ការជួបជុំ​រឿង​ដីធ្លី​របស់​ពលរដ្ឋ​៤សហគមន៍ ត្រូវ​បាន​បំបែក​ជា​ថ្មី

ប្រជាពលរដ្ឋមកពី៤សហគមន៍ ត្រូវបានកម្លាំងសន្តិសុខ ខណ្ឌដូនពេញ ធ្វើការបំបែកជាថ្មី បន្ទាប់ពីពួកគាត់​បាន​ប្រមូល​ផ្តុំ​គ្នា ធ្វើការតវ៉ាទាក់ទង នឹងសំនុំរឿងដីធ្លី នៅមុខទីស្នាក់ការ ធនាគារពិភពលោក ប្រចាំប្រទេស​កម្ពុជា ដែល​ស្ថិត​នៅ​ជិត​ភូមិ​គ្រឹះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៣ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 03, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការជួបជុំ ការតវ៉ារឿងដីធ្លី របស់ប្រជាពលរដ្ឋ មកពី៤សហគមន៍ សរុបប្រមាណជិត៤០នាក់នោះ ត្រូវបាន​រារាំង​និងបំបែកជាថ្មី ដោយក្រុមសន្តិសុខខណ្ឌ នៅពេលគម្រោង នៃការជួបជុំនោះ កំពុងតែធ្វើនៅមុខ ទីស្នាក់ការ​ធនាគារពិភពលោក ប្រចាំកម្ពុជា ដើម្បីទាមទារឲ្យស្ថាប័នអន្តរជាតិមួយនេះ ស្នើទៅរដ្ឋាភិបាលកម្ពុជា ឲ្យ​ពន្លឿន​ការដោះបញ្ហាដីធ្លី ដែលនៅសេសសល់ សម្រាប់ពួកគាត់។ ប្រជាពលរដ្ឋ ពីសហគមន៍ដីធ្លីទាំងបួន រួម​មាន សហគម​បឹង​កក់ចាកចេញ សហគមន៍បុរីកីឡា (ឬ៣មករា) សហគមន៍ថ្មគោល (SOS) និងសហគមន៍​បឹងកក់។

កម្លាំងសមត្ថកិច្ចសម្រុះ និងក្រុមសន្តិសុខប្រចាំខណ្ឌ ដែលមានគ្នា ប្រហាក់ប្រហែលនឹងចំនួន​ប្រជា​ពលរដ្ឋ​ដែរ​នោះ ត្រូវបានអាជ្ញាធរដែលគ្រប់គ្រង ដោយរដ្ឋាភិបាលកម្ពុជា បញ្ជូនទៅធ្វើការរារាំង និងបំបែកការជួបជុំ​របស់​ពលរដ្ឋ ក្នុងពលរដ្ឋមួយចំនួន ដែលជាស្ត្រីភេទត្រូវបានកម្លាំងទាំងនោះ សែងបោះចេញ ពីតាមបណ្តោយផ្លូវ លេខ​១១៣ ផ្លូវលេខ ២៤០ កែងមហាវិថី ព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ប្រជាសហគមន៍ទាំងនេះ បានលើកឡើង ពីការបន្តសើរើ និងតាមដាន «ញត្តិ» ដែលពួកគាត់បានដាក់ កាល​ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងមក។ «ញត្តិ» ដែលបានដាក់នោះ បានទាមទានូវចំណុចមួយចំនួន ដូច​ជា៖ គ្រួសារដែលត្រូវគេបង្ខំអោយ ទទួលយកថវិកា៨ពាន់ដុល្លា និងប្រាក់ ២០ម៉ឺនរៀល។ ទាមទារដល់​រដ្ឋាភិបាល និង​ក្រុមហ៊ុន ផ្តល់ផ្ទះ នឹងដីទំហំ ៤ម×១៨ម នៅក្នុងតំបន់បឹងកក់។ សំរាប់គ្រួសារដែលត្រូវ បាន​គេ​បង្ខំ អោយទទួលយកផ្ទះល្វែង ដែលគ្មានគុណភាព នៅតំណាក់ត្រយឹង ទាមទារអោយរដ្ឋាភិបាល និង​ក្រុមហ៊ុន​ផ្តល់ថវិកាបន្ថែមចំនួន ២ម៉ឺនដុល្លា សំរាប់ជួសជុលផ្ទះសម្បែង សងបំណុលគេ បង្កើតមុខរបរថ្មី ដើម្បី​ផ្គត់ផ្គង់​គ្រួសារ និងផ្តល់ការគាំទ្រ ដល់ការសិក្សារបស់កូនៗ។ «ញត្តិ»ដែលបានដាក់ មានពាក់ព័ន្ធតែ​សហគមន៍​បឹង​កក់​ចាកចេញ សហគមន៍បឹងកក់ និងសហគមន៍បុរីកីឡាប៉ុណ្ណោះ ចំនែកឯសហគមន៍​ថ្ម​គោល​វិញ គឺ​មក​គាំទ្រ។

ក្រុមពលរដ្ឋ បានចង្អុល​ទម្លាក់កំហុស លើធនាគារពិភពលោក ដែលបានផ្តល់ប្រាក់កម្ចី ដល់រដ្ឋាភិបាលកម្ពុជា លើគម្រោងអភិវឌ្ឍន៍នានា ដែលហាក់ដូចជា បានផ្ដល់មធ្យោបាយ ឲ្យមានការធ្វើទុកបុកម្នេញ ទៅលើប្រជា​ពលរដ្ឋ ហើយធនាគារពិភពលោក បែរជាសំងំស្ងៀមយករួចខ្លួនទៅវិញ។ ពលរដ្ឋទាំងនោះបានស្រែកថា ភាព​មិន​អើពើ​របស់ធនាគារពិភពលោក លើគម្រោងផ្តល់ឥណទានរបស់ខ្លួន ទៅរដ្ឋាភិបាលនោះ ជាការរួមចំណែក ឃុបឃិត ឲ្យមានការរំលោភសិទ្ធិលំនៅដ្នាន របស់ប្រជាជន។

មិនមានការឆ្លើយតប ពីសំណាក់ធនាគារពិភពលោកនៅឡើយ មកទល់នឹងពេលនេះ ហើយមន្ត្រីទទួល​ខុស​ត្រូវ​របស់ធនាគារ ក៏មិនអាចទាក់ទង ដើម្បីការធ្វើអាត្ថាធិប្បាយបានដែរ។

យ៉ាងណា ប្រជាពលរដ្ឋដែលបានទៅធ្វើការតវ៉ា បានលើកឡើងថា នៅមានប្រជាពលរដ្ឋប្រមាណ ចំនួន​៧គ្រួសារ​ទៀត មិនទាន់មានដំណោះស្រាយ  ហើយប្រធានរដ្ឋសភា លោក ហេង សំរិន ក៏ធ្លាប់បានអន្តរាគន៍ ឲ្យអាជ្ញាធរពន្លឿនការដោះស្រាយ ជូនពួកគាត់ផងដែរ តែអាជ្ញាធរទាំងនោះ ហាក់មិនអើពើអ្វីសោះ។ ប្រជា​ពលរដ្ឋទាំងនោះ បានអះអាងក្នុងឆ្នាំ២០១០ អាជ្ញាធរឃុបឃិតជាមួយក្រុមហ៊ុនឯកជន បានបូមខ្សាច់ពន្លិច​ផ្ទះ​របស់ពួកគាត់ ដោយមិនបានផ្តល់សំណងសមរម្យឡើយ។ ករណីនេះ បានបង្កឲ្យមានការប៉ះពាល់ ដល់ប្រជា​ពលរដ្ឋ​រស់នៅទីនោះ ជាច្រើនគ្រួសារ។ ការពន្លិចផ្ទះ ដោយការបូមខ្សាច់នេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្លះ ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ ពីលំនៅដ្ឋានរបស់ពួកគេ ជាមួយនឹងសំណង ដ៏ទាបបំផុត៕


សូមទស្សនាវីដេអូនៃរូបភាពបំបែក និងការតវ៉ាដូចខាងក្រោម៖


» ដើម្បីទស្សនាវីដេអូផ្សេងទៀត សូមចុច Subscribe!


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...