រដ្ឋាភិបាលកម្ពុជា ប្រកាសរំលាយអង្គការ«មាតាធម្មជាតិ»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 15, 2017
- ប្រធានបទ: បរិស្ថាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទីបំផុតទៅ វាសនារបស់អង្គការចលនាមាតាធម្មជាតិ មិនខុសគ្នាប៉ុន្មាន ពីស្ថាបនិករបស់ខ្លួន លោក អាឡិចហ្សង់ដ្រូ ដេវិតសិន (Alejandro Gonzalez Davidson) ជាតិអេស្ប៉ាញ ដែលត្រូវរដ្ឋាភិបាលកម្ពុជា បណ្ដេញចេញពីប្រទេស កាលពីពីរឆ្នាំមុននោះទេ។ នៅថ្ងៃនេះ អង្គការមួយនេះ ដែលសកម្មខាងការងារឃ្លាំមើល ព្រៃឈើ ធនធានខ្សាច់ និងធនធានធម្មជាតិ ផ្សេងទៀតនោះ ត្រូវបានក្រសួងមហាផ្ទៃកម្ពុជា ចេញប្រកាសលុបឈ្មោះចោល ចេញពីបញ្ជីអង្គការក្រៅរដ្ឋាភិបាល របស់ក្រសួងជាស្ថាពរ។
ការលុបឈ្មោះអង្គការនេះ ចេញពីបញ្ជីក្រសួង បានកើតឡើងតែប៉ុន្មានថ្ងៃ ក្រោយការចាប់ខ្លួនសកម្មជនពីរនាក់ របស់អង្គការនេះ ដោយអាជ្ញាធរខេត្តកោះកុង មុននឹងសកម្មជនទាំងពីរ ត្រូវបានតុលាការបញ្ជាឲ្យឃុំខ្លួន នៅក្នុងពន្ធនាគារ នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមបទ«ញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងបទ «ធ្វើឲ្យប៉ះពាល់ ដល់សិទ្ធិ ខាងរូបភាពនៃបុគ្គល»។
សេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ ចុះហត្ថលេខា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយលោករដ្ឋលេខាធិការ ប៉ុល លឹម បានសរសេរថា៖ «ត្រូវបានលុបឈ្មោះ អង្គការមាតាធម្មជាតិ ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្ដាល តាំងនៅវត្តចំការឈូក ភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពុងស្ពឺ ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាល នៅក្រសួងមហាផ្ទៃ»។
ប៉ុន្តែសេចក្តីប្រកាសនេះ មិនបានបញ្ជាក់ ពីមូលហេតុនៃការលុបឈ្មោះអង្គការនេះទេ។
ក្នុងពេលភ្លាមៗ មិនអាចទាក់ទងអ្នកទទួលខុសត្រូវ របស់អង្គការខាងលើ ឬលោក អាឡិចហ្សង់ដ្រូ ដេវិតសិន ដើម្បីសុំប្រតិកម្មបានទេ។
បង្កើតឡើងក្នុងឆ្នាំ២០១២ អង្គការចលនាមាតាធម្មជាតិ ជាមួយនឹងស្ថាបនិករបស់ខ្លួន លោក អាឡិចហ្សង់ដ្រូ ដេវិតសិន ដែលគេស្គាល់ថា ចេះនិយាយខ្មែរយ៉ាងច្បាស់នោះ បានធ្វើសកម្មភាពយ៉ាងលេចធ្លោ ក្នុងការប្រឆាំងការសាងសង់ទំនប់វារីអគ្គិសនី ក្នុងតំបន់អារ៉ែង និងការនាំខ្សាច់សមុទ្រ ចេញទៅលក់នៅក្រៅប្រទេស ដែលអង្គការនេះ បានរកឃើញថា បានប៉ះពាល់ធ្ងន់ធ្ងរ ទៅដល់បរិស្ថាន ធនធានធម្មជាតិ ហើយថែមទាំង ធ្វើឲ្យបាត់បង់ថវិកាជាតិ។
នៅលើទំព័រហ្វេសប៊ុករបស់អង្គការ និងរបស់ស្ថាបនិករបស់អង្គការ គេមានឃើញសរសេរជាចុងក្រោយ រៀបរាប់ពីការចាប់ខ្លួនសកម្មជនទាំងពីរ ឈ្មោះ ហ៊ុន វណ្ណៈ និង ឌឹម គុណឌី ដែលបានទៅថតរូប នាវាយក្សធ្វើអាជីវកម្មខ្សាច់ ចំនួនពីរគ្រឿង ដែលចតនៅខាងមុខ ឃុំព្រែកខ្សាច់ នាខេត្តកោះកុង។
ទំព័រហ្វេសប៊ុកទាំងពីរ បានសរសេរដូចគ្នាថា៖ «ប៉ូលីស និងសន្តិសុខរបស់ក្រុមហ៊ុន បានឃាត់ខ្លួនពួកគេទាំងពីរនាក់ កាលពីវេលាម៉ោង ១០ និង ៤៥នាទី ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ហើយសមត្ថកិច្ចកំពុងបញ្ចួនពួកគេ ទៅកាន់ស្នងការនគរបាល ខេត្តកោះកុង ក្រោមលេសថា ដើម្បីបន្តនីតិវិធី។ ក្រុមហ៊ុន ដែលគេសង្ស័យថា នៅក្រោមឱវាទ របស់លោក លី យ៉ុងផាត់ ដែលមានរហ័សនាមថា ស្តេចកោះកុង បានដាក់ពាក្យប្តឹង សកម្មជនទាំងពីរនាក់នោះ ថាបានចូលទៅថតវិដេអូ នៅក្នុងទីតាំង របស់ក្រុមហ៊ុន។»។
ទំព័រហ្វេសប៊ុករបស់អង្គការ បានសរសេរថា៖ «តើដែនសមុទ្រខ្មែរ ជាដែនដីរបស់ក្រុមហ៊ុន ឯកជនដែរ ឬយ៉ាងណា [ទើបគេថតរូប ពីខាងក្រៅមិនបាន]? តើអាជ្ញាធរកំពុងតែអនុវត្តច្បាប់ ឬគ្រាន់តែធ្វើតាមបទបញ្ជា របស់ក្រុមហ៊ុន?»៕