ក្រសួងធ្វើការដេញថ្លៃ«រ៉ែខ្សាច់» ដើម្បីបើកផ្លួវនាវាចរណ៍
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៣ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 05, 2015
- ប្រធានបទ: រ៉ែខ្សាច់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាព្រឹកថ្ងៃទី៣ ខែឧសភានេះ ជាថ្ងៃដំបូងក្នុងការផ្តើមប្រកាស ស្វែងរកក្រុមហ៊ុន មានសិទ្ធិទទួលបាន នូវការធ្វើអាជីវកម្មរ៉ែខ្សាច់ ចំនួន«៤ឡូតិ៍» ក្នុងតំបន់ដោយឡែកៗពីគ្នា។ ការរប្រកាសជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុន ធ្វើអាជីវកម្មបូមខ្សាច់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ហូ វិចិត្រ បានលើកឡើងថា ការដាក់ឲ្យមានការដេញថ្លៃនេះ ក្នុងគោលបំណងស្តារផ្លូវនាវាចរណ៍ តាមដងទន្លសមេគង្គ ស្ថិតក្នុងតំបន់ប្រវ៉ាយស្តៅ តាឯក ស្រុកកងមាស ខេត្តកំពង់ចាម និង ក្នុងស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោករដ្ឋលេខាធិការ បានរៀបរាប់ថា ការប្រកាសដាក់ឲ្យដេញថ្លៃនេះ ត្រូវបានធ្វើឡើង តាំងពីថ្ងៃទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ រហូតមកដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥នេះ។ លោកថា ក្នុងរយៈពេលនេះ ឃើញមានក្រុមហ៊ុនប្រមាណ៤០ ក្រុមហ៊ុន ដែលបាន«ទិញឯកសារដេញ»ថ្លៃ ចំនួន៦២ច្បាប់ សម្រាប់រ៉ែខ្សាច់ ទាំង៤ឡួតិ៍ ក្នុងនោះឡូតិ៍លេខ១ មានក្រុមហ៊ុនចំនួន២០ (ដែលបានទិញឯកសារដេញថ្លៃ) ឡូតិ៍លេខ២ មានក្រុមហ៊ុនចំនួន១៩ ឡូតិ៍លេខ៣ មានក្រុមហ៊ុនចំនួន១២ និងឡូតិ៍លេខ៤ មានក្រុមហ៊ុនចំនួន១១។
លោក ហូ វិចិត្រ បានបន្តថា ក្រោយការបញ្ចប់ការអនុញ្ញាត ឲ្យដាក់ពាក្យដេញថ្លៃនេះ គិតមកត្រឹមថ្ងៃទី៣ ខែឧសភានេះ មានក្រុមហ៊ុនត្រឹមតែ៣០ប៉ុណ្ណោះ ដែលបានដាក់សំណើដេញថ្លៃជាផ្លូវការ។ ក្នុងនោះសម្រាប់ឡូតិ៍លេខ១ មានក្រ៊ុមហ៊ុនចំនួន៩ ឡូតិ៍លេខ២ មានក្រ៊ុមហ៊ុនចំនួន៨ ឡូតិ៍លេខ៣ មានក្រ៊ុមហ៊ុនចំនួន៧ និងឡូតិ៍លេខ៤ មានក្រ៊ុមហ៊ុនចំនួន៦។
មានការចូលរួម ពីមន្ត្រីប្រឆាំងអំពើពុករលួយ
លោកបានបញ្ជាក់ថា នេះជាដំណាក់កាលដំបូង នៃការដេញថ្លៃ ហើយក្រសួងនឹងធ្វើការត្រួតពិនិត្យ លើក្រុមហ៊ុនទាំងអស់ ដែលបានចូលរួមដេញថ្លៃនេះ នូវសមត្ថភាព បច្ចេកទេស ហិរញ្ញវត្ថុ រួមទាំងអត្ថប្រយោជន៍បន្ថែមផ្សេងទៀត។ លោកបន្តថា ក្រោមការត្រួតពិនិត្យនូវកិច្ចការទាំងនេះ ក្រុមហ៊ុនដែលទទួលបានពិន្ទុខ្ពស់ជាងគេ ក្រោយពីការវាយតម្លៃនោះ និងប្រកាសថា បាន«ឈ្នះ»ក្នុងការដេញថ្លៃ។
លោកបានបង្ហាញថា ការដេញថ្លៃលើអាជីវកម្មរ៉ែខ្សាច់នេះ ត្រូវបានធ្វើឡើងដោយម៉ត់ចត់ ក្រោមការរៀបចំឡើងដោយក្រសួងរ៉ែ និងថាមពល ព្រមទាំងមានការចូលរួម ពីសំណាក់មន្រ្តីប្រឆាំង អំពើពុករលួយ ប្រចាំក្រសួងនេះផង។ លោកថា ក្រោមការរៀបចំនេះ អាចធ្វើឲ្យដំណើរការ នៃការដេញថ្លៃនេះ ប្រកបដោយភាពម៉ត់ចត់ ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌។ ឯការប្រកាស ស្វែងរកអ្នក«ឈ្នះ» ក្នុងការដេញថ្លៃនេះ អាចនឹងធ្វើ នាពេលឆាប់ៗខាងមុខ តាមការដែលអាចធ្វើទៅបាន៕