សាសា ព្រមាន​ទៅ​«សួរ​សុខ​ទុក្ខ»​អ្នក​កាសែត ដល់​ការិយាល័យ!

បន្ទាប់ពីផ្ទុះរឿងវាយតប់ ជាមួយលោកឧកញ៉ា សុខ ប៊ុក ឥឡូវនេះចូលដល់ រឿងភាគថ្មីទៀត ដែល​ទំនង​ជា​នៅ​បន្ត​ឲ្យ​មាន​ការ​បង្ហូ​ទឹក​ខ្មៅ សរសេរជាអត្ថបទ ពីអតីតតារាទូរទស្សន៍ កាន់តែច្រើនឡើង។ ប៉ុន្តែរឿង​ភាគ​ថ្មី​នេះ មិនប្រាកដថា កញ្ញា សាសា សប្បាយចិត្តជាមួយនោះទេ រហូតនាងព្រមានថា នឹងមកសួរសុខ​ទុក្ខ​អ្នក​កាសែត ដល់​ការិយាល័យ​តែ​ម្ដង។
Loading...
  • ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ០៣ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 04, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ច្បាស់ហើយ! នាង ឯក សុជាតា ហៅកញ្ញា សាសា បានថ្លែងព្រមានទៅសួរ«សុខទុក្ខ» អ្នកសារព័ត៌មាន ដល់​ការិយាល័យតែម្ដង នៅថ្ងៃទី៥ ខែកក្កដានេះ បន្ទាប់ពីនាងវិលត្រឡប់ ពីរាជធានីបាងកក មកដល់​រាជធានីភ្នំពេញ​វិញ។ នៅលើគណនីហ្វេសប៊ុករបស់នាង មានសរសេរថា៖ «ចាំស្អែក ខ្ញុំនឹងត្រលប់ទៅភ្នំពេញ ហេីយ​ជិះឡាន​ទៅសួរសុខទុក្ខ បងអ្នកការសែត នៅមុខកម្ពុជាថ្មីតែម្តង! ព្រោះឥឡូវនេះ នាងខ្ញុំនៅទីក្រុងបាងកក!»

អតីតតារាទូរទស្សន៍ ដែលបានល្បីដល់កំពូល រហូតដល់ឆាកអន្តរជាតិ ដោយសារអ្នកសារព័ត៌មាន នៅក្នុង​សំនុំ​រឿងវាយតប់ ជាមួយលោកឧកញ៉ា សុខ ប៊ុន នោះ ដូចជាមានអាការៈ មិនសប្បាយចិត្ត នឹងអ្នកសារព័ត៌មាន មួយចំនួននោះឡើយ។ ក្ដៅពើតផ្សារ ឱរ៉ាឆេះឈួល ព្រោះមិនសុខចិត្តនឹងដំណឹង ដែលនិយាយ ពីគ្រោះថ្នាក់​ចរាចរណ៍​មួយ នៅក្រុងបាត់ដំបង ហើយដែលត្រូវបានអ្នកសារព័ត៌មាន រាយការណ៍ថា ជនបង្ក​ជិះឡាន​ទំនើប​នោះ ជា​រូប​នាងផ្ទាល់តែម្ដង។

ព័ត៌មានដែលត្រូវបានចេញផ្សាយ បន្តបន្ទាប់គ្នា នៅថ្ងៃទី៣ ខែសីហាម្សិលម៉ិញនេះ បានសរសេរថា កញ្ញា សា​សា បាន​បើករថយន្ត​ទំនើប​មួយ ពណ៌​ស មាន​គ្នា​ជាតា​រា​ពី ៥ ទៅ​៦​នាក់ ទៅបុក​ ជាមួយ​រ៉ឺម៉ក​ម៉ូតូ ​ដឹក​ទឹកកក ពេញទំហឹង​ កាលពី​ម៉ោង ១១​យប់ ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៥​។​ ពត៌មាននោះ បានស្រង់ប្រភព មិនបញ្ចេញ​ឈ្មោះ មកបញ្ជាក់ថា កញ្ញា សាសា ត្រូវបានជម្លៀសខ្លួនចេញ ហើយករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបាន​ធ្វើការ​សម្រមសម្រួល ជាមួយជនរងគ្រោះ ដើម្បីបញ្ចប់រឿងត្រឹមណ្នឹង។

ប្រតិកម្មទៅនឹងព័ត៌មានខាងលើ នាង ឯក សុជាតា បានសរសេរ នៅលើគណនីហ្វេសប៊ុករបស់នាង កាលពីថ្ងៃ​ម្សិលម៉ិញថា៖ «ឡាននោះ ជាឡានមិត្តរបស់ខ្ញុំ នៅបាត់ដំបងទេ»។ បន្ទាប់មក កញ្ញា សាសា បានបញ្ចេញ​យោបល់ តបទៅនឹងប្រិយមិត្តរបស់នាងថា នាងកំពុងធ្វើការ នៅរាជធានីបាងកកនៅឡើយ ក្នុងគ្រានេះ។

ដោយឡែក ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងបាត់ដំបងនោះ ត្រូវបានលោក​ ឈាង រ៉ុង មន្ត្រីនគរបាល​ចរាចរណ៍​​ក្រុង លើកយក​​កំណត់​ហេតុ​ មកបញ្ជាក់ថា ជាករណីរបស់ម្ចាស់រថយន្ដម៉ាក Porsche ភេទប្រុស ដែលមានឈ្មោះឡូតូ វ័យ៣២ ឆ្នាំ ហើយបានបើក ទៅប៉ះ​រឺម៉ក​ម៉ូតូ​ដឹក​ទឹកកក​ ដែលបើកបរដោយឈ្មោះ ទុយ មោង វ័យ ៤២ ឆ្នាំ​។ នេះបើតាមរបាយការណ៍មួយ របស់សារព័ត៌មានភ្នំពេញប៉ុស្ដ៍ ចេញផ្សាយក្នុងថ្ងៃទី៤ ខែ​សីហា​នេះ ដែលបង្ហាញថា ម្ចាស់រថយន្ដទំនើប មិនមែនជាកញ្ញា សាសា នោះទេ។

សូមបញ្ជាក់ដែរថា គ្រោះថ្នាក់​ចរាចរណ៍ខាងលើ ​បាន​កើតឡើង ​នៅ​ត្រង់​ចំណុច​ ក្បែរ​មន្ទីរពេទ្យ​វិសាលសុខ​ ស្ថិត​នៅក្នុង​ភូមិ​ព្រែកមហាទេព​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ កាលពី​វេលា​ម៉ោង ១១ និង ៥០ នាទី​យប់​នា​ថ្ងៃ​ទី​ ០២​ ខែ​សីហា​ ឆ្នាំ២០១៥ នោះ​ដែរ។ ភាគី​ទាំងសងខាង បានសម្រួលគ្នាបញ្ចប់រឿង ដោយ​ខាង​ម្ចាស់​រថយន្ត បាន​សង​ថ្លៃ​ខូចខាត ​ដល់​ជនរងគ្រោះ ​​ក្នុង​តម្លៃ ៣លាន​រៀល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...