ជន​ជាតិ​ដើម​ភាគ​តិច​«កាចក់» ខេត្ត​រតនគីរី ចង់​រក្សា​ដី​«ប្រពៃណី»​ដូន​តា

អ្នកភូមិកាណាតធំ និងកាណាតតូច ស្ថិតក្នុងឃុំតាឡាវ ដែលមានប្រជាជនភាគច្រើនស្ទើរតែទាំងអស់ ជាជនជាតិ​ដើម​ភាគតិច (ជនជាតិ កាចក់) ប្រមាណជិត២០០គ្រួសារ បាននឹងកំពុងរស់នៅក្នុងភូមិខាងលើ ជាមួយនឹងការបាត់បង់​នូវ​ដីជាកម្មសិទ្ធិខ្លួន ក្រោមការវាទទីនៃក្រុមហ៊ុន វៀតណាម។ ពួកគាត់បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ឲ្យរក្សាទុកនូវ​ដីចំការ«វិលជុំ» ជាដីសមូហភាពជាបន្តរ ដើម្បីរក្សានូវតំណែល និងវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: February 26, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកភូមិកាណាតធំ និងកាណាតតូច ស្ថិតក្នុងឃុំតាឡាវ ដែលមានប្រជាជនភាគច្រើនស្ទើរតែទាំងអស់ ជាជនជាតិ​ដើម​ភាគតិច (ជនជាតិ កាចក់) ប្រមាណជិត២០០គ្រួសារ បាននឹងកំពុងរស់នៅក្នុងភូមិខាងលើ ជាមួយនឹងការបាត់បង់​នូវ​ដីជាកម្មសិទ្ធិខ្លួន ក្រោមការវាទទីនៃក្រុមហ៊ុន វៀតណាម។ ពួកគាត់បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ឲ្យរក្សាទុកនូវ​ដីចំការ«វិលជុំ» ជាដីសមូហភាពជាបន្តរ ដើម្បីរក្សានូវតំណែល និងវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។


ចម្ការ​កៅស៊ូ​ទើបនឹង​​ដាំថ្មី ​របស់​ក្រុម​ហ៊ុន​វៀតណាម​ នៅ​ក្នុង​ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី។ (រូបថត ផ្ដិតពីគេហទំព័រ​ខេមបូឌៀរដេល្លី)

សិទ្ធិដីធ្លី - ឃុំតាលាវជាតំបន់ដាច់ស្រយាលមួយ មានផ្លូវពិបាកធ្វើដំណើរជាទីបំផុត។ ចាប់តាំងពីឆ្នាំ២០១០ រហូត​មក​ដល់សព្វថ្ងៃនេះ ជនជាតិដើមភាគតិចទាំងនេះ បាននឹងកំពុងរងទុក្ខ ព្រោះតែដីសម្បទានសេដ្ឋកិច្ចក្នុងតំបន់នោះ ត្រូវ​បានផ្ដល់ដោយរដ្ឋាភិបាល ទៅឲ្យក្រុមហ៊ុនវៀតណាម ចំនួនបួនដើម្បីដាំដំណាំកៅស៊ូ។ ពួកគាត់បានលើកឡើងថា ដីនោះជាដីកេរ្តិ៍ដូនតា ដីព្រៃជំនឿ ដីកប់ខ្មោច ដីសមូហភាព និងចំការវិលជុំរបស់ពួកគាត់ ដែលកំពុងត្រូវបាន​ឈូស​ឆាយ រំលោភយកដោយក្រុមហ៊ុនទាំងបួន គ្មានស្រាកស្រាន្ដ។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាល្ងាចថ្ងៃទី២៥ ខែកម្ភៈនេះ អភិបាលស្រុកអណ្ដូងមាសលោក នង ដារិទ្ធ បានលើកឡើងថា រដ្ឋាភិបាល បានបង្កើតឲ្យប្រជាពលរដ្ឋទាំងអស់ នៅភូមិ«កាណាត» ទាំងនោះ ទៅជា​សហគមន៍«នីតិបុគ្គល» ដែលជាជនជាតិដើមភាគតិច «កាចក់» ដោយមានវិញ្ញាបណ្ណប័ត្រចេញដោយក្រសួងមហាផ្ទៃ តាមគោលនយោបាយចាស់ សកម្មភាពថ្មី លើសរាចរណ៍លេខ០០១​របស់រដ្ឋាភិបាល។ លោកបានបន្តរថា ក្រោយពី​ទទួលបានវិញ្ញាបណ្ណប័ត្រ ប្រជាពលរដ្ឋទាំងនេះនឹងគ្មានការព្រួយបារម្ភ ពីការបាត់បង់កម្មសិទ្ធិឡើយ។

លោកអភិបាលស្រុកអណ្ដូងមាសរូបនេះ បានបញ្ជាក់ពាក់ព័ន្ធនឹងដីចំការវិលជុំថា «ដីចំការវិលជុំ ជាដីកម្មសិទ្ធិ​របស់​ពួកគាត់ទាំងនោះហើយ។ ដីដែលពាក់ពន្ធ័ជាមួយ នឹងដីសម្បទានសេដ្ឋកិច្ចជាមួយក្រុមហ៊ុន ហើយកំពុងតែ​កាន់​កាប់​នោះ នឹងទទួលបានប័ណ្ណកម្មសិទ្ធិ។ (…) វិលជុំអីទៀតឥឡូវហ្នឹង! បើវិលជុំវាមិនចេះចប់ទេ។ (…) ប្រជាពលរដ្ឋនៅ​កាណាត​មាន១៦៨ គ្រួសារ។ ខ្ញុំធ្វើមធ្យមភាគដីមាន១២០ហិកតា។ (…) មានគ្រួសារខ្លះពីរហិកតា ខ្លះបីហិកតា និងខ្លះ​រហូតដល់ប្រាំហិកតា។ ក្រៅពីនេះជាដីរបស់ក្រុមហ៊ុន។ (…) គ្មានការរំលោភដោយក្រុមហ៊ុនទេ ព្រោះមិនឃើញមាន​ពួកគាត់មកប្តឹង។»

មេឃុំតាឡាវ លោក ផាត់ ប៊ុនឡត់ បានបញ្ជាក់ថា លោកគាំទ្រទៅនឹងការលើកឡើង របស់ប្រជាពលរដ្ឋរបស់លោក ក្នុងការរក្សាឲ្យមាននូវដី​សមូហភាព ពិសេសលើដីចំការវិលជុំ ព្រោះទុកសម្រាប់ការប្រើប្រាស់ ក្នុងការរកអនុផល​ព្រៃ​ឈើទៅតាម លក្ខណៈប្រពៃណីរបស់ពួកគាត់។ បើដូច្នេះ លោកនៅមានការព្រួយបារម្ភ ជួសប្រជាពលរដ្ឋទាំងនោះ សម្រាប់ថ្ងៃមុខ ព្រោះពួកគាត់នឹងគ្មានកម្មសិទ្ធិណាមួយច្បាស់លាស់។ លោកបន្តថា ដល់ដំណាក់កាលមួយ ដែលពួក​គាត់ត្រូវពឹងផ្អែកលើដីនោះ ហើយមិនអាចលក់បាន នោះជាបបញ្ហាមួយទៀតដែលត្រូវគិត និងដោះស្រាយ។ «បើដី​ដែលគាត់កំពុងប្រើប្រាស់ជាប្រចាំថ្ងៃ ហើយដាក់ចូលជាសមូហភាពវិញនោះ ខ្ញុំមិនគាំទ្រទេ តែបើគាត់រក្សានូវដីណា​មួយផ្សេង ជាលក្ខណៈវប្បធម៌នោះទើបខ្ញុំគាំទ្រ»។

ចំណែកលោក ឆាយ ធី អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តរតនគិរី បានពន្យល់ថា កាលណា​ប្រជាពលរដ្ឋទាំងនោះ មានបណ្ណកម្មសិទ្ធិជាក់ស្តែង ពួកគាត់នឹងបាត់បង់នូវ ដីព្រៃជំនឿ ដីកប់ខ្មោច ដីសមូហភាព និង​ចំការវិលជុំ ហើយក្លាយខ្លួនជាពលរដ្ឋខ្មែរទូទៅ លែងជាជនជាតិដើមភាគតិចទៀតទេ។ លោកបានបន្តរថា នេះហើយ ជាបញ្ហាសម្រាប់ពួកគាត់ ក្នុងការរក្សានូវវប្បធម៌ប្រពៃណី ឲ្យក្មេងៗជំនាន់ក្រោយ។ លោកបញ្ជាក់យ៉ាងដូច្នេះថា «អ្វី​ដែលជនជាតិដើមភាគតិចចង់បាន ជាដីសមូហភាព ព្រោះដីនោះ (វា) រួមមានដីព្រៃ ដីបំរុងទុក ដីព្រៃកប់ខ្មោច ដីទួល​សុវត្តិភាព ដីចំការវិលជុំ និងដីចំការកាន់កាប់ជាក់ស្តែង។ (…) បើដូចនេះ ពួកគាត់នឹងនៅរក្សាបាន នូវវប្បធម៌ប្រពៃណី​ជនជាតិដើមភាគតិចជាបន្ត និងមិនក្លាយជាពលរដ្ឋខ្មែរទូទៅទេ។ នេះហើយជាប្រយោជន៍សម្រាប់ពួកគាត់។»

សូមបញ្ជាក់ថា ឃុំតាឡាវ ស្ថិតក្នុងស្រុកអណ្តូងមាស ឆ្ងាយពីក្រុងបានលុង ខេត្តរតនគិរី ប្រមាណជាង៧០​គីឡូម៉ែត្រ។ នេះជាតំបន់មួយសម្បូរទៅដោយរ៉ែមាស ហើយបច្ចុប្បនមានក្រុមហ៊ុន និងប្រជាពលរដ្ឋ មួយចំនួនកំពុងរុករករ៉ែមាស ជីក និងរែងមាស ដោយប្រើប្រាស់ទឹកនៅក្នុងទន្លេសេសាន្ត ក្នុងស្រុកអណ្តូងមាស និងស្រុកតាវែង៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...