យ៉ង់ គឹមអេង៖ កម្ពុជា​នឹង​«បើក​ចំហរ»​ព័ត៌មាន ជា​សាធារណៈ

រដ្ឋាភិបាលក៏បានអនុវត្តជាបណ្តើរៗ នូវការ«បើកចំហរ»ព័ត៌មាន បើទោះបីជាកន្លងមករដ្ឋាភិបាល ចេះតែ«ខ្លាចរអា» ដោយខ្លួនឯងលើបញ្ហានៃ«ការបញ្ចេញ»ព័ត៌មានមួយចំនួនក៏ដោយ។ តែទោះជាយ៉ាងនេះក្តី «កម្ពុជា»ត្រូវការចាំបាច់នូវច្បាប់មួយដើម្បីគ្រប់គ្រងលើបញ្ហាសិទ្ធិទទួលបានព័ត៌មាន តាមរយៈការបើក«ចំហរ»ព័ត៌មាន។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: December 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋាភិបាលក៏បានអនុវត្តជាបណ្តើរៗ នូវការ«បើកចំហរ»ព័ត៌មាន បើទោះបីជាកន្លងមករដ្ឋាភិបាល ចេះតែ«ខ្លាចរអា» ដោយខ្លួនឯងលើបញ្ហានៃ«ការបញ្ចេញ»ព័ត៌មានមួយចំនួនក៏ដោយ។ តែទោះជាយ៉ាងនេះក្តី «កម្ពុជា»ត្រូវការចាំបាច់​នូវច្បាប់មួយដើម្បីគ្រប់គ្រងលើបញ្ហាសិទ្ធិទទួលបានព័ត៌មាន តាមរយៈការបើក«ចំហរ»ព័ត៌មាន។


លោក យ៉ង គីមអេង នៅក្នុងសិក្ខាសាលាថ្ងៃទី០៥ ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

សេរីភាពផ្នែកព័ត៌មាន - «បើរដ្ឋាភិបាលមានឆន្ទៈ គិតដល់ផលប្រយោជន៍សាធារណៈជាធំ ច្បាប់នេះអាងនឹងចេញ បានលឿន។ (...) រដ្ឋាភិបាលមានឆន្ទៈ ក្នុងការបើកចំហរព័ត៌មាន និងធ្វើច្បាប់ដើម្បីជាវិធានការមួយសម្រាប់ចង នោះ​វានឹងធ្វើឲ្យការផ្តល់សេវានោះកាន់តែប្រសើរ។» នេះបើបើតាមការលើកឡើង របស់លោក យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌលពលរដ្ឋអភិវឌ្ឍន៍ និងសន្តិភាព ជុំវិញសេចក្ដីព្រាងច្បាប់ ស្ដីពី«សិទ្ធិទទួលបានព័ត៌មាន»​ ក្នុងកិច្ចសម្ភាស​ដាច់ដោយឡែក ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ​ នាសិក្ខា​សាលា​មួយក្នុងសណ្ឋាគារអ៊ីនធើខន កាល​ពី​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ២០១៣នេះ។

ទោះបីជាមានការអះអាងពីរដ្ឋាភិបាល ថាច្បាប់នេះនឹងអាចអនុម័តក្នុងអាណត្តិទីប្រាំនេះក៏ដោយ ក៏មេដឹកនាំ​អង្គការ​សង្គមស៊ីវិលរូបនេះ នៅតែ​សម្តែងការព្រួយបារម្ភ ថាច្បាប់​ស្តី​ពីសិទ្ធិទទួលបានព័ត៌មាន នឹង«មិន»បាន​វិភាគឲ្យ​គ្រប់​ជ្រុងជ្រោយនោះទេ។ លោកបានពន្យល់ថា នោះព្រោះតែ​រដ្ឋាភិបាលបាន​បដិសេធ នូវមតិយោបល់ និង​អនុសាសន៍​របស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដូចកាល​កន្លងមក។

តែទោះជាយ៉ាងណាក៏ដោយ លោក យ៉ង់ គឹម​អេង បានលើក​ឡើងថានាមជាអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ​ចូលរួមជំរុញឲ្យការប្តេជ្ញាចិត្ត​ របស់​រដ្ឋាភិបាល​ក្លាយ​ជាការពិត​ជាក់ស្តែង។ «សង្ឃឹមថា នឹងមានការ​បើកចំហរដោយ​រដ្ឋាភិបាល ក្នុងការទទួលយក​អនុសាសន៍​របស់​សង្គមស៊ីវិល តាមការប្តេជ្ញាចិត្តរបស់ខ្លួន តែផ្ទុយមកវិញបើនៅតែ​បដិសេធដូចមុនៗទៀត នោះ​អាច​នឹងមាន​បញ្ហា​ប្រឈមនា​ពេលខាងមុខ មិនចំពោះតែច្បាប់មួយនេះទេ។»

វត្តមានក្នុងសិក្ខាសាលានោះដែរ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការកិច្ចការបរទេស​នៃរដ្ឋសភា លោកឈាង វុន បានបញ្ជាក់ពីគោលជំហររបស់រដ្ឋាភិបាលថា រដ្ឋាភិបាលមានគំរោងក្នុង​ការអនុម័ត​នូវ​ច្បាប់ជាច្រើន តែដោយអាណត្តិទីបួននេះបញ្ចប់ទៅដោយឆាប់រហ័សពេក ដែលជាមូលហេតុមួយ មិនអាចនឹង​បង្កើតច្បាប់ទាំងនោះបាន រួមទាំងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះផង។ លោកបានបន្តរថា ការអះខានទាំង​នេះមិនមែនជាជាចេតនារបស់រដ្ឋាភិបាល មិនចង់ឲ្យមានច្បាប់ខាងលើនេះឡើយ។ លោកបានបញ្ជាក់​ដោយខ្លីថា «ក្នុងអាណត្តិថ្មីនេះ រដ្ឋាភិបាលនឹងយកចិត្តទុកដាក់ ដោយផ្ទាល់ក្នុងការចែងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន។»

ច្បាប់ចេញពីរដ្ឋសភាឯកបក្ស?

តំណាងរាស្រ្តមណ្ឌលភ្នំពេញ មកពីគណបក្សប្រឆាំងលោក សុន ឆ័យ ធ្លាប់បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុង​ឱកាសនៃសិក្ខាសាលានោះថា លោកមិនមានការរំពឹងទុក​ ពី​គុណភាពច្បាប់​ដែល​ថា នឹងផ្តល់ជាប្រយោជន៍​សម្រាប់​ជាតិ និងប្រជាជននោះទេ ដោយ​សារតែបញ្ហានយោបាយ​មិនទាន់​ដោះស្រាយ ឯសមាជិកសភាតំណាងរាស្រ្ត មក​ពី​គណបក្ស​ប្រជាជន​កម្ពុជាតែមួយ (រដ្ឋសភាឯកបក្ស)។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនដឹងថា តើវានឹង​ទៅ​ជាយ៉ាងណាទេ តែយើងនឹងចូលរួមឲ្យបានជាអតិបរមា ដើម្បីជំរុញយ៉ាងណាឲ្យសេចក្តីព្រាងច្បាប់នេះ រៀបចំទៅឲ្យ​មានគុណភាព។ យើងមិនដឹងថា ប៉ុន្មានខែទៀត​ការ​អនុម័តនោះ នឹងមានភាពប្រែប្រួលយ៉ាងណានោះទេ។»

ជុំវិញភាពជាប់គាំងខាងផ្នែកនយោបាយ លោក យ៉ង់ គិមអេង បានបន្ថែមថា ជាមួយនឹងដំណើរការឆ្ពោះទៅរក ការ​អនុម័តច្បាប់ខាងលើនេះ និងការដោះ​ស្រាយបញ្ហាផ្នែកនយោបាយ ត្រូវតែដើរទន្ទឹមគ្នា។ លោកបន្តរថា មតិពលរដ្ឋ​ទាំងអស់​ ដែលបានផ្តល់​សេចក្តី​ទុកចិត្ត ទៅលើតំណាងរបស់ខ្លួនក្នុងរដ្ឋសភា ដែលហៅថា«តំណាងរាស្រ្ត»នោះ​ត្រូវ​តែបាន«ចូលរួម» គ្រប់កិច្ច​ពិភាក្សានិងការអនុម័តច្បាប់ ក៏ដូចជាច្បាប់ខាងលើដែរ។ «សង្គមស៊ីវិលចង់ឃើញ​ការ​រួប​រួមគ្នា មានការឯកភាព​ជាតិមួយ ក្នុងចំណោមអ្នកនយោបាយ ក្នុងការអនុម័តច្បាប់ ឬផែនការជាតិធំៗដែលជា​កត្តា​សំខាន់។»

ប្រជាពលរដ្ឋម្នាក់ឈ្មោះ សុខ ជា មកពីខេត្តកំពង់ឆ្នាំង បានចូលរួមក្នុងសិក្ខាសាលានេះ បង្ហាញនូវទស្សនៈផ្ទាល់​ខ្លួន​ថា លោកគាំទ្រឲ្យមានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ ដោយលោកយល់ថា ប្រជាពលរដ្ឋជាម្ចាស់​ប្រទេស។ លោកបន្តរថា ច្បាប់នេះនឹងគ្មានប្រយោជន៍ដល់រាស្រ្ត ឬជាតិ«ទាំងមូល»ឡើយ បើកាលណាច្បាប់នេះចេញដោយ​រដ្ឋសភា ដែលមានសមាជិកមកពីគណបក្សកាន់អំណាចតែមួយ។ លោកបន្ថែមថា ច្បាប់នេះ ត្រូវតែមានសម្លេង​ពី​បក្សទាំងពីរ ជាមួយនឹងការទទួលយកអនុសាសន៍ ពីអង្គការសង្កមស៊ីវិល។ «មានច្បាប់ច្រើនដែលបានអនុម័ត។ តែភាគច្រើន មិនបានផ្តល់ប្រយោជន៍ដល់ជាតិ និងប្រជាជនទេ។ ប្រយោជន៍មានសម្រាប់តែមន្រ្តីធំៗ និងអ្នកមាន​អំណាច​​ប៉ុណ្ណោះ ដែលមានការរអនុវត្តកន្លងមកជាឧទាហរណ៍ស្រាប់៕»

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៥ ធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

ក្នុងកិច្ចសម្ភាសដាច់ដោយឡែក ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...