កម្ពុជា៖ សិទ្ធមនុស្សថា មេធាវី​គួរ​មាន​ឯករាជ្យ​ភាព​ក្នុង​វិជ្ជាជីវៈ និង​ពន្យល់​ពី​ច្បាប់

ការប្រឆាំងរបស់គណៈមេធាវីកម្ពុជា ក្រោយពេលអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានចេញរបាយការណ៍មួយ កាលពីថ្ងៃទី១១ កុម្ភៈ ឲ្យរដ្ឋាភិបាលកម្ពុជា និងគណៈមេធាវី បញ្ឈប់ការខិតខំហាមប្រាមមេធាវី ក្នុងការផ្ដល់បទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយ។ អង្គការនេះបន្តថា សេចក្តីណែនាំលេខ០៦៧/គ.ម/១៣ ចុះថ្ងៃទី២៣ មករា ២០១៣ របស់ប្រធានគណៈមេធាវី ក្នុងការមិនអនុញ្ញាតនេះ ជាការប្រឆាំងសេរីភាព ក្នុងការបញ្ចេញមតិ និងមានបំណងរារាំង ការរិះគន់នានាចំពោះរដ្ឋាភិបាល និងការត្រួតត្រាទៅលើការផ្សព្វផ្សាយ ចំពោះអ្នកមានវិជ្ជាជីវៈច្បាប់។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: February 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណៈមេធាវី បានប្រឆាំងទៅនឹងការលើកឡើង របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) រិះគន់ចំពោះ គណៈមេធាវី ដែលតម្រូវឲ្យមេធាវីទាំងអស់ ត្រូវសុំអនុញ្ញាត មុននឹងផ្តល់បទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ អង្គការនេះ បានហៅការហាមប្រាមនោះថាជាការ «ប្រឆាំងនឹងសេរីភាព ក្នុងការបញ្ចេញមតិ» របស់មេធាវី។ នេះបើយោងតាមសេចក្តី ថ្លែងការណ៍របស់គណៈមេធាវីចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣។


លោក ប៊ុន ហុន ប្រធានគណៈមេធាវីកម្ពុជាអាណត្តិទី៩។

ការប្រឆាំងរបស់គណៈមេធាវីកម្ពុជា ក្រោយពេលអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានចេញរបាយការណ៍មួយ កាលពីថ្ងៃទី១១ កុម្ភៈ ឲ្យរដ្ឋាភិបាលកម្ពុជា និងគណៈមេធាវី បញ្ឈប់ការខិតខំហាមប្រាមមេធាវី ក្នុងការផ្ដល់បទសម្ភាសន៍ ជាមួយប្រព័ន្ធ​ផ្សព្វផ្សាយ។ អង្គការនេះបន្តថា សេចក្តីណែនាំលេខ០៦៧/គ.ម/១៣ ចុះថ្ងៃទី២៣ មករា ២០១៣ របស់ប្រធានគណៈមេធាវី ក្នុងការមិនអនុញ្ញាតនេះ ជាការប្រឆាំងសេរីភាព ក្នុងការបញ្ចេញមតិ និងមានបំណងរារាំង ការរិះគន់នានាចំពោះរដ្ឋាភិបាល និងការត្រួតត្រាទៅលើការផ្សព្វផ្សាយ ចំពោះអ្នកមានវិជ្ជាជីវៈច្បាប់។

លោក ប្រែដ អាដាម បានលើកឡើងថា «រដ្ឋាភិបាលចាត់ទុកអ្នករិះគន់ ដូចជាសត្រូវរបស់រដ្ឋ។ ប៉ុន្តែដើម្បីបង្ហាញរឿង​ទាំង​ឡាយឲ្យបានច្បាស់លាស់ អ្នកច្បាប់តែងតែត្រូវការនិយាយប្រឆាំង ជាមួយគោលការណ៍របស់រដ្ឋាភិបាល និងការអនុវត្ត​ដែលរំលោភសិទ្ធិមនុស្ស។ របៀបរបបត្រួតពិនិត្យថ្មីរបស់រដ្ឋាភិបាល និងគណៈមេធាវី ជាការប៉ុនប៉ងចុកមាត់អ្នកមានវិជ្ជាជីវៈ និងអ្នកមានប្រសិទ្ធភាពក្នុងការរិះគន់រដ្ឋាភិបាល»។

ប្រតិកម្មតបជាមួយលោក ប្រែដ អាដាម លោក ប៊ុន ហុន ប្រធានគណៈមេធាវីកម្ពុជាអាណត្តិទី៩ បានបដិសេធន៍​ចំពោះ​របាយការណ៍ ដែលចេញដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សថា ជារបាយការណ៍មួយដែលខ្វះការស្រាវជ្រាវ និងការយល់​ដឹងអំពីច្បាប់ និងគ្មានមូលដ្ឋានច្បាស់លាស់។ ក្នុងសេចក្តីថ្លែងការណ៍នេះបន្តថា «គណៈមេធាវីមិនបានកំរិត ឬកំហិត​នូវ​សិទ្ធិសេរីភាព របស់មេធាវីក្នុងការបញ្ចេញមតិរបស់ខ្លួន នៅតាមបណ្តាសារព័តមាននោះទេ ឲ្យតែការបញ្ចេញមតិ​ទាំងនេះ​ស្របតាមច្បាប់ និងបទបញ្ញត្តិជាធរមាន»។ ជាមួយគ្នានេះដែរ អនុលោមតាមគោលការណ៍ជាមូលដ្ឋាន របស់អង្គការ​សហ​ប្រជាជាតិស្តីពីតួនាទីរបស់មេធាវី ក៏បានកំណត់អំពីសិទ្ធិ សេរីភាពនៃការសម្តែងមតិរបស់មេធាវី «ត្រូវតែធ្វើឡើងស្រប​តាម​ច្បាប់ ព្រមទាំងបទដ្ឋាន និងបទបញ្ញត្តិ ក្រមសីលធម៌វិជ្ជាជីវៈដែលត្រូវបានទទួលស្គាល់»។

ឯលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ក៏បានបញ្ចេញនូវប្រតិកម្ម តបចំពោះសេចក្តីថ្លែងការណ៍នោះថា មានគោលដៅវាយប្រហារទៅលើរដ្ឋាភិបាល និងគ្មានវិជ្ជាជីវៈ។ លោកបន្តថា «ការលើកឡើងរបស់អង្គការនេះ ជាការ​យល់​ដឹងអំពីអ្វីហៅថា គណៈមេធាវីកម្ពុជា គេមានក្រមសីលធម៌ មានបទបញ្ជាផ្ទៃក្នុងរបស់គេ ហើយគ្មានអ្វីទាក់ទង​ជា​មួយ​រាជរ​ដ្ឋាភិបាលទាល់តែសោះ ព្រោះជាអង្គការមួយឯករាជ្យ និងវិជ្ជាជីវៈ។ សេចក្តីថ្លែងការណ៍នោះ គ្រាន់តែជាការ​វាយ​ប្រហារ មើលមិនគ្រប់ជ្រុងជ្រោយ។»

ចំណែកលោកមេធាវី យឹម សារី អ្នកនាំពាក្យគណៈមេធាវីកម្ពុជា បានលើកឡើងថា គោលដៅរបស់គណៈមេធាវី ក្នុងការ​ណែនាំឲ្យមេធាវីសុំការអនុញ្ញាត មុនពេលជួប ឬទទួលធ្វើជាវាគ្មិនបកស្រាយ ខ្លឹមសារច្បាប់តាមប្រព័ន្ធផ្សព្វផ្សាយនោះ គ្រាន់តែចង់ឲ្យមានការបកស្រាយច្បាប់ទាំងឡាយ ឲ្យបានត្រឹមត្រូវ និងមានខ្លឹមសារច្បាស់លាស់ប៉ុណ្ណោះ។ លោកក៏បាន​ញ្ជាក់ដែរថា «គណៈមេធាវីយល់ឃើញថា បើវិទ្យុ ទូរទស្សន៍ ចង់អញ្ជើញមេធាវីឲ្យទៅផ្តល់យោបល់ផ្នែកណាមួយ ត្រូវតែ​សុំការអនុញ្ញាតពីគណៈមេធាវី។ ហើយគណៈមេធាវីមិនបដិសេធ ហើយមិនចាត់តាំងទេ គ្រាន់តែឲ្យមានការជូនដំណឹង ហើយស្នើសុំចាត់តាំងមេធាវី មកគណៈមេធាវី និងផ្តល់មេធាវីតាមសំណូមពរ។»

តាមមាត្រា១៥ នៃក្រមសីលធម៌គណៈមេធាវី ចែងអំពីអន្តរាគមន៍ តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ជាសាធារណៈនៃ មេធាវី។ គ្រប់អន្តរាគមន៍សាធារណៈ ឬតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ជាសាធារណៈរបស់មេធាវី ក្នុងឋានៈខ្លួនជាមេធាវី និងអាច​អនុញ្ញាតឲ្យធ្វើបាន តែក្នុងក្របខណ្ឌនៃការគោរពដោយ ម៉ឺងម៉ាត់នូវកាតព្វកិច្ចនៃវិជ្ជាជីវៈ។ អន្តរាគមន៍បែបនេះ ទាមទារឲ្យ​មានការប្រុងប្រយ័ត្នជាទីបំផុត។ ប្រធានគណៈមេធាវី ត្រូវតែបានទទួលដំណឹងពិគ្រោះយោបល់ជាមុនក្នុងរឿងនេះ លើក​លែងតែពុំមានលទ្ធភាព។

លោកមេធាវី សុក សំអឿន នាយកអង្គការ ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានលើកឡើងថាមាត្រា១៥ នៃក្រមសីលធម៌​មេធាវីនេះ មានជាយូរមកហើយ តែប្រធានគណៈមេធាវីមុនៗ មិនបានលើកយកចំណុចនេះមកអនុវត្តទេ ទើបតែជំនាន់​លោក ប៊ុន ហុន ឡើងធ្វើជាប្រធានគណៈមេធាវី បានទាមទារឲ្យអនុវត្តចំណុចនេះ។ លោកបន្តថា «ប្រហែលជាលោក​ប្រធានទាំងអស់នោះ លោកគិតថា ការអនុវត្តវាពិបាកធ្វើ។ ដូច្នេះហើយពួកគាត់អត់បានមាត្រានោះមកអនុវត្ត ហើយ​មួយ​ទៀត វាមិនមែនជាច្បាប់ទេ ហើយក្រមសីលធម៌នេះ វាអនុម័តដោយក្រុមប្រឹក្សាគណៈមេធាវី តែប៉ុណ្ណោះ។ ដូច្នេះគណៈ​មេធាវីអាណត្តិក្រោយៗ អាចលើកយកពិនិត្យ និងកែវាបាន។»

លោកនាយកអង្គការ ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានបញ្ជាក់ថា បើសិនជាមានការតឹងតែង លើការអនុញ្ញាតឲ្យ​មេធាវី​សម្ភាសន៍ ឬបកស្រាយច្បាប់តាមប្រព័ន្ធឃោសនានោះ ជាការខាតបង់នូវធនធានមនុស្សមួយធំណាស់ ក្នុងការចូលរួម​អប់រំ​ច្បាប់ ដល់ប្រជាពលរដ្ឋនៅក្នុងស្ថានភាព ដែលប្រទេសកម្ពុជា នៅមានចំនួនអ្នកចេះច្បាប់តិចតួចនៅឡើយ។

គួបញ្ជាក់ថា កាលពីថ្ងៃទី៨ខែកុម្ភៈថ្មីៗនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានណែនាំ ទៅបណ្ដាអ្នកដឹកនាំ​ស្ថានីយវិទ្យុ ទូរទស្សន៍ កាសែត ក្នុងស្រុកទាំងអស់ថា រាល់ការអញ្ជើញមេធាវី មកចូលរួមក្នុង​កម្មវិធីផ្សព្វផ្សាយ​ច្បាប់​របស់​ស្ថានីយខ្លួន ត្រូវឆ្លងកាត់ការអនុញ្ញាត ពីគណៈមេធាវីជាមុនសិន ដើម្បីឲ្យស្របតាមមាត្រា១៥ នៃក្រមសីលធម៌​គណៈ​មេធាវី​កម្ពុជា។

ការលើកឡើងនេះបន្ទាប់ពីគណៈមេធាវី បានចេញផ្សាយលិខិតព្រមាន ទៅ លោកមេធាវី គួយ ធុនណា ក្នុងការផ្តល់បទ​សម្ភាសន៍ និងចុះផ្សាយព័ត៌មានផ្សេងៗ នៅតាមទំព័រសារព័ត៌មាន ដែលបានរំលោភលើមាត្រា១៥ នៃក្រមសីលធម៌មេធាវី។ លិខិតព្រមានរបស់លោក ប៊ុន ហុន ដែលបានចេញកាលពីថ្ងៃទី៣១ ខែមករា នេះបានសង្កត់ធ្ងន់ថា «ចាប់ពីពេលនេះទៅ លោកមេធាវី មិនត្រូវផ្តល់បទសម្ភាសន៍ និងចុះផ្សាយព័ត៌មានផ្សេងៗ ពាក់ព័ន្ធនឹងវិជ្ជាជីវៈមេធាវី នៅតាមបណ្ដាញ​សារព័ត៌មាន​នានា ដោយគ្មានការអនុញ្ញាតពីគណៈមេធាវីឡើយ»។

មេធាវីដែលអាចបំពេញមុខងារ ក្នុងការការពារក្ដីស្របច្បាប់បាន ទាល់តែជាសមាជិកនៃគណៈមេធាវីកម្ពុជា ព្រោះថាគណៈ​មេធាវីកម្ពុជា ជាស្ថាប័នគ្រប់គ្រងអ្នក ដែលប្រកបវិជ្ជាជីវៈមេធាវីទាំងអស់ នៅក្នុងប្រទេសកម្ពុជា៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...