អ៊ែនដ្រា ភីលូ ចង់បន្ដកិច្ចសន្យាជាថ្មីជាមួយក្លឹប ជូវឺនតូស
កីឡាករខ្សែបម្រើជម្រើសជាតិ អន្តរជាតិជើងចាស់អ៊ីតាលី អ៊ែនដ្រា ភីលូ (Andrea Pirlo) បានអះអាងថា គេមានបំណងប្រាថ្នាចង់ចុះហត្ថលេខាជាថ្មី ជាមួយក្លឹបចាស់ ជូវឺនតូស (Juventus) សម្រាប់រដូវកាលថ្មីនេះ។
កីឡាករអ៊ីតាលី អ៊ែនដ្រា ភីលូ នៅក្នុងឯកសណ្ឋានជាខ្សែបម្រើជម្រើសជាតិរបស់ប្រទេសខ្លួន។ (រូបថត whitegadget.com)
បាល់ទាត់អ៊ីតាលី - កីឡាករវ័យ៣៤ឆ្នាំរូបនេះ នឹងត្រូវផុតកំណត់កិច្ចសន្យាចាស់របស់ខ្លួន នាចុងបញ្ចប់នៃរដូវកាលនេះ ហើយគេក៏អាចមានផ្លូវនៅក្នុងការផ្លាស់ប្ដូរ ទៅកាន់ក្លឹបយក្សនៅអេស្ប៉ាញ គឺរៀលម៉ាឌ្រីដ (Real Madrid) ឬក៏អាចវិលត្រឡប់ទៅកាន់ អតីតក្លឹបចាស់របស់គាត់ អាស៊ូស៊ីអាស៊ីយោនេ កាលស៊ីយ៉ូ មីឡង់ (Associazione Calcio Milan)។
បើទោះជាយ៉ាងណាក៏ដោយ កីឡាករខ្សែបម្រើជើងចាស់រូបនេះ បានប្រាប់ឲ្យដឹងថា រូបគេមានការប្តេជ្ញាចិត្តចង់ស្នាក់នៅជាមួយក្លឹបជូវឺនតូស ជាបន្តទៀតហើយក៏សង្ឃឹមដែរថានឹងមានកិច្ចព្រមព្រៀងថ្មីមួយ ដែលអាចធ្វើឡើងនាពេលដ៏ខ្លីខាងមុខនេះ វានឹងបញ្ជាក់ពីអនាគតរបស់គេ ក្នុងការស្នាក់នៅជាមួយក្លឹបមួយនេះ ជាបន្ដទៀត។
កីឡាករលំដាប់អន្ដរជាតិរូបនេះ កើតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៧៩ គឺជាកីឡាករបាល់ទាត់របស់អ៊ីតាលី ដែលលេងឲ្យក្លឹបជូវឺនតូស ក្នុងក្របខ័ណ្ឌ សឺរី អេ (Serie A) និងក្រុមជម្រើសជាតិអ៊ីតាលី។ កីឡាកររូបនេះធ្លាប់លេងឲ្យក្លឹបជាច្រើននៅប្រទេសអ៊ីតាលី ដូចជា៖ Brescia, Inter Milan,Reggina,AC Milan,Juventus ហើយកីឡាកររូបនេះធ្លាប់បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញគួរសម លើឆាកអន្តរជាតិ ជាមួយអតីតក្លឹបចាស់របស់ខ្លួន កាលស៊ីយ៉ូ មីឡង់ និងធ្លាប់បានជួយឲ្យក្លឹបមួយនេះ ទទួលបានពានជាច្រើនផងដែរមានដូចជា Champion League, Copa Italy, Italy Serie A នាពេលកន្លងមកដែរ៕
--------------------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤