ជនចម្ពាមកៅស៊ូនៅស្ពាននាគ និងជនវាយក្បាល សុខ នី ជាជនតែមួយ?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: January 29, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រភពច្បាស់ការណ៍មួយបានបង្ហើបថា បុរសម្នាក់ក្នុងឯកសណ្ឋានជាសន្តិសុខ ដែលបានលោតវាយក្បាល លោក សុខ នី អ្នករត់ម៉ូតូឌុប នៅមុខក្រសួងព័ត៌មានថ្ងៃទី២៧ ខែមករានោះ ជាមនុស្សតែ«មួយ»នឹងជនប្រដាប់ដោយ ចម្ពាមកៅស៊ូគ្រាប់ដែក ដែលត្រូវបានប្រជាពលរដ្ឋ និងតំណាងសហជីពកម្មករឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមករា ជិតក្បាលនាគលើផ្លូវនរោត្តម។ ជនសង្ស័យដែលស្ថិតនៅក្នុងក្រុមពិសេស ជួលនិងគ្រប់គ្រងបញ្ជាដោយសាលារាជធានីភ្នំពេញ។
លោក ហាំ ហ៊ុត ជនសង្ស័យប្រដាប់ដោយជំពាមកៅស៊ូគ្រាប់ដែក និងស្នាប់ដៃ នៅពេលត្រូវក្រុមពលរដ្ឋ និងកម្មករ ចាប់ឃាត់ខ្លួន នៅស្ពាននាគថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
វិបត្តិសង្គម - ព្រឹត្តិការណ៍ថ្ងៃទី២៧ ខែមករា ត្រូវបានចារទុកក្នុងលទ្ធផលថ្មីមួយទៀត នៃការប្រព្រឹត្តិដ៏ហិង្សាពីសំណាក់កងអាជ្ញាធរ។ ព្រឹត្តិការណ៍ដែលត្រូវបានកត់ចំណាំទុកដោយ ការវាយសន្ធាប់យ៉ាងឃោឃៅ ដោយមនុស្សមួយក្រុមគ្នាជិតដប់នាក់ ក្នុងឯកសណ្ឋានស៊ីវីល និងជនម្នាក់ទៀតក្នុងឯកសណ្ឋានជាសន្តិសុខ ទៅលើបុរសអ្នករត់ម៉ូតូឌុបម្នាក់ឈ្មោះ សុខ នី រហូត«ហូរ»ឈាមដាបមុខ។ ជនឯកសណ្ឋានស៊ីវិល និងសន្តិសុខ តែមានពាក់មួកបិទមុខជិត ឬហៅថា«កម្លាំងពិសេស» សុទ្ធសឹងត្រូវបានជួលឲ្យមកធ្វើប្រតិបត្តិការ«សឹក»នេះ ដោយសាលារាជធានីភ្នំពេញ ដែលមានលោក ប៉ា សុជាតិរង្ស ជាអភិបាលសព្វថ្ងៃ។
ប្រភពច្បាស់ការណ៍មួយ ដែលត្រូវបានស្គាល់ថា មានទំនាក់ទំនងជិតស្និតនឹងក្រុមកម្លាំងពិសេសនេះ បានទូរស័ព្ទប្រាប់អ្នកយកព័ត៌មានរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក្នុងព្រឹកថ្ងៃទី២៨ ខែមករានេះ រាយការណ៍ពីព្រឹត្តិការណ៍នៅមុខក្រសួងព័ត៌មានកន្លងទៅថា «ពួកនេះបង្កប់ដើម្បីធ្វើអំពើអ្វីមួយ។ ពួកពាក់មួក ជាក្រុមរបស់សាលាក្រុង ពួកបាតដៃទីបី។ បើមិនមែនសាលាក្រុងរៀបចំ មានអ្នកណាអាចរៀបចំបាន? (…) សាលាក្រុងរៀបចំឡើង ដើម្បីធ្វើសកម្មភាពតដៃ (…) ពេលនោះ អាចធ្វើការចោទប្រកាន់ ទៅលើក្រុមបាតុករបានហើយ។»
អ្វីដែលសំខាន់នោះ ប្រភពដដែលបានបញ្ជាក់ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ ទាក់ទងនឹងជនចុងក្រោយគេក្នុងឯកសណ្ឋានជាសន្តិសុខ ដែលបានលោតទៅវាយសំពង ទៅលើក្បាលបុរសរត់ម៉ូតូឌុប ឈ្មោះ សុខ នី នោះ ថាជា«មនុស្សតែមួយ» ទៅនឹងជនសង្ស័យមួយរូប ប្រដាប់ដោយ«ចម្ពាមកៅស៊ូគ្រាប់ដែក» និង«ស្នាប់ដៃដែក» ដែលត្រូវបានក្រុមកម្មករ និងប្រជាពលរដ្ឋឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមករា នៅជិតក្បាលនាគ មហាវិថីព្រះនរោត្ដម។ ជនដែលគេបានឃាត់ខ្លួនរូបនេះ ត្រូវបានដោះលែងមកវិញ បន្ទាប់ពីមន្ត្រីនគរបាលប៉ុស្តិ៍បឹងកេងកងទី១ ខណ្ឌចំការមន អះអាងថា រកមិនឃើញមានការពាក់ព័ន្ធ។
ម្ចាស់ប្រភពស្និតនឹងក្រុមពិសេសរូបនេះ ដែលនៅជាប់នឹងហេតុការណ៍វាយអ្នករត់ម៉ូតូឌុបនោះដែរ បានអនុញ្ញាតឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថតសម្លេងទុក ហើយបានបានអះអាងទៀតថា «ម្នាក់ដែលគេបានចាប់ពីថ្ងៃមុននោះជាអ្នកវាយ។ (…) មនុស្សនោះ និងរូបដែលមានក្នុងវីដេអីខ្លីប (ជនដែលវាយអ្នករត់ម៉ូតូឌុប)ជាមនុស្សដដែល។» លោកបន្តរថា ការវាយយ៉ាងចាស់ដៃរហូតដំបងបាក់ជាពីរកំណាត់នោះ គឺជាការសងសឹកទៅនឹងការចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែមករាកន្លងមកនេះ។
ទោះជាការទម្លាយនេះ មានការពិតច្រើនឬតិចក៏ដោយ ក៏ក្រុមពិសេសឯកសណ្ឋានស៊ីវិល និងឯកសណ្ឋានសន្តិសុខទាំងនេះ ធ្លាប់ត្រូវបានលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី ទទួលស្គាល់ថាជាក្រុមស៊ីឈ្នួលស្ថិតនៅក្រោមបញ្ជារបស់សាលារាជធានី។ នេះបើតាមការផ្សាយរបស់គេហទំព័រភ្នំពេញប៉ុស្ដ៍ ចេញនៅថ្ងៃទី២៤ ខែមករាកន្លងមកនេះ។ គេហទំព័រដដែល បានដកស្រង់សម្ដីមន្ត្រីអ្នកនាំពាក្យសាលារាជធានី មករាយការណ៍ថា សេចក្តីណែនាំមួយរបស់ក្រសួងមហាផ្ទៃ បានប្រាប់សាលារាជធានី ឲ្យឈប់ជួលសន្តិសុខទាំងនោះ ពីក្រុមហ៊ុនឯកជន។
ប៉ុន្តែសម្រាប់អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកច្បាប់បានបរិហាទៅលើចំណាត់ការបែបនេះ របស់អាជ្ញាធររាជធានី ថាជាការរំលោភលើច្បាប់ និងសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ចំណាត់ការ ដែលបានបណ្ដោយឲ្យក្រុម«បិទមុខ»ខុសច្បាប់ទាំងនោះ អាចធ្វើអ្វីបានស្រេចតែនឹងចិត្ត រួមទាំងការដើរតួជាក្រុមញុះញង់ឲ្យកើតមានហិង្សា ដើម្បីបង្កជាលេសឲ្យកងកម្លាំងអាជ្ញាធរអាចធ្វើការបង្ក្រាប និងការដើតួរជាអ្នកបង្ក្រាប ទៅលើក្រុមអ្នកតវ៉ានោះផង។ ជាពិសេសនៅពេលដែលក្រុមពិសេសនេះ ត្រូវបានជ្រើសរើស«ក្រៅ»ច្បាប់ដោយគ្មានក្របខណ្ឌ គ្មានការបណ្ដុះបណ្ដាល តែត្រូវបានគេបញ្ជូនឲ្យមកអនុវត្តន៍ ភារកិច្ចរបស់កងកម្លាំងស្រប់ច្បាប់របស់អាជ្ញាធរទៅវិញ។
នៅក្នុងវីដេអូខាងក្រោម លោកអ្នកនឹងឃើញពីសភាព«ឃោឃៅ អមនុស្សធម៌»របស់ជនទាំងនេះ ប្រព្រឹត្តិទៅអ្នករត់ម៉ូតូឌុបនៅមុខក្រសួងព័ត៌មាន។ សភាពការណ៍ដែលធ្វើឲ្យគេយល់ថា នៅកម្ពុជាបើគ្រាន់តែគេមិនសប្បាយចិត្តនឹងនរណាម្នាក់ ជននោះនឹងត្រូវគេសំពងទាត់ធាក់ បញ្ជាគ្រប់គ្រងដោយអាជ្ញាធរខ្លួនឯង ហើយប្រកបដោយនីទណ្ឌភាពយ៉ាងរំភើយ។
ទស្សនាវដ្ដីមនោរម្យ.ព័ងអាំងហ្វូ នឹងវិលត្រឡប់មកជាបន្តទៀត ជាមួយអត្ថបទរបស់ខ្លួន ជុំវិញក្រុមពិសេស ឬជាក្រុមបាតដៃទីបី ដែលទើបតែកើតមានក្នុងសម័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះតែប៉ុណ្ណោះ៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤