អាមេរិកគាំទ្រសេចក្ដីថ្លែងការណ៍ ដែលស្នើឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សទាំង៥រូប
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 06, 2017
- ប្រធានបទ: សិទ្ធិមនុស្ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាជំហរដ៏មុតមាំ ម្ដងហើយម្ដងទៀត ពីសំណាក់សហគមន៍អន្តរជាតិ ទាក់ទងនឹងករណីមន្ត្រីសិទ្ធិមនុស្សទាំង៤រូប និងមន្ត្រី គ.ជ.ប មួយរូប ដែលនៅតែបន្តជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស ទាំងគ្មានការជំនុំជម្រះ បន្ទាប់ពីពួកគេត្រូវបានដាក់ឃុំ អស់រយៈពេល ជាងមួយឆ្នាំមកហើយ។ នៅថ្ងៃសុក្រទី៥ ខែឧសភានេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន ប្រកាសគាំទ្រសេចក្ដីថ្លែងការណ៍ របស់សហភាពអ៊ឺរ៉ុប និងការិយាល័យ នៃឧត្ដមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលទាមទារ ឲ្យដោះលែងសកម្មជនទាំងប្រាំរូប ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
ក្នុងសេចក្ដីថ្លែងការណ៍ ដែលធ្វើឡើង តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក អ្នកស្រី «Heather Nauert» បានសរសេរលើកយកឈ្មោះជនទាំង៥រូប មកបញ្ជាក់រួមមាន មន្ត្រីសិទ្ធិមនុស្សមកពីសមាគមអាដហុក ចំនួន៤រូប គឺអ្នកស្រី លឹម មុនី - លោក នី សុខា - លោក យី សុខសាន្ត - លោក ណៃ វ៉ង់ដា និងអតីតមន្ត្រីមកពីសមាគមដដែល គឺលោក នី ចរិយា ដែលបច្ចុប្បន្ន ក្លាយជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)។
អត្ថបទបានបន្តទៀតថា៖ «សហរដ្ឋអាមេរិក បានកត់សម្គាល់ ដោយក្តីបារម្ភ ពីផលប៉ះពាល់ទៅលើក្រុមគ្រួសាររបស់អ្នកជាប់ឃុំទាំងនេះ ដែលបណ្ដាលមក ពីការបន្តឃុំខ្លួនពួកគេ ដោយគ្មានហេតុផលសមរម្យ នៅក្នុងសវនាការ (នៃសាលាដំបូងរាជធានី)។ សហរដ្ឋអាមេរិក ក៏បានកត់សម្គាល់ដែរ ពីការលើកឡើង របស់ក្រុមការងារនៃអង្គការសហប្រជាជាតិ ស្ដីពីការឃុំខ្លួនដោយគ្មានការជំនុំជម្រះ កាលពីខែវិច្ឆិកាកន្លងមក ដែលអះអាងថា ការឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សទាំង៥នាក់នេះ ត្រូវបានធ្វើឡើង តាមអំពើចិត្ត។»
ការប្រកាសជំហរ របស់ប្រទេសមហាអំណាចធំជាងគេ បានធ្វើឡើងនៅមួយថ្ងៃក្រោយប្រតិកម្មរបស់ក្រសួងការបរទេសកម្ពុជា ដែលបានចេញសេចក្ដីថ្លែងការណ៍ច្រានចោល ការលើកឡើងរបស់សហភាពអ៊ឺរ៉ុប និងចាត់ទុកការលើកឡើងនោះ ថាជាការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយ ក្នុងយប់ថ្ងៃព្រហស្បត្តិ៍ បានចាត់ទុកករណី របស់មន្ត្រីទាំង៥រូប ថាជាការសម្រេចរបស់តុលាកាកម្ពុជាសុទ្ធសាធ ដែលគ្មាននរណាម្នាក់ មានសិទ្ធិលូកដៃចូលបានឡើយ។
នៅចំពោះការច្រានចោល នូវសំណើររបស់ខ្លួន ពីសំណាក់ក្រសួងការបរទេសកម្ពុជានោះ លោក ហ្សក អេហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា បានសំដែងការខកចិត្ត និងបានថ្លែងព្រមានថា នឹងយកករណីរបស់មន្ត្រីសិទ្ធិមនុស្សទាំង៥រូប ឡើងទៅកិច្ចប្រជុំសិទ្ធិមនុស្ស នៅឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលត្រូវរៀបចំធ្វើ ជារៀងរាល់ពីរឆ្នាំម្ដង។ លោក ហ្សក អេហ្គា បានថ្លែងឲ្យដឹងថា នៅក្នុងអង្គប្រជុំនោះ រដ្ឋាភិបាលកម្ពុជា នឹងត្រូវប្រឈមមុខឆ្លើយដោយផ្ទាល់ ទៅនឹងរាល់សំនួរ ដែលចោទឡើង ដោយប្រទេស ឬដោយសមាជិកអង្គការសហប្រជាជាតិផ្សេងទៀត ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស។
» អត្ថបទដែលទាក់ទង៖ សហភាពអ៊ឺរ៉ុបព្រមានយកករណីសកម្មជនជាប់ឃុំទាំង៥ ឡើងទៅអ.ស.ប
ទោះជាយ៉ាងណា ក៏សហរដ្ឋអាមេរិក នៅតែលើកទឹកចិត្ត ឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឲ្យបានម៉ត់ចត់ ចំពោះអនុសាសន៍ របស់សហគមន៍អន្តរជាតិទាំងនោះ និងស្នើឲ្យប្រទេសកម្ពុជា ត្រូវគោរពកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសអាមេរិកដដែល។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧បានសម្រេចបន្តឃុំខ្លួនមន្ត្រីទាំង៥រូប ចំនួន៦ខែបន្ថែមទៀត បន្ទាប់ពីបានឃុំខ្លួនពួកគេ អស់រយៈពេល ជាងមួយឆ្នាំមកហើយ ទាំងមិនទាន់មានការជំនុំជម្រះ នៅក្នុងសំនុំរឿង «សូកប៉ាន់សាក្សី» ដែលជាប់ទាក់ទង ក្នុងរឿងអាស្រូវស្នេហា រវាងជាងធ្វើសក់ម្នាក់ ឈ្មោះ ខុម ចានតារាទី និង(អតីតអនុ)ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
ស្ថាប័នអន្តរជាតិជាច្រើន ដូចយ៉ាងក្រុមការងារទទួលបន្ទុកផ្នែក ការឃុំឃាំងមនុស្ស ដោយគ្មានការជំនុំជម្រះ និងអ្នករាយការណ៍ពិសេស [ពីបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា] របស់អង្គការសហប្រជាជាជាតិ បានអំពាវនាវហើយអំពាវនាវទៀត ទៅកាន់អាជ្ញាធរកម្ពុជា សុំឲ្យមានការដោះលែងពួកគេ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ ស្ថាប័នអន្តរជាតិទាំងនោះ ថែមទាំងស្នើសុំ ឲ្យបញ្ឈប់នូវរាល់ការតាមយាយី ដោយប្រព័ន្ធតុលាការ ដែលក្រុមអ្នកធ្វើការ ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា តែងរងគ្រោះ ដោយសារតែពួកគេបានធ្វើការងារស្របច្បាប់ ផ្នែកសិទ្ធិមនុស្ស តែប៉ុណ្ណោះ៕