មជ្ឈមណ្ឌលសិទ្ធិមនុស្ស៖ បើកយុទ្ធនាការស្វែងរក«សម្លេងសេរីភាព» សម្រាប់យ៉ោម បុប្ផា
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 23, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានចេញសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី២៣នេះ ដើម្បីសម្ពោធយុទ្ធនាការ«សម្លេងសេរីភាព» គាំទ្រសកម្មជនសិទ្ធិដីធ្លី អ្នកស្រី យ៉ោម បុប្ផា ដែលកំពុងជាប់ពន្ធនាគារ និងស្នើសុំឲ្យមានការដោះលែងជាបន្ទាន់។
រូបភាពថតពីអេក្រង់នៃគេហទំព័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស។
សេចក្តីប្រកាសព័ត៌មានបន្តថា ប្រជាពលរដ្ឋទាំងអស់ អាចផ្ញើរសារជាសម្លេង ឬហៅតាមទូរសព្ទ័ មកកាន់ ម.ស.ម.ក ដើម្បីចូលរួមគាំទ្រអ្នកស្រីយ៉ោម បុប្ផា។ សម្លេង ឬសារទាំងនោះ នឹងត្រូវបានចាក់ផ្សាយ លើរលកធាតុអាកាសវិទ្យុ អែហ្វអឹម ១០៥ វេលាម៉ោង១១.០០ ដល់ម៉ោង១២.០០ថ្ងៃត្រង់ ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ រហូតអ្នកស្រីត្រូវបានដោះលែង។
ជាមួយគ្នានេះដែរ ក៏មានការដាក់បង្ហាញផ្ទាំងបដា រាប់ចំនួនថ្ងៃនៃការជាប់ពន្ធនាគារ របស់អ្នកស្រី យ៉ោម បុប្ផា នៅមុខការិយាល័យ ម.ស.ម.ក។
លោកសួន ប៊ុនធឿន អ្នកសម្របសម្រួលគម្រោងនៃ ម.ស.ម.ក បានបញ្ជាក់ថា ក្នុងសវនាការកាលពីថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១២ មិនមានភស្តុតាងណាមួយបង្ហាញឲ្យឃើញថា អ្នកស្រីមានទោសនោះទេ។ លោកបានបន្តថា «ដោយសារតែលោកស្រីជាអ្នកអនុវត្ត នូវសិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពក្នុការជួបជុំ និងសេរីភាពខាងសមាគម» ហេតុដូច្នេះហើយ ទើបលោកស្រី ត្រូវបានកត់សម្គាល់ដោយអាជ្ញាធរ។
លោកបន្តថា យុទ្ធនាការនេះ នឹងអាចជួយនាំយកមកនូវយុត្តិធម៌សម្រាប់លោកស្រី យ៉ោម បុប្ផា ក្នុងការជំរុញឲ្យសាលាឧទ្ធណ៍ ទំលាក់ចោលនូវបទចោទប្រកាន់។
ការចេញសេចក្តីប្រកាសព័ត៌មាននេះ បន្ទាប់ពីមានការជួបជុំគ្នាមួយ របស់អ្នកភូមិបឹងកក់ កាលពីថ្ងៃទី២២ខែមេសា នៅមុខទីស្នាក់ការគណបក្សប្រជាជនកម្ពុជា។ ប្រជាពលរដ្ឋប្រមាណជិតមួយរយនាក់ បានជួបជុំគ្នាស្នើសុំឲ្យ លោក កែប ជុតិមា ប្រធានគណបក្សប្រជាជនរាជធានីភ្នំពេញ ជួយធ្វើអន្តរាគមន៍រកដំណោះស្រាយ ទៅក្រុមហ៊ុនផានអ៊ីម៉ិច ដែលបានរុះរើ និងវាយកម្ទេចផ្ទះរបស់ពួកគាត់ចោល។
សូមរម្លឹកថា អ្នកស្រី យ៉ោម បុប្ផា ត្រូវសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទបង្កហិង្សាដោយចេតនា លើបុរសអ្នករត់ម៉ូតូឌុបពីរនាក់ កាលចុងឆ្នាំ២០១២។ តុលាការបានផ្តន្ទាទោសអ្នកស្រី ដោយតម្រូវដាក់ពន្ធានាគារបីឆ្នាំ និងបានពិន័យជាប្រាក់សរុបហុកសិបលានរៀល។ បច្ចុប្បន្នសំណុំរឿងអ្នកស្រីកំពុងស្ថិត ក្នុងសមត្ថកិច្ចរបស់សាលាឧទ្ធណ៍នៅឡើយ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៣ មេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ