ដកអភ័យឯកសិទ្ធិតំណាងរាស្ត្របារាំងម្នាក់ ព្រោះ«បង្ហោះរូបភាពហិង្សា»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៧ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 27, 2017
- ប្រធានបទ: នយោបាយបារាំង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ហ្សីប៊ែរ កូឡា (Gilbert Collard) តំណាងរាស្ត្រមកពីគណបក្សរណសិរ្សជាតិ (Front Nationnal - មាននិន្នាការស្ដាំនិយមជ្រុល) ត្រូវបានរដ្ឋសភាបារាំង ដកអភ័យឯកសិទ្ធិសភានៅថ្ងៃនេះ ដើម្បីអនុញ្ញាតឲ្យប្រព័ន្ធយុត្តិធម៌ អាចបើកការស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី ទៅលើរូបលោក ពីបទបានផ្សព្វផ្សាយរូបភាពហិង្សាជាច្រើន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ កន្លងមក។
ទូរទស្សន៍បារាំង «BFMTV» ដែលជំនាញខាងផ្សាយព័ត៌មានផ្ទាល់ ២៤ម៉ោង បានរាយការណ៍ថា គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាបារាំង បានប្រជុំនៅព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ និងបានបោះឆ្នោតសម្រេច លើកអភ័យឯកសិទ្ធិសភា របស់តំណាងរាស្ត្រខាងលើ ដោយសម្លេងគាំទ្រសឹងតែ១០០ភាគរយ (ប្រឆាំង មានតែមួយសម្លេងប៉ុណ្ណោះ)។
ការបង្ហោះរូបភាពដ៏តក់ស្លុត ពីជនរងគ្រោះទាំងឡាយ ដែលបណ្ដាលពីអំពើដ៏ព្រៃផ្សៃ នៃក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI អង់គ្លេសហៅ ISIS) ត្រូវបានតំណាងរាស្ត្រខាងលើ ធ្វើឡើងនៅលើ ទំព័រទ្វីសធើររបស់លោក ដើម្បីប្រតិកម្ម ទៅនឹងអ្នកសារព័ត៌មាន ដ៏ល្បីមួយរូប របស់ប្រទេសបារាំង ដែលបានថ្លែងក្នុងន័យធៀប ថាសកម្មភាពខ្លះ របស់គណបក្សរណសិរ្សជាតិ មានលក្ខណៈប្រហាក់ប្រហែល នឹងក្រុមអ៊ីស្លាមនិយមជ្រុលទាំងនោះ។ អ្នកស្រី ម៉ារីន ឡឺពែន (Marine Le Pen) ប្រធានគណបក្សរណសិរ្សជាតិ និងជាតំណាងរាស្ត្រអ៊ឺរ៉ុប ក៏បានប្រតិកម្មដូចគ្នា ទៅនឹងការថ្លែងប្រៀបធៀបនោះ ដោយបានបង្ហោះ នូវរូបភាពជាច្រើនសន្លឹក ពីជនរងគ្រោះដ៏ខ្លោចផ្សារ បណ្ដាលពីក្រុមរដ្ឋអ៊ីស្លាម។
» រូបភាពហិង្សាដ៏តក់ស្លុត បង្ហោះដោយអ្នកតំណាងរាស្ត្រទាំងពីរ៖
ភ្លាមៗ នៅក្រោយការបង្ហោះរូបភាពទាំងនោះ អយ្យការអមតុលាការក្រុង ណង់ទែរ (Nanterre - នៅជាប់រដ្ឋធានីប៉ារីស) បានប្រកាសបើកការស៊ើបអង្កេត ជុំវិញ«ការបង្ហោះរូបភាពហិង្សា» ប្រឆាំងលោក ហ្សីប៊ែរ កូឡា និងអ្នកស្រី ម៉ារីន ឡឺពេន ហើយបានស្នើសុំ ឲ្យរដ្ឋសភាបារាំង និងសភាអ៊ឺរ៉ុប លើកអភ័យឯកសិទ្ធសភារបស់អ្នកទាំងពីរចេញ ដើម្បីអនុញ្ញាតឲ្យខ្លួន បន្តនីតិវិធី នៅក្នុងការស៊ើបអង្កេត។
ប៉ុន្តែការស្នើសុំលើកអភ័យឯកសិទ្ធិនោះ ត្រូវបានរដ្ឋសភាបារាំងបដិសេធ នៅក្នុងអង្គប្រជុំមួយ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងមក មុននឹងត្រូវបានយល់ព្រម«ឲ្យលើកចេញ» នៅថ្ងៃនេះ បន្ទាប់មានការស្នើសុំជាថ្មី ពីសំណាក់ស្ថាប័នអយ្សការ។ដោយឡែក ចំពោះអភ័យឯកសិទ្ធិសភារបស់អ្នកស្រី ម៉ារីន ឡឺពែន ដែលជាតំណាងរាស្ត្រអ៊ឺរ៉ុបវិញ ត្រូវបានសភាអ៊ឺរ៉ុបឯកភាពឲ្យលើកចេញ តាំងពីខែមីនាមកម្លេះ៕