្ធផ្សព្វផ្សាយច្រើន តែនៅតែមិនទទួលបានជោគជ័យនោះទេ ហើយប្រសិនបើគណបក្សសង្រ្គោះជាតិ បង្កើតអង្គភាពព័ត៌មាន មានចរិតលក្ខណៈ ដូចប្រព័ន្ធផ្សព្វផ្សាយរាល់ថ្ងៃ ដែលបានផ្សាយសារនយោបាយ វាយប្រហារគ្នា ខុសពីការពិត នោះប្រាកដជាមិនទទួលបានជោគជ័យឡើយ ផ្ទុយមកវិញអាចនឹងត្រូវទទួលរងការរិះគន់ពីប្រជាពលរដ្ឋទៀតផង។
លោក កែម ឡី បញ្ជាក់ថា៖ «នៅបណ្តាប្រទេសជឿនលឿន គេមិនមានទូរទស្សន៍របស់គណបក្ស ហើយបំបាត់ទូរទស្សន៍ឯករាជ្យនោះទេ ចាំបាច់ណាស់ដែលត្រូវមានទូរទស្សន៍ឯករាជ្យប្រកបដោយវិជ្ជាជីវៈ មានទាំងសមត្ថភាព ពេលវេលា សម្ភារៈ គុណភាព បទពិសោធន៍»។
គួរម្លឹកថា ការលំអៀងរបស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញច្បាស់ ក្នុងកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត នីតិកាលទី៥ ដែលទើបកន្លងទៅនេះ ព្រោះក្នុងចំណោមស្ថានីទូរទស្សន៍ និងវិទ្យុជាង១០០ អង្គភាព ដែលកំពុងដំណើរការនៅកម្ពុជា ភាគច្រើនបានផ្សព្វផ្សាយបរិហារ និងលើកឡើងពីចំណុចខ្វះខាតរបស់គណបក្សជំទាស់ ហើយក៏មិនបានផ្សាយពីសកម្មភាពរបស់គណបក្សជំទាស់នោះទេ បើទោះជាសកម្មភាពមួយចំនួនមានសារៈសំខាន់ ដល់ប្រជាពលរដ្ឋក៏ដោយ។
ផ្ទុយមកវិញអង្គភាពទាំងនោះ ក៏មិនហ៊ានផ្សព្វផ្សាយ ពីចំណុចខ្វះខាតរបស់រដ្ឋាភិបាល និងគណបក្សគ្រប់គ្រងអំណាចនោះទេ តែបែជាលើកសរសើរ ធ្វើព័ត៌មាន និងសេចក្ដីរាយការណ៍តែចំណុចល្អ ដែលធ្វើឲ្យអ្នកតាមដាន ស្ដាប់ ឬទស្សនា យល់ថាអង្គភាពព័ត៌មានទាំងនោះ សុទ្ធសឹងជាសេនាធិការរបស់គណបក្សកាន់អំណាច សម្រាប់តែការបំផ្លើសទៅវិញ។
អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា កត់សម្គាល់ឃើញថា កាមិនទទួលបានការស្វាគមន៍ ពីប្រជាពលរដ្ឋកម្ពុជានោះ ដោយសារតែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋកម្ពុជា មានការយល់ដឹងខ្ពស់ជាងមុន ដែលអាចវាយតម្លៃបានថា អ្វីជាសារព័ត៌មានប្រកបដោយវីជ្ជាជីវៈ និងអ្វីជាការឃោសនារបស់គណបក្សនយោបាយ ដែលចរិតលក្ខណៈវាយប្រហារ ញុះញុង ប្រាសចាកពីការពិត៕
---------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ