ពលរដ្ឋនៅពោធិ៍សាត់ ថាក្រុមហ៊ុន ទ្រី ភាព ឈូសរំលោភដីធ្លីខ្លួន
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី៣ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 06, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ថិតក្រោម នយោបាយអភិវឌ្ឍន៍ និងគ្រប់គ្រង របស់រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ដែលបានផ្ដល់ដី ប្រភេទសម្បទានសេដ្ឋកិច្ច ទៅឲ្យក្រុមហ៊ុនឯកជនកាន់កាប់ តែបែរជាប៉ះពាល់ ទៅលើដីរបស់ពលរដ្ឋ ដែលបានរស់នៅទីនោះ តាំងពីច្រើនឆ្នាំមកហើយ។ ជម្លោះដីធ្លីជាច្រើន មិនត្រូវបានអាជ្ញាធរថ្នាក់តំបន់ រកដំណោះស្រាយឲ្យបានឡើយ ដោយរុញឲ្យពលរដ្ឋរងគ្រោះ ឡើងមកថ្នាក់ជាតិ ដើម្បីធ្វើការតវ៉ា។ ការឡើងមកតវ៉ា ដល់ថ្នាក់ជាតិនៅឯភ្នំពេញ វាគ្រាន់តែជា «ការចុះទឹក ជួបក្រពើ និងការឡើងលើ ជួបខ្លា» ប៉ុណ្ណោះ ព្រោះរដ្ឋាភិបាល បានរុញករណីវិវាទដីធ្លីទាំងនោះ ត្រឡប់ទៅថ្នាក់មូលដ្ឋាន ឲ្យធ្វើការដោះស្រាយវិញដដែល។
នេះជាករណីវិវាទដីធ្លីមួយ ក្នុងខេត្តពោធិសាត់ ដែលបានកើតឡើង តាំងពីឆ្នាំ២០១០មកនោះ តែក្ដីសង្ឃឹមថា នឹងមានដំណោះស្រាយសមស្រប សម្រាប់ពលរដ្ឋ ហាក់នៅឆ្ងាយសន្លឹម។ ដីវិវាទនោះ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង រីឯក្រុមហ៊ុន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាល ដើម្បីទៅអភិវឌ្ឍន៍គម្រោង នៅទីនោះ ត្រូវបានពលរដ្ឋ អះអាងថា ជាក្រុមហ៊ុន របស់លោកឧកញ៉ា ទ្រី ភាព ដ៏មានឥទ្ធិពលមួយរូប នៅក្នុងជួរគណបក្សកាន់អំណាច។
ពលរដ្ឋមួយរូប អ្នកស្រី យ៉ុង រ៉ាន់ ពីក្នុងចំណោមប្រជាពលរដ្ឋ៣២គ្រួសារ ដែលកំពុងរងគ្រោះ ដោយការឈូសឆាយដីធ្លី និងផ្ទះសំបែងពីសំណាក់ក្រុមហ៊ុន បានរៀបរាប់រំលឹក រឿងហេតុឡើងវិញត្រួស ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ដីជម្លោះ ដែលមានទំហំ ១៩៥ ហិកតានេះ ត្រូវបានអាជ្ញាធរ ធ្វើការហាមឃាត់ មិនឲ្យភាគីណាមួយប៉ះពាល់ឡើយ ដោយរង់ចាំការដោះស្រាយ និងអន្តរាគមន៍តាមផ្លូវច្បាប់ ពីអាជ្ញាធរមូលដ្ឋានសិន។ តែនៅថ្ងៃទី១១ និងថ្ងៃទី១២ ខែឧសភា ក្រុមហ៊ុន ទ្រី ភាព បានធ្វើការកាយ លើកទំនប់ព្រំដី ទំហំ១.៥ម៉ែត្រ និងជម្រៅ៣ម៉ែត្រ លើដីពលរដ្ឋទាំង១៩៥ហិកតានោះ។
អ្នកស្រី យ៉ុង រ៉ាន់ បានថ្លែងឲ្យដឹងទៀតថា ប្រជាពលរដ្ឋឃើញបែបនេះ ក៏បាននាំគ្នាដាក់ញត្តិទៅកាន់ស្រុក ខេត្ត និងរហូតដល់ខុទ្ធកាល័យ លោកនាយករដ្ឋមន្រ្ត ហ៊ុន សែន នៅឯភ្នំពេញថែមទៀត។ អ្នកស្រីបានបន្តថា បើទោះបីជាមានញត្តិរាប់រយ របស់ប្រជាពលរដ្ឋក៏ដោយ តែការដោះស្រាយ ហាក់មិនមានប្រសិទ្ធិភាពឡើយ។ អ្នកស្រីថា ញត្តិរបស់ប្រជាពលរដ្ឋទាំងនោះ ដូចជាមិនបានឆ្លងកាត់មុខមន្រ្តីធំៗ ដែលមានសមត្ថកិច្ចសោះ។
កាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែមិថុនា កន្លងមកថ្មីៗនេះ មានការចូលទៅឈូសឆាយជាថ្មី ដោយក្រុមហ៊ុន ទ្រី ភាព ហើយប្រជាពលរដ្ឋ បានចូលទៅឃាត់ មិនឲ្យមានការឈូសឆាយ ដោយរង់ចាំការសម្រេចជាថ្មី ពីអាជ្ញាធរខេត្ត។ អ្នកស្រី យ៉ុង រ៉ាន់ បានថ្លែងឡើងថា កម្មកររបស់ក្រុមហ៊ុននោះ មិនបានស្តាប់ និងមិនបានឈប់ឡើយ នៅតែបន្តឈូសឆាយ។
ស្ត្រីពលរដ្ឋខាងលើ បានបង្ហាញការតូចចិត្តតូចថ្លើម របស់ខ្លួនជាបន្តថា កន្លងមក ប្រជាពលរដ្ឋបានចូលដាំដំណាំ លើដីកម្មសិទ្ធិរបស់ខ្លួននេះ តែត្រូវបានមន្រ្តីបរិដ្ឋាន មន្រ្តីសុរិយោដី និងសមត្ថកិច្ចប៉ូលីស មកពីខេត្ត ធ្វើការដកកំទេចចោលគ្មានសល់។ ផ្ទុយទៅវិញ សម្រាប់ក្រុមហ៊ុន ដែលកំពុងចូលឈូសឆាយកាយដីនេះ អាជ្ញាធរទាំងនោះ មិនត្រឹមតែមិនហាមឃាត់ទេ តែបែរជាជួយការពារ ឲ្យក្រុមហ៊ុនបន្តការឈូសឆាយ តាមចិត្ត។
ទស្សនាវដ្តី មិនអាចសុំការបញ្ជាក់ ជុំវិញបញ្ហាខាងលើ ពីលោក ម៉ៅ ថានិន និងលោក កើត ឆែ អភិបាល និងអភិបាលរង ខេត្តពោធិសាត់បានទេ ដោយទូរស័ព្ទ មិនអាចភ្ជាប់ទំនាក់ទំនងបាន។ តែបើតាមការអះអាង របស់អ្នកស្រី យ៉ុង រ៉ាន់ បានស្រង់សម្ដី របស់មេភូមិ មកបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥នេះ នឹងមានកិច្ចប្រជុំមួយថ្នាក់ខេត្ត ស្តីពីដំណោះស្រាយ និងវិវាទដីធ្លី ក្នុងនោះ ក៏មានការដោះស្រាយបញ្ហាដី នៅក្នុងភូមិសង្គមថ្មីនេះផងដែរ។
មិនអាចទាក់ទងលោក ទ្រី ភាព ដើម្បីធ្វើការបំភ្លឺ ពីការលើកឡើងខាងលើ របស់ពលរដ្ឋ ក្នុងភូមិសង្គមថ្មីបានទេ នៅពេលភ្លាមៗនេះ។
លោក សឿន ជុំសុធន មន្រ្តីឃ្លាំមើលសិទ្ធិមនុស្ស និងដោះស្រាយដីធ្លី របស់អង្គការច្រាក់ បានលើកឡើងថា ក្នុងអំឡុងពេលពីរថ្ងៃមកនេះ ក្រុមហ៊ុន ទ្រី ភាព បានយកគ្រឿងចក្រ ទៅឈូសឆាយដីរបស់ប្រជាពលរដ្ឋ ហើយកំពុងបន្តធ្វើ បើទោះបីមានការហាមឃាត់ ពីពលរដ្ឋយ៉ាងណាក៏ដោយ។ លោក សុធន់ បានបញ្ជាក់ថា៖ «អាជ្ញាធរបានធ្វើការហាមឃាត់ ទៅលើភាកីទាំងសងខាង ទាំងប្រជាពលរដ្ឋ ទាំងក្រុមហ៊ុន ថាដីកំពុងមានទំនាស់នេះ មិនឲ្យភាគីណាមួយ ចូលទៅប៉ះពាល់ ឬធ្វើអ្វីឡើយ។ (…) ប្រជាពលរដ្ឋបានគោរពតាម។ ដោយឡែក ក្រុមហ៊ុន ទ្រី ភាព មិនបានអនុវត្តតាមឡើយ ដោយនាំយកគ្រឿងចក្រ ទៅធ្វើការឈូសឆាយ លើដីទំនាស់នោះ ដោយមានទាំងទាហានទៅការពារផង។»
សូមរំលឹកថា ប្រជាពលរដ្ឋ ដែលបានកំពុងរស់នៅ ក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់នោះ ភាគច្រើន ជាអតីតទាហានខ្មែរក្រហម ហើយបានមករស់នៅ លើដីធ្លីទាំងនោះ ក្រោយសមាហរណកម្ម ជាមួយរដ្ឋាភិបាល ក្នុងអំឡុងឆ្នាំ១៩៩៨។ បន្ទាប់មក ប្រជាពលរដ្ឋទាំងនោះ ត្រូវបានទទួលស្គាល់ លើសិទ្ធិនៃកម្មសិទ្ធិដីធ្លី ត្រឹមត្រូវពីអាជ្ញាធរ។ វិវាទដីធ្លីនេះ បានកើតឡើង ក្រោយមានការបែកធ្លាយ ពីគម្រោងរបស់រដ្ឋាភិបាល ដែលគ្រោងនឹងបើកច្រកទ្វារអន្តរជាតិ កម្ពុជា-ថៃ រវាងខេត្តពោធិ៍សាត់ ជាមួយនឹងខេត្តត្រាតប្រទេសថៃ តាំងពីឆ្នាំ២០១០កន្លងមក។ សូមបន្ថែមថា ពីទីរួមខេត្តពោធិ៍សាត់ កាត់តាមស្រុកវាលវែង ទៅកាន់ខេត្តត្រាតប្រទេសថៃ មានចម្ងាយ១៧៦ គីឡូម៉ែត្រ ដោយធ្វើដំណើរ តាមច្រក៥៦៕