ពលរដ្ឋរងគ្រោះនឹង«ស្ករប្រឡាក់ឈាម» ទទូចឲ្យមានការដោះស្រាយ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 01, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«រាល់ការអភិវឌ្ឍន៍ពិតជាល្អ តែធ្វើយ៉ាងណាកុំឲ្យមានការប៉ះពាល់ដល់ដីប្រជាពលរដ្ឋ។ រដ្ឋាភិបាល ឬក្រុមហ៊ុនទាំងនោះធ្វើការអភិវឌ្ឍន៍ ក្នុងទម្រង់ដីសម្បទាននឹងមានការរីកចំរើន បើមិនមានការប៉ះពាល់ដីប្រជាពលរដ្ឋ។ ហើយបើអភិវឌ្ឍន៍ប៉ះពាល់ដីប្រជាពលរដ្ឋ នោះមិនមានការរីកចំរើនទេ។» នេះជាកាលើកឡើងរបស់ពលរដ្ឋមួយរូប ដែលជាជនរងគ្រោះដោយការរំលោភដីធ្លី ដើម្បីដំណាំស្ករអំពៅ។
សន្និសីទសារព័ត៌មាន របស់តំណាងរាស្ត្រសភាអឺរ៉ុប លោក ប៉ាទ្រីក ទីរ៉ូឡែន (Patrice Tirolien) ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
សិទ្ធិលំនៅដ្ឋាន - លោក យឹម យៀវ តំណាងពលរដ្ឋមួយរូប មកពីភូមិជក់ ស្រុកស្រែអំបិល ខេត្តកោះកុង បានត្អូញត្អែរថា ដីធ្លីរបស់លោកផ្ទាល់ចំនួន១១ហិកតា ដែលរងការប៉ះពាល់នឹងគម្រោងអភិវឌ្ឍន៍តាំងពីឆ្នាំ២០០៦ រហូតមកទល់នឹងពេលនេះ មានរយៈពេលប្រាំពីឆ្នាំហើយ នៅមិនមានដំណោះស្រាយសោះឡើយ។ លោកបានរំលឹកថា «ក្រុមហ៊ុនយកគ្រឿងចក្រមកឈូសឆាយតែម្តង មិនមានការជូនដំណឹង ឬដោះស្រាយជាមួយប្រជាពលរដ្ឋជាមុននោះឡើយ។ (…) ពេលឈូសឆាយនោះ បើមានសត្វគោក្របីចូលក្នុងតំបន់នោះ ក៏បានបាញ់សម្លាប់ចោល។»
ចំណែកលោក ផល វណ្ណៈ តំណាងសហគមន៍ស្ករអំពៅមកពីខេត្តកំពង់ស្ពឺ បានលើកឡើងពីផលប៉ះពាល់នៃដំណាំអំពៅរបស់ក្រុម ហ៊ុន លី យ៉ុងផាត់ ក្នុងការទន្រ្ទានយកដីរបស់ពលរដ្ឋដោយខុសច្បាប់ ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្វន់ធ្ងរ។ លោកបន្តរថា មុនឆ្នាំ២០១០ ប្រជាកសិករទាំងអស់រស់នៅដោយអាស្រ័យផលលើដីស្រែចំការដោយសុខសប្បាយ។ តែចាប់ពីខែកុម្ភៈឆ្នាំ២០១០ ដោយមានសម្បទានដីសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន លី យ៉ុងផាត់ ចំនួនពីរម៉ឺនហិចតា។
លោកបានបន្តរថា នេះជាមូលហេតុបណ្តាលឲ្យមានការប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ពលរដ្ឋរាប់ពាន់គ្រួសារ ដោយគ្មានស្រូវ«ជង្រុក»។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «អាជ្ញាធរបានប្រើកម្លាំង មកគម្រាមយកដីប្រជាពលរដ្ឋ។ (…) គ្មានសំណងសមរម្យ។ ផ្តល់ដីទួល គ្មានប្រភពទឹក ជាមួយនឹងការប្តឹងពួកយើងឡើងតុលាការ ព្រមទាំងចាប់ពួកយើងដាក់គុកទៀត។»
ការថ្លែងរបស់តំណាងពលរដ្ឋទាំងនេះ បានធ្វើឡើងនៅក្នុងក្នុងសន្និសីទសារព័ត៌មាន របស់តំណាងរាស្ត្រសភាអឺរ៉ុប លោក ប៉ាទ្រីក ទីរ៉ូឡែន (Patrice Tirolien) ពីយុទ្ធនាការលុបបំបាត់«ស្ករប្រឡាក់ឈាម» ក្នុងបេសកម្មរបស់លោកនៅកម្ពុជា។ មន្ត្រីសភាអ៊ឺរ៉ុប និងជាសមាជិកគណបក្សសង្គមនិយមបារាំងផងនោះ បានថ្លែងក្នុងឱកាសនេះថា លោកមកទស្សនកិច្ចប្រទេសកម្ពុជា ធ្វើការស៊ើបអង្កេតលើករណីរំលោភសិទ្ធិមនុស្ស ដោយក្រុមហ៊ុនកសិឧស្សាហកម្ម មកលើប្រជាពលរដ្ឋកម្ពុជា។ ក្រុមហ៊ុនកសិឧស្សាហកម្ម ដែលទទួលបានការអនុគ្រោះ ពីការបញ្ជាទិញដោយគោលនយោបាយពាណិជ្ជកម្មសហគមន៍អឺរ៉ុប។
បញ្ហាដីធ្លី មិនមែនកើតមានតែនៅតែខេត្តតែពីរខាងលើនោះទេ តែបានផ្ទុះឡើងយ៉ាងព្រោងព្រាតពាសពេញ ព្រះរាជាណាចក្រ។ តំណាងសហគមន៍ម្នាក់ទៀត មកពីស្រុកសំរោង ខេត្តឧត្តរមានជ័យ អ្នកស្រី ហ៊ួយ មៃ បានលើកឡើងក្នុងឱកាសនោះដែរថា ក្នុងឆ្នាំ២០០៨ ក្រុមហ៊ុនបានធ្វើការរំលោភបំពានដីរបស់អ្នកស្រីអស់គ្មានសល់ បើទោះជាអ្នកស្រីខំស្វែងរក ការជួយអន្តរាគមន៍ពីអាជ្ញាធរយ៉ាងណាក៏ដោយ ក៏នៅមិនមានដំណោះស្រាយអ្វីឡើយ រហូតមកទល់នឹងបច្ចុប្បន្ន។ មិនត្រឹមតែប៉ុណ្នឹង អ្នកស្រីត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ ព្រោះតែបញ្ហានៃទាមទារ និងការពារដីនេះថែមទៀត។
ជាមួយនឹងបេសកកម្មក្រៅផ្លូវការរបស់លោកលើកនេះ លោកបានធ្វើការស្រាវ និងពិនិត្យឃើញថា ប្រជាពលរដ្ឋកម្ពុជាជាច្រើនបានរងគ្រោះដោយការបណ្ដេញចេញដោយបង្ខំ ពីក្រុមហ៊ុនទាំងនោះ។ លោកបន្តរថាលោកបានចុះទៅដល់ទីកន្លែងកើតហេតុផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងខេត្តបី កំពង់ស្ពឺ កោះកុង និងឧត្តមានជ័យ។ លោកក៏បានតំណាងក្រុមហ៊ុន អង្គការសង្គមស៊ីវិល សមាជិកបក្សប្រឆាំង និងបេសកជនសហគមន៍អឺរ៉ុបប្រចាំកម្ពុជា។ ដោយឡែកមន្ត្រីរដ្ឋាភិបាលលោកមិនបានជួបទេ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ជុំវិញបញ្ហាទាំងនេះពីមន្រ្តីរដ្ឋាភិបាល និងពីតំណាងក្រុមហ៊ុន លីយ៉ុងផាត់ បាននៅឡើយនារសៀលថ្ងៃទី៣១ ខែមករានេះ។ រីឯ លោក ប៉ាទ្រីក ទីរ៉ូឡែន បានថ្លែងនៅក្នុងសន្និសីទនោះថា លោកក៏មិនបានជួបជាមួយមន្ត្រីរដ្ឋាភិបាលណាម្នាក់ដែរ ខណៈលោកបានជួបជាមួយតំណាងក្រុមហ៊ុន អង្គការសង្គមស៊ីវិល សមាជិកគណបក្សប្រឆាំង និងនិងបេសកជនសហគមន៍អឺរ៉ុបប្រចាំកម្ពុជាជាច្រើននោះ។
ទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកតំណាងប្រជាសហគមន៍រងគ្រោះទាំងអស់ នៅតែស្នើទៅដល់រដ្ឋាភិបាលឲ្យរកដំណោះស្រាយដល់បញ្ហានេះ ជាពិសេសធ្វើការដាក់សម្ពាធលើក្រុមហ៊ុន។ ដោយឡែក លោក ប៉ាទ្រីក ទីរ៉ូឡែន វិញបានសន្យាថា លោកនឹងព្យាយាមជួយប្រជាពលរដ្ឋទាំងនោះ តាមលទ្ធភាពដើម្បីបានដីធ្លីត្រឡប់មកវិញ៕
សូមអានអត្ថបទដែលទាក់ទងនឹងប្រធានបទ ដោយចុចលើទីនេះ។
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤