ពលរដ្ឋរិះគន់ចៅសង្កាត់ប៉ោយប៉ែត ថាប្រព្រឹត្តអំពើពុករលួយ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៣ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 03, 2015
- ប្រធានបទ: សេវាសាធារណៈ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្នូរលាន់ឮមិនសូវស្រួល ពីសង្កាត់ប៉ោយប៉ែត ពាក់ព័ន្ធនឹងអំពើពុករលួយ។ ចៅសង្កាត់នៅទីនោះ លោក អាំង គីហេង ត្រូវបានពលរដ្ឋចោទថា បានប្រព្រឹត្តិអំពើពុករលួយ ដោយយកថ្លែបង់សេវាសាធារណៈ លើសពីការកំណត់របស់ច្បាប់។
ពលរដ្ឋម្នាក់ លោក កៅ ណារ៉ុង រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥នេះថា លោកនិងប្រជាពលរដ្ឋជាច្រើននាក់ទៀត ដែលមានបញ្ហា ត្រូវចំណាយលុយកាក់ច្រើន នៅពេលធ្វើឯកសារសាធារណៈមួយចំនួន មានធ្វើ ប្លង់កម្មសិទ្ធិដីធ្លីជាដើម។ ពលរដ្ឋរូបនេះបានបន្ថែមថា ក្នុងច្បាប់ដែលរដ្ឋកំណត់ គឺមួយប្លង់ ត្រូវចំណាយត្រឹម២ម៉ឺនរៀលប៉ុណ្ណោះ។
លោក កៅ ណារ៉ុង បានពន្យល់ថា តែផ្ទុយទៅវិញ ប្រជាពលរដ្ឋម្នាក់ៗ ត្រូវបានសង្កាត់ កំណត់ឲ្យបង់ប្រាក់ ចាប់ពីប្រាំម៉ឹនរៀលឡើងទៅ ដើម្បីទទួលបានឯកសារ កម្មសិទ្ធដីធ្លីទាំងនេះ ស្របច្បាប់។ លោកថា មិនមែនមានតែគ្រួសារលោកមួយទេ ដែលជួបបញ្ហានេះ គឺមានពលរដ្ឋច្រើនណាស់ ដែលរិះគន់ថា លោក អាំង គីហេង ចៅសង្កាត់ប៉ោយប៉ែត ដែលទើបនឹងកាន់ដំណែងថ្មី ទទួលយកប្រាក់ ដោយភាពមិនប្រក្រតី និងដោយមិនមានចេញវិក័យប័ត្រ ឲ្យពលរដ្ឋ។
ប៉ុន្តែសម្រាប់លោក អាំង គីហេង ចៅសង្កាត់ប៉ោយប៉ែត វិញ មិនបានយល់ដូច្នេះឡើយ។ លោកបានបដិសេធការចោទប្រកាន់ខាងលើ ដោយបានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា៖ «ខ្ញុំអត់មានបង្ខិតបង្ខំពួកគាត់ទេ រាល់ថវិកាទាំងអស់ ដែលពលរដ្ឋបានចំណាយ មិនមែនចូលហោប៉ៅខ្ញុំទេ។ ខ្ញុំទើបឡើងកាន់ដំណែង ជាចៅសង្កាត់ពីរខែមែន តែរាល់ឯកសារណា ដែលគ្មានវិក័យប័ត្រ ខ្ញុំមិនចុះហត្ថលេខានោះទេ។»។
ចៅសង្កាត់រូបនេះ បានអះអាងបន្ថែមទៀតថា ថវិការដែលបានពីប្រជាពលរដ្ ឋគឺជាថវិការដែល ពលរដ្ឋខ្លួនឯងស្ម័គ្រចិត្ត ដោយផ្ទាល់គ្មានការបង្ខំ ពីនរណាម្នាក់ឡើយ។ រាល់សម្តីដែលចោទប្រកាន់លោកថា ធ្វើឯកសារដោយគ្មានវិក័យប័ត្រនោះ លោកមិនអាចទទួលបានទេ។ លោកថែមទាំងបានលើកឡើង ពីពលរដ្ឋមួយចំនួន ដែលត្រូវបានលោកបំពេញឯកសារឲ្យ ដោយមិនគិតប្រាក់ទៀតផង។ លោកថា ការធ្វើឯកសារឲ្យ ដោយមិនគិតប្រាក់នេះ ព្រោះពលរដ្ឋទាំងនោះ ទីទាល់ក្រគ្មានលទ្ធភាព ចេញថ្លៃបង់ពន្ធ ចំនួន២ម៉ឺនរៀល និងបួនពាន់រៀល។
យ៉ាងណា ពលរដ្ឋអ្នកភូមិក្បាលស្ពាន នៅតែធ្វើការសំណូមពរថា ទោះជាមានការអះអាង មិទទួលស្គាល់ថា ថវិកាទាំងនោះ ជាថវិកាបង្ខំក៏ដោយ ក៏ពួកគាត់នៅតែសុំឲ្យថ្នាក់លើ ស៊ើបមើលឲ្យច្បាស់ ពីបញ្ហាថវិកានេះបន្តទៅទៀត៕