បទយកការណ៍៖ ទស្សនៈជុំវិញសាលក្រម កាត់ទោសលោក ម៉ម សូណង់ដូ
លោក ម៉ម សូណង់ដូ ក្នុងវ័យ៧១ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោកស្រី ចាំង ស៊ីណាត ប្រធាន ក្រុមប្រឹក្សាជំនុំជម្រះ អមដោយព្រះរាជអាជ្ញារង មាស ចន្ទ័ពិសិដ្ឋ បានប្រកាសសាលក្រម កាលពីព្រឹកថ្ងៃទី០១ តុលា ឆ្នាំ២០១២ សម្រេចផ្តន្ទាទោសលោកឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ចោទពីបទ ជាប់ពាក់ព័ន្ធនឹងការបង្កើតតំបន់អប្បគមន៍នៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។ ជាមួយនឹងទោសនេះ លោក ម៉ម សូណង់ដូ នឹងចេញពីពន្ធនាគារ នៅអាយុ៩១ឆ្នាំ ដែលជាជីវិតសេសសល់ចុងក្រោយរបស់លោក។ ជីវិតក្នុងពន្ធនាគារ ដ៏យូររបស់លោក ហាក់បីដូចជាការទទួលទោសប្រហាជីវិត ឬទោសមួយជីវិត ដែលធ្វើឲ្យប្រជាពលរដ្ឋទូទៅនឹកឃើញ និងចងចាំមិនភ្លេច នូវសំនៀងកំណាព្យដែលសូត្រ និងនិពន្ធដោយលោកផ្ទាល់ តាមរយៈការចាក់ផ្សាយក្នុងវិទ្យុសំបុកឃ្មុំ។ កំណាព្យនោះមានចំណងជើងថា «តើខ្ញុំអាចរស់បានរហូតដល់ពេលណា?» បានបញ្ជាក់នូវអត្ថន័យដ៏មានខ្លឹមសា និងក៏ជា ការឆ្លុះបញ្ចាំងនៃជីវិតពិត នៅក្នុងសង្គមខ្មែរដែលលោកបានរស់នៅ។
លោកម៉ម សូណង់ដូ។ រូបថត នៅលើទំព័រ ហ្វេសប៊ុក។
ប៉ុន្មានឆ្នាំកន្លងមកនេះ លោក ម៉ម សូណង់ដូ បានជាប់ពន្ធនាគារ ចំនួនពីរដងរួចមកហើយ ក្នុងនាមជាអ្នកសារព័ត៌មាន ម្នាក់។ លើកទីមួយកាលពីឆ្នាំ២០០៣ ត្រូវបានចាប់ខ្លួន បញ្ជូនទៅពន្ធនាគារព្រៃស អស់រយៈពេលប្រហែលពីរសប្តាហ៍ ពីបទផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យមានការរើសអើង មានអំពើហិង្សា ដែលនាំឲ្យមានបាតុកម្មមហាជន វាយ កម្ទេចស្ថានទូតថៃ។ លើកទីពីរនៅឆ្នាំ២០០៥ ត្រូវបានចាប់ខ្លួន ដោយកាត់ទោស ឲ្យជាប់ពន្ធនាគារបីខែម្តងទៀត ពីបទ បរិហារកេរ្តិ៍ ញុះញង់ និងបទផ្សាយព័ត៌មានមិនពិត អំពីបញ្ហាព្រំដែន បន្ទាប់ពីលោកផ្សាយបទសម្ភាសន៍ ពីបញ្ហាព្រំដែន វៀតណាម-កម្ពុជា ជាមួយលោក ស៊ាង ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជានៅបរទេស ។
នៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០១២ កងនគរបាលមួយក្រុម បានទៅចាប់ខ្លួនលោកដល់ផ្ទះ រួចនាំខ្លួនលោកទៅរក្សាទុក នៅ នាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ។ នេះគឺជាលើកទីបីហើយ ដែលលោក ម៉ម សូណង់ដូ ត្រូវបានតុលាការ រាជធានីភ្នំពេញធ្វើការចាប់ខ្លួន។ លុះដល់ថ្ងៃទី១៦ កក្កដា ទើបគេបានបញ្ជូនខ្លួនលោកឡើងតុលាការ។ ក្នុងសវនាការ ដ៏ចម្លែក លើសំណុំរឿងដីធ្លី បានឈានដល់ការចោទប្រកាន់ ពីបទប៉ុនប៉ងបង្កើតនូវ«តំបន់អប្បគមន៍» ដែលជាបទល្មើស ឧក្រិដ្ឋ។ ជាចុងក្រោយ តុលាការបានធ្វើការចោទប្រកាន់រូបលោកជាផ្លូវការ លើបទចោទបួនករណី៖ ទីមួយ-បទផ្តួចផ្តើម គំនិត ប្រឆាំងអ្នករាជការសាធារណៈ ទីពីរ-ធ្វើកុប្បកម្មជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ ទីបី-ញុះញង់ឲ្យប្រជាពលរដ្ឋកាន់កាប់អាវុធខុសច្បាប់ និងទីបួន-ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ដោយយោងទៅតាម មាត្រា៦ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ តុលាការខេត្តក្រចេះ បានចេញដីកានាំខ្លួនលោក ម៉ម សូណង់ដួ ម្ដងរួច ហើយ ពីបទបង្កើតតំបន់អប្បគមន៍នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ខណៈលោកមានវត្តមានស្ថិតនៅឯ បរទេសនៅឡើយ។ លុះមកដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ លោក ម៉ម សូណង់ដូ បានត្រឡប់មកដល់ប្រទេសកម្ពុជា វិញ បើទោះជាដឹងថា លោកនឹងត្រូវគេចាប់ខ្លួន។ ខាងក្រោមនេះ ជាដំណើរសវនាការ នៃសំណុំរឿងរបស់លោក៖
- សវនាការលើកទីមួយ៖ កាលពីថ្ងៃអង្គារ ទី១១ កញ្ញា ឆ្នាំ២០១២ មានមន្ត្រីសង្គមស៊ីវិល អ្នកនយោបាយ ព្រមទាំង ប្រជាពលរដ្ឋជាច្រើននាក់ បានចូលរួមស្តាប់សវនាការជំនុំជម្រះក្ដីលោក ម៉ម សូណង់ដូ។
- សវនាការលើកទីពីរ៖ នៅថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការ កាត់ក្ដី លោក ម៉ម សូណង់ដូ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។
- សវនាការលើកទីបី៖ នៅថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១២ លោក ម៉ម សូណង់ដូ និងអ្នកពាក់ព័ន្ធ ត្រូវបាន ចៅក្រមបន្តសាកសួរ ដែលមានសាក្សីដាក់បន្ទុក២នាក់ជាសមត្ថកិច្ច ដែល ម្នាក់ជានាយការិយាល័យស្តីទី ព្រហ្មទណ្ឌកម្រិតធ្ងន់ នៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងម្នាក់ទៀតជាអនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ។
- សវនាការលើកទីបួន៖ កាលពីថ្ងៃសុក្រទី១៤ ខែកញ្ញា ឆ្នាំ២០១២ តុលាការ បានបើកសវនាការលើសំណុំរឿងលោក ម៉ម សូណង់ដូ បន្តការចោទសួរ និងដាក់បន្ទុកបន្ថែមលើលោក ម៉ម សូណង់ដូ និងបានពន្យាពេលថ្ងៃប្រកាស សាល ក្រមជាផ្លូវការនៅថ្ងៃច័ន្ទ ទី១ ខែតុលា ឆ្នាំ២០១២ វិញ។
- ថ្ងៃប្រកាសសាលក្រម៖ នៅព្រឹកថ្ងៃច័ន្ទ ទី១ ខែតុលា ឆ្នាំ២០១២ ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារចំនួន ២០ឆ្នាំក្នុងរឿងបង្កើតតំបន់ អប្បគមន៍ប្រឆាំងរដ្ឋាភិបាល នៅខេត្តក្រចេះ។
សាលក្រម ដែលចេញដោយចៅក្រមសាលាដំបូងនេះ បានបង្កអោយមានប្រតិកម្មពីគ្រប់ទឹសទី ក្នុងនោះមានប្រទេស មហាអំណាចធំៗ ដូចជាអាមេរិក បារាំង និងអង្គការការពារសិទ្ធិមនុស្សអន្ដរជាតិធំៗ ក្នុងពិភពលោក។ រីឯពលរដ្ឋក្នុង ស្រុកជាច្រើន ដែលទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានជួបជាមួយ ក៏បានសម្ដែងនូវការខកចិត្ត នឹងសាលក្រមនេះខ្លាំង ណាស់ដែរ។ ប្រជាពលរដ្ឋម្នាក់មកពីខេត្តកំពង់ចាម ក្នុងលក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ បានចាប់អារម្មណ៍លើការចាប់ ខ្លួនលោម ម៉ម សូណង់ដូ ថាជាការមិនត្រឹមត្រូវ ព្រោះករណីនៅខេត្តក្រចេះក្នុងប្រទេសកម្ពុជា រីឯលោក ម៉ម សូណង់ដូ មានវត្តមាន នៅឯបរទេស។ លោកបានបន្តថា រដ្ឋភិបាលធ្វើនេះមិនត្រឹមត្រូវតាមគោលការច្បាប់ទេ ព្រោះគ្មានភស្តុតាង ត្រឹមត្រូវ។ ទាក់ទងនឹងការចោទប្រកាន់ ថាបានបង្កើតតំបន់អប្បគមន៍ លោកបានលើកឡើងថា ទាល់តែមានកំលាំង គ្រប់គ្រាន់ សព្វាវុធគ្រប់គ្រាប់ ដូចជារថក្រោះ កាំភ្លើងតូច កាំភ្លើងធំ ហើយបើគ្រាន់តែមានកាំបិទ ពូថៅ សំរាប់កាប់ឆ្កាព្រៃ ចំការនោះ វាមិនមែនជាការធ្វើអប្បគមន៍ទេ ។ លោកបានបញ្ជាក់ច្បាស់ៗថា «ដូចករណីកាលឆ្នាំ១៩៩៣ ១៩៩៧ នោះ ទើបគេហៅថាការបង្កើតតំបន់អប្បគមន៍។»
ឯប្រជាពលរដ្ឋម្នាក់ទៀតមកពីខេត្តកំពង់ចាមដូចគ្នា បានប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូថា បើសិនជាតុលាការ កាត់ទោសគាត់ជាប់គុកម្ភៃឆ្នាំ គឺមិនត្រឹមត្រូវទេ។ ការបង្កើតតំបន់អប្បគមន៍ទាន់តែមានសម្ភារៈគ្រប់គ្រាន់ [...] មាន ទាហាននឹងអាចគ្រប់គ្រងមួយចំហៀងប្រទេសបាន ទើបហៅថា «តំបន់អប្បគមន៍»។ ពលរដ្ឋរួបនោះដដែល មានការ សោកស្តាយយ៉ាងខ្លាំង ដែលអ្នកដើរជួយប្រជាជនស្ទើគ្រប់កន្លែង ដើម្បីឲ្យប្រជាជនស្គាល់ ពីលិទ្ធិប្រជាធិបតេយ្យពិត ប្រាកដដូចលោក ម៉ម សូណង់ដូនេះ ទៅជាមានទោសទៅវិញ ។ លោកបានបញ្ជាក់ថា «តុលាការមិនយុត្តិធម៌ គឺអត់ យុត្តិធម៌មែនទែនហើយឥឡូវនេះ។»
អ្នកគាំទ្រលោក ម៉ម សូណង់ដូ នៅមុខសាលាដំបូង រាជធានីភ្នំពេញ។ រូបថត នៅលើទំព័រ ហ្វេសប៊ុក។
សំរាប់លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានតាមដានសវនាការរបស់លោក ម៉ម សូណង់ដូ យ៉ាង ដិតដល់នោះ បានបង្ហាញពីការខកចិត្តយ៉ាងខ្លាំងនេះ នូវមូលហេតុចំនួនពីរ៖ «ទីមួយ គឺការកាត់ក្តីគ្មានភស្តុតាង ជារឿង មិនត្រឹមត្រូវ ជារឿងមិនយុត្តិធម៌។ តុលាការធ្វើបែបលក្ខណៈនយោបាយ ការប្រកាសសាលក្រម គឺជារបៀបអត្ថាធិប្បាយ នយោបាយមួយ មិនមែនជាសាលក្រមតុលាការ។ ទីពីរ ជាតុលាការមួយ ដែលមិនអាចរកយុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋ ខ្មែរគ្រប់រូប។» តែផ្ទុយពីសាកក្រម ដែលលោកបានវាយតំលៃថា «មិនយុត្តិធម៌» លោកក៏បានសរសើរដែរថា «ដំណើការ នៃការកាត់ក្តី មានភាពប្រសើរច្រើន ចៅក្រម មន្ត្រីតុលាការ រួមទាំងអយ្យការ គឺមានសមត្ថភាព។» និងធ្លោយអោយដឹង ពីការសង្កេតរបស់លោក ទៅលើទឹកមុខរបស់ពូកគាត់ក្នុងពេលដំណើរសាវនាការ បែរជាមានការលំអៀង ដែលអាច បណ្តាលមកពីសម្ពាធអ្វីមួយ។
លោក អ៊ូ វីរះ បង្ហាញនូវភាពសោកស្តាយថា «ពួកគាត់មានទួនាទីរកយុត្តិធម៌ បែរជាធ្វើការសម្រេចចិត្ត ដែលដឹងថាខ្លួន សម្រេចខុស មិនអាចអនុវត្តិតាមឧត្តមគតិត្រឹមត្រូវថ្លៃថ្នូរ ក្នុងការរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។» ខណៈលោក សុក សំអឿន មេធាវីការពារលោក ម៉ម សូណង់ដូ បានប្រាប់ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូថា «លោក ម៉ម សូណង់ដូ ជួបប្រជាពលរដ្ឋ បានប្រហែលជាប្រាំនាទី រឿងអ្វីដែលថាជួបបានប្រាំនាទីកើតជារឿងធ្វើកុប្បកម្ម ញុះញង់ប្រជាពលរដ្ឋ?» ។
ពលរដ្ឋភាគច្រើន បានបរិហាថា «វាជាការគួឲ្យអស់សំណើច ព្រោះអ្នកមិនបានធ្វើ បែរជាមានទោស។» ពលរដ្ឋខ្លះគ្មាន ជំនឿប៉ុន្មាននោះទេ ទៅលើប្រព័ន្ធយុត្តិធម៌កម្ពុជា ដោយនិយាយថា «សំរាប់តុលាការស្រុកខ្មែរ ខ្ញុំមានជំនឿតែដប់ភាគរយ ប៉ុណ្ណោះ ព្រោះនីតិវិធីរបស់តុលាការ សទៅជាខ្មៅ ខ្លៅទៅជាប្រាជ្ញ ។ តុលាការស្រុកខ្មែរ យុត្តិធម៌មានសំរាប់តែ អ្នកមាន បុណ្យសក្ក័ អ្នកមានទ្រព្យសម្បត្តិទេ រីឯអ្នកក្រីក្រ អ្នកគ្មានបុណ្យសក្ក័ គឺគ្មានយុត្តិធម៌ទេ។ តុលាការស្រុកខ្មែរ អ្នកលួចមាន់ ជាប់គុកដប់ឆ្នាំ ឯអ្នកសម្លាប់មនុស្ស ជាប់គុកពីរឆ្នាំហើយព្យួរទោសទៀត។»
ពីខាងសាលាដំបូង ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ ខិតខំស្វែងរក ការពន្យល់នៃការចេញសាលក្រមនេះ តែលោកស្រី ចាំង ស៊ីណាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោកព្រះរាជអាជ្ញារង មាស ចន្ទ័ពិសិដ្ឋ មិនបានលើកទូរស័ព្ទ។
ក្រុមអង្គការសិទ្ធិមនុស្សជាច្រើន ទាំងក្នុងនិងក្រៅប្រទេស បានបញ្ចេញប្រតិកម្មចំពោះសាវនាការ ដែលបានទាញការ ចោទប្រកាន់ ដោយភ្ជាប់លោក ម៉ម សូណង់ដូ ទៅនឹងលោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ថាជា រឿងមិនត្រឹមត្រូវតាមនីតិវិធីច្បាប់ឡើយ។ លោកសុក សំអឿន បានបញ្ជាក់ថា ពេលចាប់ខ្លួនលោក ម៉ម សូណង់ដូ គឺគ្មាន ការពាក់ពន្ធ័ ជាមួយនឹងការចាក់ផ្សាយ នូវពាក្យបណ្តឹងនៅក្រៅប្រទេស របស់លោក សួន សេរីរដ្ឋា ដែលធ្វើឡើងប្រឆាំង លោកនាយករដ្ឋមន្រ្តីហ៊ុន សែននោះទេ ព្រោះថាការចាប់ខ្លួននៅថ្ងៃទី១៦កក្កដា តែខាងនគរបាលបានថែមសំណុំរឿង មួយទៀត នៅថ្ងៃទី១៧កក្កដា ហើយលោកបានថតចម្លងសំណុំរឿង ពុំឃើញមានឯកសារពាក់ពន្ធ័ទាំងនោះឡើយ ។ ឆ្លើយនឹងសំនួរនេះរបស់ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ លោក លោក អ៊ូ វីរៈ បានសង្កត់ធ្ងន់ថា «ការស្គាល់បុគ្គល មិនមែនជារឿងអ្វីដែលខុសច្បាប់ទេ ក្នុងនាមគាត់ជាអ្នកសារព័ត៌មាន។»
អ្នកគាំទ្រលោក ម៉ម សូណង់ដូ នៅមុខព្រះបុរមរាជវាំង រាជធានីភ្នំពេញ។ រូបថត នៅលើទំព័រ ហ្វេសប៊ុក។
ក្រុមអង្គការសិទ្ធិមនុស្សទាំងនោះ បានលើកឡើងថា ការចោទប្រកាន់នេះគឺជា«រឿងនយោបាយ» ព្រោះវាធ្វើឡើងតែមួយ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ម៉ម សូណង់ដូ បានរាយការណ៍តាមវិទ្យុរបស់លោក ពីចលនាអំណាចប្រជាពលរដ្ឋខ្មែរ ដែល មានទីស្នាក់ការនៅសហរដ្ឋអាមេរិក បានដាក់ពាក្យប្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចោទប្រកាន់រដ្ឋាភិបាល លោក ហ៊ុន សែន ពីបទ«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»នោះ។ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងជាសារធារណៈស្ដីពីការតាមចាប់ខ្លួន ប្រធានសមាគមអ្នកប្រជាធិបតេយ្យរូបនេះ ថាបានញុះញុង ឲ្យ ពលរដ្ឋ នាំគ្នាចូលកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះនោះ។ ក្រុមអ្នកវិភាគនយោបាយ បានលើកឡើងទៀតថា ការចាប់ខ្លួននេះធ្វើឡើង ដើម្បីគំរាមដល់ចលនាមហាជន ឬក្រុមអ្នកប្រជាធិបតេយ្យផ្សេងទៀត ឲ្យបញ្ឈប់សកម្មភាពតវ៉ារឿងដីធ្លី ខណៈការបោះឆ្នោតជិតមកដល់ ព្រោះការតវ៉ា រឿងដីធ្លីនេះ ជារឿងដែលរសើប នឹងអាច ធ្វើឲ្យគណបក្សកាន់អំណាច ប្រឈមនឹងការបាត់បង់នូវសំលេងឆ្នោត។
ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ បានស្វែងរកសុំប្រតិកម្ម ពីខាងរដ្ឋាភិបាល ក្នុងនោះមានមន្ត្រីរបស់អង្គភាពពត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណរដ្ឋមន្ត្រី អ្នកតំណាងរាស្រ្តមកពីគណបក្សកាន់អំណាច តែមិនមានការឆ្លើយតប។ លោក គី តិច មេធាវីរបស់រដ្ឋាភិបាល បានឆ្លើយដោយខ្លីថា លោកមិនអាចបំភ្លឺ លើករណីនៃការចាប់ខ្លួនលោក ម៉ម សូណដ់ដូបានទេ ព្រោះជារឿងឯកជន មិនមានការពាក់ពន្ធ័ជាមួយនឹងលោកទេ៕
---------------------------------------------------------
ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី ០៤ តុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ