ក្រុមអនាមិក វាយគេហទំព័រសារព័ត៌មានដើមអំពិល ស្លាប់បាត់ហើយ?
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 27, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅថ្ងៃទី២៧ ខែមេសានេះ គេហទំព័រសារព័ត៌មានដើមអំពិល ដែលគេស្គាល់ថាមាននិន្នាការលំអៀង ទៅរករដ្ឋាភិបាលក្រុងភ្នំពេញ ត្រូវបានក្រុមហេកឃើ អនាមិកកម្ពុជា វាយប្រហារ បើកលែងចេញតាំងពីម៉ោង១០យប់រៀងមក។
រូបសញ្ញារបស់ក្រុមហេកឃ័រ អនាមិក កម្ពុជា នៅពេលគេហទំព័រណាមួយត្រូវបានវាយប្រហារសម្រេច។
បច្ចេកវិទ្យា - គេហទំព័រដ៏ធំនៃសារព័ត៌មានដើមអំពិល របស់អ្នកសារព័ត៌មាន និងអ្នកវិភាគល្បីឈ្មោះលោក សយ សុភាព ដែលគេស្គាល់ថាមាននិន្នាការលំអៀងទៅគណបក្សកាន់អំណាច និងរដ្ឋាភិបាលនោះ បានរងការវាយប្រហារបើកលែងចេញ តាំងពីវេលាម៉ោងប្រមាណជា១០យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤នេះមក។
បើគេចុចចូលទៅកាន់គេហទំព័រនេះ គេនឹងឃើញសារជាភាសាអង់គ្លេសមួយឃ្លា សរសេរថា «Sorry, We are updating, We will be back soon» ដែលមានន័យជាខេមរភាសាថា «សុំទោស យើងកំពុងធ្វើការផ្លាស់ប្ដូរទិន្នន័យ, យើងនឹងត្រឡប់មកវិញក្នុងពេលឆាប់ៗខាងមុខ»។ នៅនឹងគេហទំព័រមួយទៀត ដែលមានឈ្មោះថា LOOKING TODAY របស់មជ្ឈមណ្ឌលសារព័ត៌មានដើមអំពិលដដែល ក៏បានសរសេរជាសេចក្ដីជូនដំណឹងដែរថា គេហទំព័រដើមអម្ពិល ត្រូវបានក្រុម Anonymous Cambodia ប្រកាសនៅលើហ្វេសប៊ុក ថាជាអ្នកវាយប្រហារ (Hack)។ សេចក្ដីជូនដំណឹងនោះ បានសរសេរទៀតថា «គេហទំព័រដើមអម្ពិល ត្រូវបានគាំងមិនដំណើរ នៅវេលាម៉ោង ១០:០៣នាទី យប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៤»។
ប៉ុន្តែរហូតមកដល់ម៉ោង ១០ និង៤៥នាទី ទើបគេឃើញនៅលើទំព័រហ្វេសប៊ុក Anonymous Cambodia មានការប្រកាសនៅលើជញ្ជាំងរបស់ទំព័រនេះ ដាក់ជាភាសាអង់គ្លេសថា «Everything it is Destroy» ដែលមានន័យថា «អ្វីៗទាំងអស់ ត្រូវបានកម្ទេចចោល»។
នៅយប់ថ្ងៃទី២៧ ខែមេសានេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចសុំការបកស្រាយណាមួយ ពីអ្នកទទួលខុសត្រូវ របស់គេហទំព័រសារព័ត៌មានដើមអំពិលនេះ បាននៅឡើយ។
ក្រុមដែលប្រកាសថា ជាជនហេកឃើអានាមិកនេះ បានគម្រាមតាំងពីច្រើនថ្ងៃមកហើយ ពីការវាយលុកខាងព័ត៌មានវិទ្យារបស់ពួកគេ ទៅលើបណ្ដាគេហទំព័រទាំងឡាយណា ដែលមាននិន្នាការស្និតនឹងរដ្ឋាភិបាល ឬជារបស់រដ្ឋាភិបាលតែម្ដង។ គ្រាន់តែប៉ុន្មានថ្ងៃចុងក្រោយនេះ គេហទំព័ររបស់រដ្ឋាភិបាលជាច្រើន ត្រូវបានក្រុមនេះប្រកាសថាបានវាយប្រហារ ហើយក៏កំពុងមានគម្រោងនឹងធ្វើការវាយប្រហារ ទៅលើគេហទំព័រផ្សេងៗទៀត ជាបន្តបន្ទាប់ដែរ។
ក្រុមនេះ បានប្រកាសថា បុព្វហេតុរបស់ពួកគេ គឺប្រឆាំងនឹងរដ្ឋាភិបាលពុករលួយ បំបិទសិទ្ធិពលរដ្ឋ និងដើម្បីលទ្ធិប្រជាធិបតេយ្យជួនប្រជាជនខ្មែរគ្រប់រូប។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយនៅលើទំព័រ Anonymous Cambodia នេះ បានសរសេរថា «ពួកយើងមិនមែនជាក្រុមមនុស្ស ដែលមានសមាជិកតិចនៅកម្ពុជា ដែលអ្នក (រដ្ឋាភិបាល) អាចព្រងើយកន្តើយបានទេ។ ពួកយើង គឺជាក្រុមដែលពោរពេញទៅដោយមនុស្សចិត្តដូចគ្នា ហើយសមាជិកពួកយើង ត្រូវបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ ទូទាំងពិភពលោក។ យើងសូមប្រាប់ដល់អ្នក អោយបានច្បាស់ថា យើងកំពុងប្រកាសសង្គ្រាមទៅលើប្រព័ន្ធ ដែលអ្នកបានដាក់មកលើយើង។ ឥឡូវសត្រូវដ៏ធំបំផុតរបស់អ្នក គឺជាពលរដ្ធរបស់អ្នក។»
មន្ត្រីនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ធ្លាប់បានថ្លែងតាមវិទ្យុអាស៊ីសេរី ចាត់ទុកការគំរាមវាយលុកទៅលើប្រព័ន្ធព័ត៌មានវិទ្យារបស់រដ្ឋាភិបាល ពីសំណាក់ក្រុមហេកឃ័រអនាមិកនេះ ថាជា«អំពើភេរវកម្ម» ព្រោះវាជាការប្រឆាំងទៅនឹង ដំណើរការ«ប្រក្រតី»នៃការងាររដ្ឋបាលរបស់រដ្ឋ។
អ្វីដែលជាការកត់សម្គាល់នោះ គេបានមើលឃើញថា ប្រជាប្រិយភាពរបស់ក្រុមជនអនាមិកម្ពុជានេះ បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីយុវនិស្សិតខាងព័ត៌មានវិទ្យាពីររូប ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន កាលពីដើមខែមេសានោះមក។ ទំព័រហ្វេសប៊ុក Anonymous Cambodia នេះទើបនឹងបង្កើតនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ប៉ុណ្ណោះ តែមកទល់នឹងថ្ងៃទី២៧ ខែមេសា (ប្រាំថ្ងៃក្រោយមក) មានមនុស្សចូលទៅចុចចូលចិត្តតាមដាន (Like) ដល់ទៅ ជាង១ម៉ឺន៦ពាន់នាក់ ដែលជាចំនួនដ៏ច្រើនមួយ សម្រាប់រយៈពេលដ៏ខ្លីបែបនេះ។ ជាពិសេស នៅរាល់ការចុះផ្សាយរបស់ទំព័រនេះម្ដងៗ គេតែងសង្កេតឃើញមានការចែកផ្សាយជាបន្តបន្ទាប់យ៉ាងច្រើន ហើយអ្នកសរសេរដាក់យោបល់វាចា«គាំទ្រ» សកម្មភាពវាយប្រហាររបស់ក្រុមនេះ ក៏មានចំនួនច្រើនដែរ៕
----------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី២៧ មេសា ២០១៤