យ៉ោម បុប្ផា៖ ខ្ញុំ​ខ្លាច​ដូច​ប៊ន សំណាង និង​​សុខ សំអឿន ដោះ​លែង​ហើយ​ចាប់​វិញ

បន្ទាប់ពីដំណើរការសវនាការអស់រយៈពេលជាង៣ម៉ោង ក្រោមក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ ពីសំណាក់អ្នក​សារព័ត៌មានជាតិ-អន្តរជាតិ ក្រុមអង្គការសិទ្ធិមនុស្ស តំណាងរាស្រ្តបក្សជំទាស់ ព្រះសង្ឃ និងអ្នកភូមិបឹងកក់សរុបច្រើន​ជាង​៥០០នាក់ តុលាការកំពូលកម្ពុជា បានសម្រេចដោះលែងសកម្មជនដីធ្លីអ្នកស្រី យ៉ោម បុប្ផា អោយនៅក្រៅឃុំបណ្តោះអាសន្ន តែបានបង្វិលសំណុំរឿងទៅសាលាឧទ្ធរណ៍ឲ្យកាត់ក្តីឡើងវិញ ខណៈអ្នកស្រី យ៉ោម បុប្ផា និងក្រុមអ្នកតាមដាន​សំណុំរឿង​នេះ មិនបានសម្តែងការពេញចិត្ត ចំពោះការសម្រេចរបស់តុលាការកំពូលនោះទេ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: November 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីដំណើរការសវនាការអស់រយៈពេលជាង៣ម៉ោង ក្រោមក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ ពីសំណាក់អ្នក​សារព័ត៌មានជាតិ-អន្តរជាតិ ក្រុមអង្គការសិទ្ធិមនុស្ស តំណាងរាស្រ្តបក្សជំទាស់ ព្រះសង្ឃ និងអ្នកភូមិបឹងកក់សរុបច្រើន​ជាង​៥០០នាក់ តុលាការកំពូលកម្ពុជា បានសម្រេចដោះលែងសកម្មជនដីធ្លីអ្នកស្រី យ៉ោម បុប្ផា អោយនៅក្រៅឃុំបណ្តោះអាសន្ន តែបានបង្វិលសំណុំរឿងទៅសាលាឧទ្ធរណ៍ឲ្យកាត់ក្តីឡើងវិញ ខណៈអ្នកស្រី យ៉ោម បុប្ផា និងក្រុមអ្នកតាមដាន​សំណុំរឿង​នេះ មិនបានសម្តែងការពេញចិត្ត ចំពោះការសម្រេចរបស់តុលាការកំពូលនោះទេ។


អ្នកស្រី យ៉ោម បុប្ផា បន្ទាប់ពីត្រូវបានដោះលែងឲ្យមានសេរីភាពជាបណ្ដោះអាសន្ន។ (រូបភាព MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - ប្រធានក្រុមប្រឹក្សាជំនុំជម្រះរបស់តុលាការកំពូល លោក ឃឹម ប៉ុន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ បន្ទាប់ពីបានអានអង្គហេតុ និងអង្គច្បាប់ក្នុងសំណុំរឿងព្រហ្មទណ្ឌដ៏ចម្រូងចម្រាសនេះ នៅចំពោះមុខភាគីពាក់ព័ន្ធ ដែល​មានវត្តមាននៅក្នុងសាលសវនាការតុលាការកំពូល បានសម្រេចប្រកាសដោះលែងអ្នកស្រី យ៉ោម បុប្ផា ឲ្យនៅក្រៅឃុំ​បណ្តោះអាសន្ន តែបានបង្វិលសំណុំរឿងនេះទៅសាលាឧទ្ធរណ៍ ដើម្បីបើកការស៊ើបអង្កេត និងជំនុំជម្រះឡើងវិញ។

បន្ទាប់ពីតុលាការកំពូលបានសម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន អ្នកស្រី យ៉ោម បុប្ផា បានថ្លែងប្រាប់ក្រុម​អ្នកសារព័ត៌មាន​នៅមុខតុលាការកំពូលថា ទោះជាពេលនេះមានសេរីភាពក៏ដោយ ក៏អ្នកស្រីមានការសោកស្តាយ​ ចំពោះការសម្រេច​របស់​តុលាការកំពូល ដែលមិនបានសម្រេចទម្លាក់ការចោទប្រកាន់លើរូបអ្នកស្រី ហើយបានបញ្ជូនសំណុំរឿងនេះទៅសាលា​ឧទ្ធរណ៍ឲ្យជំនុំជម្រះឡើងវិញ។

អ្នកស្រី យ៉ោម បុប្ផា បញ្ជាក់ថា៖ «ខ្ញុំសោកស្តាយ ខ្ញុំនៅតែមិនអាចទាមទាររកយុត្តិធម៌ពិតប្រាកដសម្រាប់ខ្ញុំបាន នៅបង្វិល​សំណុំរឿងនេះទៅសាលាឧទ្ធរណ៍វិញទៀត បើទោះជាដោះលែង តែខ្ញុំនៅតែមិនពេញចិត្តចំពោះសាលដីកានេះ ព្រោះខ្ញុំ​អត់បានប្រព្រឹត្តខុស ខ្ញុំគ្រាន់តែជាសកម្មជនតវ៉ាដីធ្លី(...) ហេតុអីត្រូវដោះលែងបណ្តោះអាសន្ន ខ្ញុំខ្លាចដូច ប៊ន សំណាង និង​សុខ សំអឿនអញ្ចឹង ដោះលែងហើយចាប់មកវិញទៀត»។

គួររម្លឹកថា អ្នកស្រី យ៉ោម បុប្ផា ដែលបានឃុំខ្លួនអស់រយៈពេល៤៤៥ថ្ងៃ គិតមកដល់ត្រឹមថ្ងៃដោះលែងនេះ ត្រូវបានសាលា​ដំបូងរាជធានី ផ្តន្ទាទោសកាលពី ខែ កញ្ញា ឆ្នាំ ២០១២ ឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទបង្កហិង្សា ដោយចេតនា និងតម្រូវ​ឲ្យ​រួមគ្នាបង់សំណងរដ្ឋប្បវេណី ដល់ជនរងគ្រោះ ៦០ លានរៀល។ ប៉ុន្តែក្រោយមកត្រូវបានសាលាឧទ្ធរណ៍ បន្ធូរបន្ថយទោស​មកនៅ ត្រឹម ២ ឆ្នាំ និងតម្រូវឲ្យរួមគ្នាបង់សំណងរដ្ឋប្បវេណី ដល់ជនរងគ្រោះសរុប ៣០ លានរៀល។

ជុំវិញសំណុំរឿង​នេះ ទាំងអ្នកស្រី យ៉ោម បុប្ផា អង្គការសិទ្ធិមនុស្សជាតិ-អន្តរជាតិ និងអ្នកតាមដានស្ថានការណ៍សង្គម​នៅ​កម្ពុជា ចាត់ទុកថាជារឿងអយុត្តិធម៌ ព្រោះតុលាការពុំមានភស្តុតាងគ្រប់គ្រាន់ និងរឹងមាំសម្រាប់ធ្វើការដាក់បន្ទុកនោះទេ ខណៈអ្នកស្រី យ៉ោម បុប្ផា ត្រូវបានគេដឹងថា ជាសកម្មជនដីធ្លីលេចធ្លោនៅតំបន់បឹងកក់ ដែលហ៊ានចេញមុខតវ៉ាវិវាទដីធ្លី​នៅតំបន់បឹងកក់ច្រើនឆ្នាំមកហើយនោះ។

លោក ឯ សុភាស ដែលជាតំណាងដើមចោទ ក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ ក៏មិនបានសម្តែងការពេញចិត្តចំពោះ​ការ​សម្រេច របស់តុលាការកំពូលផងដែរ ដោយលោកលើកឡើថា អ្នកស្រី យ៉ោម បុប្ផា និងបក្សពួក ពិតជាបានប្រើអំពើហិង្សា​លើជនរងគ្រោះ ព្រោះគេមានភស្តុតាង និងសាក្សីគ្រប់គ្រាន់។ អ្នកតំណាងរូបនេះលើកឡើងថា ជនរងគ្រោះអាចនឹងទទួល​បានយុត្តិធម៌ពិតប្រាកដ នៅពេលសំណុំរឿងនេះ ត្រូវបានជំនុំជម្រះឡើងវិញនៅសាលាឧទ្ធរណ៍។

តែបើយោងលើលោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្ស លីកាដូ ដែលបានតាមដាន​សំណុំរឿងនេះ បានលើកឡើងថា វាជារឿងអយុត្តិធម៌សម្រាប់អ្នកស្រី យ៉ោម បុប្ផា និង បានចាត់ទុកការសម្រេចរបស់​តុលាការកំពូល វាគ្រាន់តែជាការបោះបាល់ដាក់គ្នាតែប៉ុណ្ណោះ។ ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរូបនេះ​បញ្ជាក់ថា៖ «ការ​បោះបាល់ ពីព្រោះតុលាការកំពូលសម្រេចដោះលែងបណ្តោះអាសន្ន ដោយហេតុថាការសម្រេចរបស់​សាលាទ្ធរណ៍​មិន​​មាន​ភស្តុតាងគ្រប់គ្រាន់ គ្នានសំអាងហេតុច្បាស់លាស់ ចុះបើគ្មានសំអាងហេតុច្បាស់លាស់ មិនដោះលែងតែម្តងទៅ ចាំបាច់​បង្វិលទៅវិញទៅមកធ្វើអី ការសម្រេចនេះធ្វើឲ្យអ្នកស្រី យ៉ោម បុប្ផា នៅតែស្ថិតក្នុងភាពភ័យខ្លាច»។

---------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...