សម្ភាស យ៉ង់ គឹមអេង៖ CPP កំពុងបំភ័យ CNRP តាមតុលាការ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី៣ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 03, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើមានអ្វី នៅពីក្រោយដីកាជាបន្តបន្ទាប់ បង្គាប់ឲ្យចាប់ខ្លួន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រមួយចំនួននោះ? អ្នកវិភាគមួយរូប បាននិយាយភ្លាមថា នោះគឺ«នយោបាយ» និងការយកច្បាប់ មកទ្រាប់ខោអង្គុយពីលើ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យ៉ង់ គឹមអេង បានផ្តល់កិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថាករណីទាំងនេះ កើតចេញពីបញ្ហានយោបាយតែមួយ ព្រោះភាពមិនចុះសម្រុងគ្នា ចំពោះប្រយោជន៍ផ្ទាល់ខ្លួន ប្រយោជន៍បក្ស ឬប្រយោជន៍ក្រុមរបស់ខ្លួន។ លោកបន្តថា ភាពមិនចុះសម្រុងគ្នានេះ ជាការបង្ហាញយ៉ាងច្បាស់ថា ជាការមិនយកចិត្តទុកដាក់ ដល់ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្លួនឯងជាធំ ដោយមិនអាចប្រកែកបាន។
ឯណាទៅយុត្តិធម៌សង្គម? លោក គឹម អេង បានលើកឡើងថា បើទោះជាមន្ត្រីរាជរដ្ឋាភិបាល ក៏ដូចជាមន្រ្តីបក្សកាន់អំណាច តែងតែប្រកាសថា តុលាការឯករាជ្យយ៉ាងណាក៏ដោយ តែសកម្មភាពដែលស្តែងចេញ ដោយស្ថាប័នតុលាការ រមែងគេមើលឃើញថា កំពុងដើរតាមចង្វាក់ញាក់ ឬគំនាបណាមួយ របស់អ្នកមានអំណាច ក្នុងជួរដ្ឋាភិបាល។ មេដឹកនាំអង្គការសង្គមស៊ីវិលរូបនេះ បានចាត់ទុក ដីកាទាំងអស់ ដែលបង្គាប់ឲ្យចាប់ខ្លួនអ្នកប្រឆាំង ជាល្បែងនយោបាយដដែលៗ របស់អ្នកមានអំណាច ក្នុងការបំភិតបំភ័យ និងកំហែង ដល់គូប្រឆាំងរបស់ខ្លួន ដោយមិនស្មើមុខ គ្មានតម្លាភាព និងគ្មានការគោរពច្បាប់។ លោកថា ទាំងនេះ ក៏ព្រោះតែអ្នកនយោបាយទាំងនោះ គិតតែប្រជែងយកតែឈ្នះ ឲ្យតែបានឈ្នះ ទោះត្រូវបោះបង់អ្វីក៏ដោយ។
បន្ថែមពីលើដីកាឲ្យចាប់ខ្លួន ឬឲ្យចូលខ្លួន ដែលចេញកាលពីពេលមុនៗ នៅថ្ងៃទី២០ ខែវិច្ឆិកានេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន យុវជន សត្យា សម្បត្តិ (សម្បត្តិ សត្យា) អ្នកកាន់ទំព័រហ្វេសប៊ុក (Facebook page) ផ្លូវការ របស់លោក សម រង្ស៊ី និងយុវជន អ៊ុង ជុងលាង ជំនួយការរបស់លោកព្រឹទ្ធសមាជិក ហុង សុខហួរ ទាំងពីរនាក់ ពីបទសមគំនិត ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារក្លែង និងញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម កាលពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥។ ហើយដីការនេះ ត្រូវបានបែកធ្លាយដល់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ នេះប៉ុណ្ណោះ។ ប្រភពពីមន្ត្រីគណបក្ស បានឲ្យដឹងថា យុវជនទាំងពីររូបនេះ បានគេចខ្លួនទៅក្រៅប្រទេស តាំងពីលោក ហុង សុខហួរ ត្រូវបានចាប់ខ្លួនមកម្លេះ។
ចំពោះករណីចោទប្រកាន់ និងការចាប់ខ្លួនយុវជន CNRP ទាំងពីររូបនោះ ត្រូវបានលោក គឹមអេង បរិហារថា មិនបានឆ្លុះបញ្ជាំង ពីការអនុវត្តន៍ ឬគោរពច្បាប់ ពីសំណាក់តុលាការ ព្រោះយុវជនទាំងពីររូបនោះ មិនមែនជាអ្នកធ្វើការសម្រេចចិត្ត លើការចុះផ្សាយព័ត៌មាន លើបណ្តាញសង្គមរបស់ថ្នាក់លើ របស់ខ្លួនឡើយ។ លោក យ៉ង់ គឹមអេង បានបញ្ជាក់ថា៖ «បើកាលណា គេឲ្យអាប់ឡូត គ្នាអាប់ឡូត (តម្លើង) គ្នាប្រកែកម្តេចបាន។ គ្នាមិនមែន ជាអ្នកធ្វើការសម្រេចចិត្ត ក្នុងការអាប់ឡូត នូវព័ត៌មានដែលត្រូវបញ្ចូលឯណា។ (...) គ្នាកាន់ហ្វេសប៊ូក គ្មានសិទ្ធិឯណា ទៅអាប់ឡូតស្រេចតែអំពើចិត្តទេ ទាល់មានការបញ្ជា ទើបគ្នាធ្វើ។»
លោកបានបន្តធ្វើការបរិហារទៀតថា តុលាការកម្ពុជាបច្ចុប្បន្ននេះ ត្រូវបានសាធារណៈជនជាទូទៅ មើលឃើញថា មិនមានភាពឯករាជ្យឡើយ ឬបើមិនអញ្ចឹងទេ ឯករាជ្យភាពខ្លះ របស់មន្ត្រីតុលាការទាំងនោះ មានសម្រាប់តែក្រុមអ្នកមានអំណាច និងមនុស្សមួយចំនួន ដែលមានប្រយោជន៏ប៉ុណ្ណោះ។ តែធាតុពិត តុលាការមិនដែលឯករាជ្យម្តងណាឡើយ សូម្បីតែរឿងក្ដីតូចតាចបំផុតមួយក៏ដោយ។
«ក្រុមដដែលនេះ ធ្វើសកម្មភាព (...) ប្រឆាំងនីទណ្ឌភាព»
ការអះអាងរបស់ក្រុមអ្នកវិភាគ និងក្រុមអ្នកតាមដាននយោបាយកម្ពុជា ដែលចាត់ទុកករណីចេញដីកា បង្គាប់ឲ្យចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំង ជាករណី«នយោបាយ»នោះ ត្រូវបានអ្នកនាំពាក្យ ទីស្តីការគណរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន វាយតម្លៃថា ពួកគេទាំងនោះមិនបានយល់ពីដែន សមត្ថកិច្ចនៃស្ថាប័នតុលាការ។ លោក ស៊ីផាន បានបង្ហាញការសោកស្តាយ តាមបណ្តាញសង្គមមុននេះថា មានមនុស្សមួយក្រុម ដែលមិនទទួលស្គាល់ដែនសមត្ថកិច្ច នៃស្ថាប័នតុលាការ ក្នុងការដោះស្រាយវិវាទ ក៏ដូចការវិនិច្ឆ័យ ទៅលើសកម្មភាពដែលលោកហៅថា បានប្រាស់ចាក ពីច្បាប់ដែលបានចែង។
អ្នកនាំពាក្យទីស្ដីការ បាននិយាយថា៖ «ឆន្ទានុសិទ្ធិរបស់ចៅក្រម គឺស្ថិតនៅលើមូលដ្ឋាន នីតិវិធី អង្គហេតុ និងអង្គច្បាប់។ រាល់វិវាទត្រូវបានដោះស្រាយ ដោយតុលាការតែមួយគត់។ (...) ក្រុមដដែលនោះ តែងតែចោទប្រកាន់ថា ការប្រើប្រាស់ប្រព័ន្ធតុលាការ ជាការរំលោភ ឬដាក់សម្ពាធ ទៅលើសិទ្ធិសេរីភាពរបស់គេទៅវិញ ហើយក្រុមដដែលនោះ ច្រើនធ្វើសកម្មភាព តាមបបូរមាត់របស់គេ ក្នុងការប្រឆាំងនិងនិទ្ទណ្ឌភាព។»៕