សហភាពអ៊ឺរ៉ុប នឹងចាត់ការរឿងស្ករប្រឡាក់ឈាមរបស់ លី យ៉ុងផាត់
សំណុំរឿងរំលោភដីធ្លីដោយក្រុមហ៊ុនស្ករអំពៅ របស់លោកឧកញ៉ា លី យ៉ុងផាត់ មកលើប្រជាពលរដ្ឋនៅខេត្តចំនួនបី គឺខេត្តកំពង់ស្ពឺ ខេត្តឧត្តមានជ័យ និងខេត្តកោះកុង ត្រូវបានសមាជិកសភាអឺរ៉ុបលោក ប៉ាទ្រីក ទីរ៉ូឡែន (Patrice Tirolien) ដែលទើបបញ្ចប់បេសកកម្មស៊ើបអង្កេតនៅកម្ពុជា អះអាងថា លោក នឹងបញ្ជូនរបាយការណ៍ស៊ើបអង្កេតនេះ ទៅកាន់សហភាអ៊ឺរ៉ុបឲ្យបានឆាប់ ដើម្បីមានវិធានការណ៍ច្បាស់លាស់ និងមានប្រសិទ្ធភាព ក្នុងការដោះស្រាយជម្លោះដីធ្លីនេះ។
ការដុតបំផ្លាញលំនៅដ្ឋានពលរដ្ឋ ដើម្បីពង្រីកដីដាំអំពៅ នៅកោះកុង ក្នុងឆ្នាំ២០០៦។ (រូបថតផ្ដិតពីវីដេអូ AFP)
ជម្លោះដីធ្លី - ក្នុងសន្និសីតសារព័ត៌មាន នៅរាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ នេះ លោក ប៉ាទ្រីក ទីរ៉ូឡែន ជាសមាជិកសភាអឺរ៉ុប បានអត្ថាធិប្បាយថា សហភាពអ៊ឺរ៉ុបមានគោលនយោបាយ មិនរំលោភបំពានកិច្ចការផ្ទៃក្នុង របស់ប្រទេសណាមួយនោះទេ តែសហភាពអ៊ឺរ៉ុប ក៏មិនអាចឈរមើល«ការរំលោភសិទ្ធិមនុស្ស និងភាពអយុត្តិធម៌ធ្ងន់ធ្ងរ» នៅក្នុងប្រទេសមួយ ដែលបានទទួលជំនួយពីសភាពអ៊ឺរ៉ុបនោះទេ។
តំណាងពិសេសរបស់សហភាពអ៊ឺរ៉ុបរូបនេះបន្តថា ប្រជាពលរដ្ឋរងគ្រោះជាច្រើនគ្រួសារ បានត្អូញត្អែរពីការរំលោភបំពានដីធ្លី និងការបំភិតបំភៃ ពីសំណាក់សន្តិសុខក្រុមហ៊ុនស្ករអំពៅ ហើយពួកគេទទូចឲ្យសហភាពអ៊ឺរ៉ុបជួយដោះស្រាយបញ្ហាទាំងនេះ។ តែតំណាងក្រុមហ៊ុនស្ករអំពៅបានបដិសេធ ចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋ ហើយក្រុមហ៊ុនបានអះអាងថា ទំហំដីដែលក្រុមហ៊ុនទទួលបានសិទ្ធិអភិវឌ្ឍន៍ គឺជាការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា។
គួរកត់សម្គាល់ថា លោក ប៉ាទ្រីក ទីរ៉ូឡែន បានមកទស្សនកិច្ចប្រទេសកម្ពុជានៅក្នុងសប្ដាហ៍នេះ ដើម្បីតាមដានសេចក្ដីសម្រេចរបស់សភាសហគមន៍អឺរ៉ុប ដែលអំពាវនាវឲ្យមានការស៊ើបអង្កេត លើករណីរំលោភសិទ្ធិមនុស្ស ដោយក្រុមហ៊ុនកសិឧស្សាហកម្ម ដែលបានទទួលផលប្រយោជន៍ពីគោលនយោបាយពាណិជ្ជកម្មរបស់សហគមន៍អឺរ៉ុប ដែលទទួលទិញអ្វីៗទាំងអស់ពីប្រទេសក្រីក្រ លើកលែងតែសព្វាវុធ។
ជុំវិញករណីនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងតំណាងក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ និងមន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការអត្ថាធិប្បាយបាននៅឡើយទេ។ តែសម្រាប់លោក ប៉ាទ្រីក ទីរ៉ូឡែន បានបញ្ជាក់ថា៖ «ពេលទៅដល់សហភាពអ៊ឺរ៉ុប ខ្ញុំនឹងជួបសភាអ៊ឺរ៉ុប និងអាជ្ញាធរអ៊ឺរ៉ុប ដើម្បីឲ្យសហគមន៍អ៊ឺរ៉ុបបញ្ជូនក្រុមស៊ើបអង្កេតមកម្ពុជា និងចាត់វិធានការជាក់លាក់ណាមួយ ក្នុងការស្វែងរកដំណោះស្រាយសមរម្យសម្រាប់ពលរដ្ឋរងគ្រោះ(...)។ តែការងារនេះ ចាំបាច់ត្រូមានការសហការពីរដ្ឋាភិបាលកម្ពុជា៕»
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤