គំនិតល្អទាំង៥ ដើម្បីចៀសវាងការសន្ទនា បែបឯកជន នៅលើហ្វេសប៊ុក

មិនថា ហ្វេសប៊ុក មានដំណើរការល្អ ឬយ៉ាងណានោះទេ តែគួរដឹងថា មិនមែនមានរឿងអ្វីក៏ដោយ ក៏យើងអាចផ្សព្វផ្សាយឬចែកចាយ នៅលើបណ្ដាញសង្គមនេះ នោះទេ។ នេះនៅមិនទាន់រាប់ នៅពេលដែលបណ្ដាញហ្វេសប៊ុកនេះ មានបញ្ហា ឬមានចំនុចខ្សោយខាងសុវត្ថិភាព ឬក៏ត្រូវគេចូលទៅលួចទិន្នន័យជាដើម នោះទេ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: October 08, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនថា ហ្វេសប៊ុក មានដំណើរការល្អ ឬយ៉ាងណានោះទេ តែគួរដឹងថា មិនមែនមានរឿងអ្វីក៏ដោយ ក៏យើងអាចផ្សព្វផ្សាយ ឬចែកចាយ នៅលើបណ្ដាញសង្គមនេះ នោះទេ។ នេះនៅមិនទាន់រាប់ នៅពេលដែលបណ្ដាញហ្វេសប៊ុកនេះ មានបញ្ហា ឬមានចំនុចខ្សោយខាងសុវត្ថិភាព ឬក៏ត្រូវគេចូលទៅលួចទិន្នន័យជាដើម នោះផង។

ការពីសប្ដាហ៍មុន បណ្ដាញផ្សព្វផ្សាយនៅអ៊ឺរ៉ុប បានធ្វើសេចក្ដីរាយការណ៍ថា ហ្វេសប៊ុកបានជួបនឹងភាពរអាក់រអួល ក្នុងដំណើរការរបស់ខ្លួន។ ប៉ុន្ដែពត៌មានទាំងនេះ ត្រូវបានបដិសេធជានិច្ចជាកាលដោយ បណ្ដាសង្គមនេះខ្លួនឯង។ «សុបិន្ដអាក្រក់របស់ហ្វេសប៊ុក» ដែលប្រព័ន្ធផ្សព្វផ្សាយបាននិយាយនោះ បានសំដៅទៅលើផ្នែកទូរសារឯកជន ដែលបណ្ដាសមាជិកបានផ្ញើរចេញ និងទទួលចូល កាលពីអំឡុងឆ្នាំ២០០៧ និង២០០៩ ថាបានលេចបញ្ចេញ  នៅលើទំព័រដើមរបស់សមាជិកម្នាក់ៗ។ ក្នុងស្ថានភាពបែបនេះ តើគេត្រូវតែទទួលយក នូវហនីភ័យទាំងឡាយ ដែល កើតមាន នៅលើបណ្ដាញគេហទំព័រសង្គម ខណៈយើងនិយាយពីជីវិតឯកជនរបស់យើង ឬយ៉ាងណា? ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ សូមជំរាបជូនលោកអ្នកពី គំនិតល្អទាំង៥ ដើម្បីការពាររាល់ឧបទ្ទវហេតុ ដែលអាចកើតមាន នៅពេលលោកអ្នកប្រើបាស់ ហ្វេសប៊ុក។

១- ហ្វេសប៊ុក មិនមែនជាកន្លែងសំរាប់ការពារជីវិតឯកជនរបស់អ្នកទេ

ហ្វេសប៊ុក ជា«ម៉ាស៊ីន»មួយនៃការចែកចាយ និងផ្សព្វផ្សាយ។ គោលបំណងរបស់ហ្វេសប៊ុក មិនបាននិយាយដល់ ពីសុវត្ថិភាពនៃរាល់ការផ្លាស់ប្ដូរមតិយោបល់គ្នា ធ្វើឡើងរវាងសមាជិក និងសមាជិកនោះទេ។ តែគោលបំណងធំរបស់ ហ្វេសប៊ុក គឺចង់អោយសមាជិកគ្រប់រូប ប្រើប្រាស់សេវាកម្មរបស់ខ្លួន​ និងចែកផ្សាយទិន្នន័យរវាងគ្នា អោយបានច្រើន បំផុត។  ជាទូទៅ ដោយហេតុមានសកម្មភាពទំនាក់ទំនងគ្នា កាន់តែច្រើនឡើងរវាងសមាជិកយ៉ាងនេះ ដូច្នេះតំលៃនៃ ការរៀបចំចាត់ចែង នៅក្នុងសកម្មភាពទំនាក់ទំនងគ្នានេះ ក៏កាន់តែកើនឡើងដែរ។

ដូចអ្នកកាសែតបារាំងម្នាក់ ជំនាញខាងជីវិតឯកជន បានលើកឡើងពីគោលបំណងល្អរបស់គាត់ យ៉ាងដូច្នេះថា «គ្មាន ជីវិតឯកជនទេ នៅក្នុងហ្វេសប៊ុក។ ជាពិសេសនៅក្នុងរាល់បណ្ដាញគហេទំព័រសង្គម គឺយើង បាននាំជីវិតខ្លួនឯង អោយ ទៅជាមានលក្ខណៈសង្គម ឬលក្ខណៈសារធារណៈ។» អ្នកកាសែតនោះបានបន្ថែមថា «នៅក្នុងមូលហេតុណាក៏ដោយ ហើយប្រសិនជាអ្នកមានអ្វីត្រូវនិយាយ ឬចែកផ្សាយ ឬពន្យល់ ជាលក្ខណៈសម្ងាត់ សូមកុំធ្វើវានៅលើបណ្ដាញសង្គម។»

មេធាវីបារាំងម្នាក់ទៀត ឯកទេសខាងសិទ្ធិ និងការងារ បាននិយាយថា «ហ្វេសប៊ុកមិនមែនជាលំហមួយ នៃភាពសម្ងាត់ទេ បើប្រៀបធៀបទៅនឹងទូរសារអេឡិចត្រូនិក (e-Mail)។» លោកបានលើកឧទាហរណ៍ និយាយពីបង្ហាញពីប្រអប់មួយ ដែលហ្វេសប៊ុកសុំអោយបំពេញ ពីការងារដែលសមាជិកធ្លាប់ធ្វើ ពេលខ្លះទីនោះបានក្លាយជាគ្រោះថ្នាក់សំរាប់ សមាជិក នោះទៅវិញ ប្រសិនបើគេនិយាយ ពីជីវិតការងារនោះ។

នៅពេលមានការជ្រាបចេញ ឬការលួច នូវទិន្នន័យអស់ទាំងនេះ ហ្វេសប៊ុកនឹងមិនត្រូវបាន គេចាប់អោយទទួលខុសត្រូវ នៅចំពោះមុខច្បាប់នោះទេ វៀរលែងតែហ្វេសប៊ុកខ្លួនឯង ត្រូវគិតពីការទទួលខុសត្រូវនោះ ក្នុងនាមជាបណ្ដាញសង្គមមួយ ដែលធំជាងគេក្នុងពិភពលោកប៉ុណ្ណោះ។

២- ហ្វេសប៊ុកមិនដែលភ្លេចអ្វីមួយនោះទេ !

នៅពេលយើងលេង ចូលទៅអាំងធើណែត រមែងអីនឹងទុកស្នាម ហើយរឿងនេះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ធ្លាប់ បានរំលឹកជាញយដងរួចមកហើយ។ ជាពិសេស គឹបណ្ដាញសង្គម ហ្វេសប៊ុក នេះតែម្ដង ដែលនឹងមិនលប់ស្លាកស្នាម របស់បណ្ដាជនណាក៏ដោយ ដែលចូលទៅកាន់គេហទំព័រនេះ។ សហគមអ៊ឺរ៉ុបធ្លាប់តវ៉ា អំពី«សិទ្ធិនៃការភ្លេចភ្លាំង» របស់ សមាជិក ឬអ្នកមកលេង ទៅហ្វេសប៊ុក  តែហ្វេសប៊ុកមិនបានចាប់អារម្មណ៍ ពីការតវ៉ានេះ សូម្បីបន្ដិចណាឡើយ។

និស្សិតម្នាក់ នៅប្រទេសអូទ្រីស ធ្លាប់ប្ដឹងហ្វេសប៊ុក ទៅតុលាការ ដោយសរសេរយ៉ាងច្បាស់ៗ នៅក្នុងពាក្យបណ្ដឹង របស់ ខ្លួនថា «ហ្វេសប៊ុក មិនបានផ្ដល់នូវមធ្យោបាយគ្រប់គ្រាន់ ក្នុងការលប់ចេញនូវ ទិន្នន័យចាស់ៗទាំងឡាយនោះទេ។ រាល់ យោបល់មតិដែលចាត់ទុកជាមិនបានការ ការអញ្ជើញចូលទៅក្នុងព្រឹត្តិការណ៍ណាមួយ ឬរាល់ការចុចលើ «ខ្ញុំចូលចិត្ត» សុទ្ធសឹងត្រូវបានថតទុកទាំងអស់ ដោយហ្វេសប៊ុក សំរាប់កាលវេលាមិនកំណត់មួយ។» តែហ្វេសប៊ុក បានឆ្លើយតប ត្រឡប់មកវិញ យ៉ាងចាស់ដៃថា «កុំថាឡើយតែរឿងប៉ុណ្ណេះ ទោះបីប្រព័ន្ធដាក់ផ្លាក (tags) មិត្តភ័ក្រ ឬសារយោបល់ដែល សមាជិកបានលប់ចេញ គឺសុទ្ធតែត្រូវថតទុកទាំងអស់ នៅក្នុងប្រព័ន្ធគេហទំព័រហ្វេសប៊ុក។ ទោះជាអ្នក លប់គណនី ហ្វេសប៊ុករបស់អ្នកទាំងមូល ចេញពីបណ្ដាញ ក៏ហ្វេសប៊ុក នៅតែរក្សាទុកផ្នែកខ្លះ នៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែរ។»

៣- នៅពេលមានកម្មវិធីថ្មីៗ រាល់សមាជិកមិនដែលត្រូវបាន គេការពារនោះទេ

អ្នកបានកែប្រែរួច នូវរាល់ការកំណត់ចង់បាន់របស់អ្នកផ្នែកសុវត្ថិភាព (Security Setting) បានសេចក្ដីថា អ្នកមានបំណង ប្រើប្រាស់ហ្វេសប៊ុក ក្នុងន័យចង់បញ្ជៀសអោយផុតពី សកម្មភាពអាក្រក់ផ្សេងៗទាំងឡាយ ដែលអាចនឹងបង្កគ្រោះថ្នាក់ ដល់ទិន្នន័យឯកជនរបស់អ្នក។ ជារឿងមួយ ល្អណាស់។ តែនៅក្នុងហ្វេសប៊ុក រឿងអ្វីក៏ដោយ អាចផ្លាស់ប្ដូរបានគ្រប់ ពេលវេលា។ ជាឧទាហរណ៍ នៅពេលដែលហ្វេសប៊ុក ទើបនឹងផ្លាស់ប្ដូររូបរាងខាងក្រៅរបស់ខ្លួន (Timeline interface) អ្វីៗដែលអ្នកធ្លាប់បានធ្វើ តាំងពីដំបូងមក ត្រូវបានដាក់បង្ហាញអោយគេឯង ឃើញដឹងជាលក្ខណៈសារធារណៈ ដោយ ទាំងអស់នេះ អ្នកមិនបានដឹងវាជាមុន នោះទេ ! ជាពិសេសទៅទៀត ទៅថ្ងៃមុខ អ្នកក៏មិនប្រាកដថា ហ្វេសប៊ុក នឹងបង្កើត កម្មវិធីណាផ្សេងទៀត ហើយមិនដឹងថា កម្មវិធីនោះនឹងបង្កជាគ្រោះថ្នាក់ដល់ រូបអ្នក ឬយ៉ាងណានោះទេ។

៤- ហ្វេសប៊ុក មានទោសកំហុស ច្រើនពោរពាស

ហ្វេសប៊ុក បានផ្ទុកនៅក្នុងប្រព័ន្ធរបស់ខ្លួន នូវអ្វីៗសព្វគ្រប់បែបយ៉ាង ដែលទាក់ទង នឹងកិច្ចការពារជីវិតឯកជន ដែលនេះ ជាមូលហេតុមួយ ធ្វើអោយអ្នកប្រើប្រាស់ មានភាពទុកចិត្តទៅលើបណ្ដាញរបស់ខ្លួន។ តែពេលខ្លះ ហ្វេសប៊ុកមិនខ្វល់ និងមិនសុខចិត្តថយក្រោយសូម្បីបន្ដិច នៅពេលមានការខឹងសម្បារ ពីសំណាក់អ្នកប្រើប្រាស់។  កិច្ចការពារជីវិតឯកជន មិនមែនជាអាទិភាពចម្បង របស់បណ្ដាញសង្គមមួយនេះទេ។ អ្នកត្រូវដឹងថា បើសិនជាសេវាកម្មទាំងឡាយ ដែលមាន នៅលើហ្វេសប៊ុក ត្រូវបានដាក់អោយប្រើប្រាស់ ដោយឥតគិតថ្លៃនោះ ដូច្នេះគឺរូបអ្នកនេះហើយ ជាផលិតផល (ឬម៉ាស៊ីន) ដែលត្រូវមានដំណើរការជាមួយ នឹងសេវាកម្មទាំងនោះ។

៥- ពិបាក​នឹងដឹងពីអ្វីដែលអ្នកខ្លួនឯង ធ្វើអ្វីខ្លះក្នុងបណ្ដាញសង្គម

តើហ្វេសប៊ុក មានដំណើរការរអាក់រអួលមែន ឬអត់? តើមតិយោបល់ចាស់ៗ បានលេចចេញមកវិញ នៅលើទំព័រដើមរបស់ សមាជិក យ៉ាងដូម្ដេច? ក្នុងពេលនេះ មិនមានពន្លឺណាមួយ បានបញ្ចេញអោយគេដឹងពីចម្លើយនៅឡើយ។ តែចម្លើយ របស់ហ្វេសប៊ុក ដែលថាមកពីមតិយោបល់ទាំងនោះ មិនមានលក្ខណៈឯកជន (ដូច្នេះ ជារឿងធម្មតា មិនមែនមកពីភាព រអាក់រអួលទេ) និងការជជែកវែកញែក ពីបញ្ហានេះ រវាងអ្នកប្រើប្រាស់ទាំងឡាយ ក្នុងពិភពលោក វាបានអោយយើងយល់ កាន់តែច្បាស់លើចំនុចមួយ៖ «មិនដឹងពិតប្រាកដ ថាតើខ្លួនឯងធ្វើអ្វី នៅលើហ្វេសប៊ុក»

ពេលខ្លះអ្នកបានចែកផ្សាយ រូបថតមួយ ឬចំរៀងមួយបទ ជាលក្ខណៈឯកជន តែជាមួយមិត្តភ័ក្ររបស់អ្នក ២-៣នាក់ ប៉ុណ្ណោះ តែមិត្តភ័ក្ររបស់អ្នក បានចែកផ្សាយរូបថត ឬចំរៀងនោះ ជាបន្ដទៅទៀត ដូច្នេះអ្នកខ្លួនឯងដែលជាម្ចាស់ មិន ប្រាកដថារូបថត ឬចំរៀងរបស់អ្នក នៅជាលក្ខណៈឯកជនទៀតនោះទេ!!! ហើយបញ្ហាទាំងអស់ ដែលអ្នកបានអានរួច នៅក្នុងអត្ថបទនេះ អ្នកគួរតែគិតពិចារណាពីពេលនេះតទៅ ថាមុននឹងជីវិតឯកជនរបស់អ្នក ត្រូវបានគេបំពាន តើអ្នកត្រូវ ដឹងថានឹងធ្វើអ្វីខ្លះ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក៕

-----------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...