ធី សុវណ្ណថា៖ គ្រាន់​តែ​សួរ យ៉ុង ខេមរា ត្រង់​ៗ​និង​ឲ្យ​ធ្វើ​ព័ត៌មាន​ពិត

ពីរថ្ងៃបន្ទាប់ពីសង្គ្រាមសម្ដី រវាងតារាហ្វេសប៊ុកទាំងពីរ ធី សុវណ្ណថា - យ៉ុង ខេមរា ដែលត្រូវបានបង្ហោះព្រោងព្រាត ពេញបណ្ដាញសង្គមហ្វេសប៊ុកនោះមក នៅថ្ងៃនេះ កញ្ញា ធី សុវណ្ណថា បានចេញមកបកស្រាយថា អ្វីដែលកញ្ញាធ្វើ គឺដោយ​ភាពស្មោះត្រង់ និងចេញពីឆន្ទៈរបស់កញ្ញា។ កញ្ញាបានបកស្រាយទៅនឹងការរិះគន់ ដែលថាកញ្ញា​ប្រកាន់នូវ​​អត្តចរិកពាល និងពាក្យសម្ដីមិនសមរម្យ យ៉ាងដូច្នេះថា «ខ្ញុំសួរក្នុងនាមជាពលរដ្ឋ សួរទៅកាន់អ្នក​សារព័ត៌មាន»។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: April 28, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពីរថ្ងៃបន្ទាប់ពីសង្គ្រាមសម្ដី រវាងតារាហ្វេសប៊ុកទាំងពីរ ធី សុវណ្ណថា - យ៉ុង ខេមរា ដែលត្រូវបានបង្ហោះព្រោងព្រាត ពេញបណ្ដាញសង្គមហ្វេសប៊ុកនោះមក នៅថ្ងៃនេះ កញ្ញា ធី សុវណ្ណថា បានចេញមកបកស្រាយថា  អ្វីដែលកញ្ញាធ្វើ គឺដោយ​ភាពស្មោះត្រង់ និងចេញពីឆន្ទៈរបស់កញ្ញា។ កញ្ញាបានបកស្រាយទៅនឹងការរិះគន់ ដែលថាកញ្ញា​ប្រកាន់នូវ​​អត្តចរិកពាល និងពាក្យសម្ដីមិនសមរម្យ យ៉ាងដូច្នេះថា «ខ្ញុំសួរក្នុងនាមជាពលរដ្ឋ សួរទៅកាន់អ្នក​សារព័ត៌មាន»។


កញ្ញា ធី សុវណ្ណថា (អាវក្រហម) និងកញ្ញា យ៉ុង ខេមរា (អាវយឺតខ្មៅ)។ (រូបថតផ្ដិតពីវីដេអូMONOROOM.info)

តារាហ្វេសប៊ុក - កញ្ញា ធី សុវណ្ណថា បានធ្វើការបកស្រាយ ជុំវិញពាក្យសម្តីរបស់នាង ដែលបានឆ្លើយឆ្លង​ជាមួយ​កញ្ញា យុង ខេមរា កាលពីថ្ងៃទី ២៥ ខែមេសា ថាបានធ្វើឡើងដើម្បីចង់ដឹងថា តើក្នុងមូលហេតុអ្វី បានជាអ្នកយក​ព័ត៌មានរបស់ទូរទស្សន៍អប្សារារូបនេះ ធ្វើព័ត៌មានផ្ទុយពីការពិត។

ការបកស្រាយរបស់ តារាហ្វេសប៊ុកប្រិមប្រិយ វ័យ១៩ឆ្នាំរូបនេះបានធ្វើឡើង ពីរថ្ងៃក្រោយពីការប៉ះពាក្យសម្តីគ្នានេះ អ្នករាយការណ៍ព័ត៌មានដ៏ឆ្នើមរបស់ទូរទស្សន៍អប្សរា កញ្ញា យុង ខេមរា នៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុង​ពេលដែលអ្នកទាំងពីរ បានចុះទៅធ្វើការនៅទីនោះ។ ការប៉ះសំដីគ្នានេះ បានបង្កឲ្យមានសង្គ្រាមឆ្លងឆ្លើយរវាង​ក្រុម​អ្នកគាំទ្រអ្នកទាំងពីរ ដែលខិតខំការពារតារាដែលខ្លួនចូលចិត្តតែរៀងៗខ្លួន។

សូមទស្សនាវីដេអូនេះឡើងវិញ ដែលផ្តិតរូបភាពដោយអ្នកយកព័ត៌មានរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ

នៅភ្ជាប់ជាមួយវីដេអូប្រហាក់ប្រហែលគ្នា ដែលផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់កញ្ញា យ៉ុង ខេមរា តារា​អ្នក​យកព័ត៌មានរបស់ទូរទស្សន៍អប្សារារូបនេះ បានចាត់ទុកសម្ដីសំដៅរបស់ កញ្ញា ធី សុវណ្ណថា សួរឆ្លងឆ្លើយនៅ​មុខ​សាលាដំបូង ថាជា«ឬកពារពិតប្រាកដ» និងជា«សម្តីមិនថ្លៃថ្នូរ» ក្នុងនាមជាអ្នករៀនសូត្របានគួរសម។ កញ្ញា យ៉ុង ខេមរា បានសរសេរទៀតថា៖ «បងអាណិតប្អូនទៅវិញទេ ពេលដែលប្អូនមានទស្សនៈ មិនឆ្លុះបញ្ចាំងមើលខ្លួនឯង និង សម្តីច្រង៉េងច្រង៉ាង ចេះមើលងាយប្រមាថជេរផ្តាសា ដែលមិនគួរណាឲ្យគេយកគំរូតាម»។

តបនឹងការលើកឡើងទាំងនេះ កញ្ញា ធី សុវណ្ណថា បានឆ្លើយបញ្ជាក់ដូច្នេះថា «ការសួរបស់ខ្ញុំ គឺប្រើប្រាស់ពាក្យ​ពេជ្រ​សមរម្យ។ ទោះបីស្ថិតនៅក្នុងរូបភាព មើលទៅកាចឬក៏ខឹង ប៉ុន្តែអត់បានប្រើប្រាស់ពាក្យអ្វី ដែលធ្វីឱ្យប៉ះដល់កិត្តិយស​ស្រ្តីខ្មែរ ឬក៏ពាក្យពេជ្រណាមួយ ដែលមិនសមរម្យក្នុងនាមជាកូនខ្មែរនោះទេ។»

សកម្មជនប្រឆាំងវ័យក្មេង សម្លេងបានរូបនេះ បានបន្តការអះអាងទៀតថា បើមើលតាមការបញ្ចេញមតិ (comment) នៅលើបណ្ដាញសង្គមហ្វេសប៊ុកកន្លងមក អ្នកគាំទ្រមួយចំនួន ក៏បាននិយាយដែរ ប្រសិនបើពួកគេបានជួបកញ្ញា យ៉ុង ខេមរា ពួកគេនឹងសួរសំណួរជាច្រើន ដូចគ្នានឹងសំនួររបស់កញ្ញាដែរ ជាពិសេសពួកគេចង់ដឹងថា ហេតុអ្វី​បាន​ជា​កញ្ញា យ៉ុង ខេមរា ចេះតែធ្វើព័ត៌មាន«ផ្ទុយពីការពិត»។

នៅក្នុងការប៉ះពាក្យសម្តីគ្នានោះ ភាសាឆ្លងឆ្លើយរបស់កញ្ញា ធី សុវណ្ណថា ត្រូវបានក្រុមអ្នកតាមដានលើកឡើងថា បានចោទសួរ និងបានរិះគន់ចំៗ ទៅលើកញ្ញា យ៉ុង ខេមរា ទាក់ទងនឹងការផ្សាយព័ត៌មានលំអៀង ងាកទៅ​ខាង​អាជ្ញាធរជាពិសេសរដ្ឋាភិបាល។ ប៉ុន្តែបើទោះជាមានការសួរចំៗ និងពាក្យសម្តីស៊កសៀតមួយចំនួនក៏ដោយ ក៏អ្នក​យកព័ត៌មានរបស់ស្ថានីយទូរទស្សន៍ ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលរូបនេះ មិនបានតបតរអ្វីច្រើនឡើយ ដោយ​គ្រាន់តែញញឹមតបវិញប៉ុណ្ណោះ។

កញ្ញា ធី សុវណ្ណថា បានបន្តការពារខ្លួនទៀតថា៖ «លក្ខណៈរបស់ប្អូនគឺធម្មតា អត់មានការកោងកាង ឬក៏វាយ​នរណា​គេ សម្លុតគេ ឬមួយក៏ជេរគេទេ។ ប្អូននិយាយតាមធម្មតា គ្រាន់តែជាការសួរសំណួរ ដើម្បីជាការបញ្ចេញមតិ​យោបល់»។

«បាតុករស៊ីឈ្នួល» មូលហេតុដែលឈានទៅដល់ការប៉ះសម្តីគ្នា

ឆ្លើយតបនឹងសំនួរ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សួររម្លឹកពីមូលហេតុដែលនាំទៅដល់ការប៉ះសម្ដីគ្នានោះ កញ្ញា ធី សុវណ្ណថា បានថ្លែងបញ្ជាក់ថា នោះគឺដោយសារនាងឃើញមួយថ្ងៃមុនហ្នឹង កញ្ញយ៉ុង ខេមរា បានធ្វើវីដេរអូឃ្លីប​មួយមានប្រើប្រាស់ពាក្យ ហៅអ្នកភូមិបឹងកក់ នៅពេលដែលកំពុងទាមទារ ឱ្យមានការដោះលែងអ្នកទាំង២៣នាក់ ថាជាក្រុម«បាតុករស៊ីឈ្នួល»។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញា យ៉ុង ខេមរា ត្រូវបានកត់ចំណាំទុកជារឿយៗ ពីការ​ផ្សាយ​ព័ត៌មាន ដែលគ្មានភាពជាក់ស្តែងនៅក្នុងសង្គម។ ធី សុវណ្ណថា បានបន្ថែមថា «និយាយរួម គឺព័ត៌មាន​លំអៀង»។

តារារាងខ្ពស់ មុខមាំសម្ដីខ្លាំងមិនសំចៃសម្លេងរូបនេះ បានថ្លែងអះអាងទៀតថា «ក្នុងនាមគាត់ ជាអ្នកសារព័ត៌មាន គាត់មានសិទ្ធិផ្សាយនូវព័ត៌មានជារឿងពិត។ ប៉ុន្តែគាត់គ្មានសិទ្ធិ ផ្សាយនូវព័ត៌មានណាដែលមិនពិត និងសម្លាប់ដល់​បងប្អូនខ្មែរយើងជាជនក្រីក្រីរងនូវភាពអយុត្តិធម៌។ ម្យ៉ាងនៅថ្ងៃប៉ះទង្គិចនេះដែរ ខ្ញុំឃើញគាត់ឈរនៅក្បែរប៉ូលីស មួយស្របក់ក្រោយមក ខ្ញុំឃើញគាត់ដើរមកក្បែរហ្វូងបាតុករ និងអ្នកកាសែត ដូច្នេះខ្ញុំក៏ទៅធ្វើការសួរ​គាត់ត្រង់ៗ៕»

---------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...