សំនុំរឿងម៉ម សូណង់ដូ៖ សាលាឧទ្ធណ៍​បាន​ប្តូរ​បទ​ចោទ ព្រោះ​គ្មាន​អ្វី​ដាក់​បន្ទុក

ក្រោយពីបានបញ្ចប់សវនាការជាសាធារណៈ ក្នុងរយៈពេលពេញពីរថ្ងៃមកនេះ បុរស ចំណាស់ វ័យ ៧១ ឆ្នាំរូបនេះ បានដើរ​ចេញពីបន្ទប់សវនាការទាំងទឹកមុខញញឹម និងមានអមដំណើរដោយភរិយារបស់លោកផងនោះ និយាយទៅកាន់​អ្នក​សារព័តមានថា «ពូអរគុណ។ ពូសប្បាយចិត្តដែរ តែមិនទាន់សប្បាយចិត្តមួយរយភាគរយទេ ទាល់តែលើកលែងទោសពូ មួយរយភាគរយតែម្តង ទើបពូសប្បាយចិត្ត។ ពូត្រូវតស៊ូទៅទៀត នៅពេលណាដែលយើងធ្វើអ្វី ដែលមិនមានកំហុស។ ធម្មតាត្រូវរួចខ្លួន ព្រោះពូអត់ធ្វើអ្វីសោះ។»
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សវនាកានៅតុលាការសាលាឧទ្ធរណ៍ នារសៀលថ្ងៃពុធទី៦ ខែមីនានេះ បានត្រូវបានបញ្ចប់វេលាម៉ោងជិតបួន។ មេធាវី​ការពារលោក ម៉ម សូណង់ដូ បានស្នើសុំឲ្យសហចៅក្រម ទម្លាក់ចោលបទចោទប្រកាន់ ព្រោះតុលាការ មិនមានភស្តុតាង​អ្វីមួយ ដើម្បីជាសំអាងក្នុងការចោទប្រកាន់លោក ម៉ម សូណង់ដូ នោះទេ។ ឯតំណាងអគ្គព្រះរាជអាជ្ញា ក៏បានប្តូរបទចោទ​ប្រកាន់ លើលោកប្រធានវិទ្យុសម្បុកឃ្មុំរូបនេះដែរ ពី«មេក្លោងបង្កើតតំបន់អបគមន៍» មកជា «បទល្មើសព្រៃឈើ»វិញ។


លោក ម៉ម សូណង់ដូ នៅសាលាឧទ្ទរណ៍ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៣។ MONOROOM.info photo/ O. Vary។

ក្រោយពីបានបញ្ចប់សវនាការជាសាធារណៈ ក្នុងរយៈពេលពេញពីរថ្ងៃមកនេះ បុរស ចំណាស់ វ័យ ៧១ ឆ្នាំរូបនេះ បានដើរ​ចេញពីបន្ទប់សវនាការទាំងទឹកមុខញញឹម និងមានអមដំណើរដោយភរិយារបស់លោកផងនោះ និយាយទៅកាន់​អ្នក​សារព័តមានថា «ពូអរគុណ។ ពូសប្បាយចិត្តដែរ តែមិនទាន់សប្បាយចិត្តមួយរយភាគរយទេ ទាល់តែលើកលែងទោសពូ មួយរយភាគរយតែម្តង ទើបពូសប្បាយចិត្ត។ ពូត្រូវតស៊ូទៅទៀត នៅពេលណាដែលយើងធ្វើអ្វី ដែលមិនមានកំហុស។ ធម្មតាត្រូវរួចខ្លួន ព្រោះពូអត់ធ្វើអ្វីសោះ។»

ដូរបទចោទ ព្រោះមិនមានភស្ដុតាងដាក់បន្ទុកគ្រប់គ្រាន់

លោក ស សូវ៉ាន មេធាវីការពារលោក ម៉ម សូណង់ដូ ក្រោយពេលចេញពីបន្ទប់សវនាការ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «បទឧក្រិដ្ឋ» ដែលបណ្តាលឲ្យលោក ម៉ម សូណង់ដូ ជាប់ពន្ធនាគារម្ភៃឆ្នាំនោះ ត្រូវបានអគ្គព្រះរាជអាជ្ញា «មិនចោទប្រកាន់»​ទេ។ តែលោកត្រូវជាប់ពីបទ «បទមជ្ឈឹម» តាមមាត្រា ៦០៩ ដែលត្រូវជាប់ពន្ធនាគារពីប្រាំមួយខែ ទៅមួយឆ្នាំ និងតាមមាត្រា ៥០៤ ដែលត្រូវផ្តន្ទាទោស ជាប់ពន្ធនាគារពីមួយឆ្នាំទៅ បីឆ្នាំវិញ។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យបានលើកឡើងថា អគ្គព្រះរាជអាជ្ញាសុំឲ្យមានការលើកលែងចោទប្រកាន់ពីរករណី ទីមួយ«អ្នកញុះញង់ឲ្យមានកុប្បកម្ម» និងទីពីរ «ការប្រើប្រាស់អាវុធប្រឆាំងអាជ្ញាធរសាធារណៈ» ដែលជាបទឧក្រិដ្ឋ និង​ពីរ​ទៀតជាបទមជ្ឈឹម។ អ្នកវិភាគរូបនេះបញ្ជាក់ថា លោកមេធាវី សូ សុវ៉ាន សុំមិនឲ្យមានការចោទប្រកាន់ ពីបទ «បទកាប់​បំផ្លាញទន្ទ្រានព្រៃឈើ» ព្រោះជាបទឧក្រិតដូចគ្នា។ «តាមរយៈសវនាការ ជជែកដេញដោលរយៈពេលពីរថ្ងៃនេះ ខ្ញុំយល់ថា មានការបន្ធូរបន្ថយច្រើន ដូចជាបន្ថយនូវបទឧក្រិដ្ឋទាំងពីរនេះ។ ឯលទ្ធផលជាក់ស្តែង ប្រហែលជាគេកាត់តំរឹម នៅសល់​ប៉ុន្មាន អាចនឹងត្រូវព្យួរ។»

រីឯសកម្មជនអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលបានតាមដានអង្គសវនាកានេះ បានលើកឡើង​ប្រហាក់ប្រហែលគ្នានេះដែរ។ តែលោកបន្ថែមបានថា ក្នុងការជជែកដេញដោល និងការឆ្លើយបំភ្លឺរបស់អ្នកភូមិបីនាក់ ដែល​ជាដើមបណ្តឹងរដ្ឋប្បវេណី និងកំណត់ហេតុរបស់ជនជាប់ចោទប្រាំនាក់ ដែលបានប្តូរទៅជាសាក្សីនោះ មិនមានអ្វី ដើម្បី​ដាក់បន្ទុកចោទប្រកាន់លើលោក ម៉ម សូណង់ដូ នោះឡើយ។ «បើសិនជាមានភាពយុត្តិធម៌ លោក ម៉ម សូណង់ដូ នឹងត្រូវ​បានលើកលែងការចោទប្រកាន់» នេះជាសេចក្ដីសន្និដ្ឋាន របស់លោក អំ សំអាត។

ឯកសារវិភាគផ្លូវច្បាប់ សម្រាប់ការអនុវត្តច្បាប់

សាលដីកាសម្រេចនៃសំនុំរឿង មានរយះពេល២ថ្ងៃមកនេះ ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលា​ឧទ្ធរណ៍ លោក ឃុន លាងម៉េង លើកឡើងថា នឹងប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា វេលាម៉ោងប្រាំបីព្រឹកសប្តាហ៍ក្រោយ។

ស្របគ្នានេះដែរ ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍នៅថ្ងៃពុធនេះ បានទទួលយកនូវឯកសារវិភាគផ្លូវច្បាប់ ដែលបានស្នើ​ឡើងដោយប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈទៅធ្វើការពិចារណា។ ឯកសារនោះ​បាននិយាយ​ពីបទ​ពិសោធន៍ នៃការអនុវត្តច្បាប់ នៅតាមបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក ពាក់ព័ន្ធនឹង«សេរីភាពនៃការបញ្ចេញមតិ» និង​«ការចោទប្រកាន់លើអ្នកសារព័ត៌មាន» ដូចករណីលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំជាដើម។

សូមរម្លឹកថា នៅសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ម សូណង់ដូ ត្រូវចោទពីបទផ្ដើមគំនិតញុះញង់ អោយប្រជាពលរដ្ឋ​កាន់អាវុធប្រឆាំង រាជការ កុបកម្ម ជ្រៀតជ្រែកកិច្ចការសាធារណៈ តាមមាត្រា ២៨ ៤៥៦ ៤៥៧ និង ៤៦៤ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការបង្កើតចលនាតំបន់អបគមន៍នៅភូមិប្រម៉ា ស្រុកឆ្លូង ខេត្តក្រចេះ។ តាមរយៈបទចោទទាំងនេះ លោកត្រូវ​កាត់​អោយមានទោសម្ភៃឆ្នាំ និងពិន័យជាប្រាក់ដប់លានរៀល ។

សំណុំរឿងនេះ មានជនជាប់ចោទសរុបដល់ទៅដប់បួននាក់ រួមទាំងលោក ម៉ម សូណង់ដូ ដែរ។ តែនៅក្នុងថ្ងៃសវនាការវិញ មានតែជនជាប់ចោទបួននាក់ប៉ុណ្ណោះ ដែលបានជាប់ពន្ធនាគារ។ តុលាការក៏បានកាត់ទោសទោសកំបាំងមុខ ជនជាប់ចោទ​បីនាក់ ដាក់ពន្ធនាគារក្នុងមក្នាក់ៗពីដប់ប្រាំឆ្នាំ ដល់សាមសិបឆ្នាំ ក្នុងនោះក៏មានឈ្មោះ ប៊ុន រដ្ឋា ដែលជាប់ចោទ​ដោយ​អាជ្ញាធរភូមិប្រម៉ា ជាដើមបណ្តឹងរដ្ឋប្បវេណី។

គួបញ្ជាក់ថា ប្រជាពលរដ្ឋដែលគាំទ្រលោក ម៉ម សូណង់ដូនៅខាងមុខសាលាឧទ្ទរណ៍ រយះពេលពីរថ្ងៃនេះ ក៏នៅតែបន្ត​លើកបដា ញត្តិស្នាមមេដៃ ផ្ទាំងរូបថត និងមានកាន់ព្រះពុទ្ធរូប បាននាំគ្នាសូត្រធ៌ម ដោយម្នាក់ៗ មានទាំងពាក់មួក ធ្វើពី​ក្រដាស់កូតុងសរសេរជាភាសាអង់គ្លេស និងខ្មែរ ដែលមានន័យថា «ដោះលែងលោក ម៉ម សូណង់ដូ»។ អាជ្ញាធរមិនមាន​សកម្មភាពហឹង្សាណាមួយ ដើម្បីបំបែក ប្រជាពលរដ្ឋទាំងនោះទេ ដោយគ្រាន់តែបិទទ្វាររបងនៃសាលាឧទ្ធរណ៍ បង្ការការ​សម្រុកចូលរបស់ពលរដ្ឋទាំងនោះ ទៅក្នុងបរិវេណតុលាការតែប៉ុណ្ណោះ៕

--------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៧ មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...