ជម្រើសលាក់ខ្លួនរបស់សមាជិកក្នុងហ្វេសប៊ុក នឹងត្រូវដកចេញ
គេហទំព័របណ្ដាញសង្គមធំជាងគេ ចាប់ផ្ដើមលប់ចេញបន្តិចម្ដងៗ ជម្រើសដែលសមាជិកទាំងឡាយ អាចលាក់ខ្លួនបានពីការុកករក។ ជម្រើសលាក់ខ្លួន ឬព័ត៌មានរបស់សមាជិក ដែលមិនត្រូវគ្នាជាមួយប្រព័ន្ធរុករកថ្មីមួយ ដែលហ្វេសប៊ុកខ្លួនឯង ទើបនឹងដាក់ឲ្យដំណើរការ។
ហ្វេសប៊ុក និងជម្រើសសុវត្ថិភាពរបស់បណ្ដាញនេះ សម្រាប់អ្នកប្រើប្រាស់។ (រូបភាពកាត់ត)
ទីក្រុងប៉ារីស - សមាជិកហ្វេសប៊ុកទាំងឡាយ ដែលមានបំណងមិនចង់ឲ្យគេហទំព័រនេះ បង្ហាញថាខ្លួនមានវត្តមានក្នុងបណ្ដាញសង្គមនោះ នឹងលែងមានវាសនា អាចលាក់ខ្លួនបានតទៅទៀតហើយ។ បណ្ដាញសង្គមនឹងលប់ជម្រើសនេះ ជាស្ថាពរក្នុងពេលខាងមុខ ដែលនឹងសមាជិកក្នុងបណ្ដាញអាចកំណត់ពីពេលមុនថា ខ្លួនមិនចង់ឲ្យគេរកឃើញខ្លួន នៅក្នុងការរុករកនៅលើគេហទំព័រ។ ជម្រើសកំណត់នេះត្រូវបានហ្វេសប៊ុក កែសម្រួលតាំងពីខែធ្នូមុនមកម្លេះ។
ដូច្នេះ ពីថ្ងៃនេះតទៅ គណនីនៃសមាជិកណាក៏ដោយ ក៏អាចត្រូវបានរកឃើញដោយ ការរុករកនៅលើហ្វេសប៊ុកនេះដែរ។ សម្រាប់អ្នកដែលបានជ្រើសរើស លាក់គណនីរបស់ខ្លួនកន្លងមកនោះ ហ្វេសប៊ុក នឹងផ្ញើរសេចក្ដីជូនដំណឺងបន្ដិចម្ដងៗ ដើម្បីប្រាប់ថា ជម្រើសនៃការលាក់ខ្លួននេះ នឹងលែងមានប្រយោជន៍តទៅទៀត។ ហ្វេសប៊ុក បានជម្រុញអ្នកប្រើប្រាស់បណ្ដាញរបស់ខ្លួន ឲ្យចូលទៅលាក់ទិន្និន័យនានានៃគណនីខ្លួន ទៅតាមការកំណត់នៃ«ភាពឯកជន»នោះវិញ ជាពិសេសត្រូវប្រុងប្រយ័ត្ន ទៅនឹងការផ្សាយផ្សាយទាំងឡាយណា ដែលខ្លួនត្រូវដាក់ជាសាធារណៈ រវាងមិត្តភ័ក្រ ឬសម្រាប់តែខ្លួនឯង។
ហ្វេសប៊ុក បានពន្យល់ទៀតថា ជម្រើសនេះមិនត្រូវបានដាក់បញ្ចូលក្នុងបណ្ដាញ នៅពេលដែលបណ្ដាញសង្គមនេះ ទើបនឹងបង្កើតឡើងនោះទេ។ ម្យ៉ាងទៀត ទុកជម្រើសលាក់ខ្លួននេះឲ្យនៅដំណើរការ អាចបង្កជាបញ្ហាទៅដល់អ្នកប្រើប្រាស់មួយចំនួន រកមិនឃើញមិត្តភ័ក្រ ឬមនុស្សដែលគេចង់ស្វែងរក។
ការផ្លាស់ប្ដូររបស់ហ្វេសប៊ុក ក៏បានកើតឡើងចំពេលដែលបណ្ដាញសង្គមដ៏ធំដូចយក្ស កំពុងត្រៀមរៀបចំដាក់ឲ្យដំណើរការ នូវប្រព័ន្ធរុករកថ្មីមួយ ដែលមានឈ្មោះថា ហ្គ្រាហ្វ ស៊ើជ (Graph Search)។ ប្រព័ន្ធរុករកនេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់គេហទំព័រ អាចរកឃើញសមាជិកណាម្នាក់ តាមរយៈរូបថតណាមួយដែលសមាជិកនោះចេញមុខ ឬតាមរយៈទំព័រណាមួយដែលសមាជិកនោះចូលចិត្ត ឬព្រឹត្តិការណ៍ណាមួយ ដែលសមាជិកនោះចូលរួម៕
-------------------------------------------------
ដោយ៖ ឈូករ័ត្ន - ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ