EU កំពុង«ពិចារណាចាត់វិធានការបន្ថែម» ចំពោះវិបត្តិនយោបាយកម្ពុជា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 12, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបានបញ្ចប់បេសកកម្ម ស្វែងរកការពិត រយៈពេល៧ថ្ងៃនៅកម្ពុជារួច សហភាពអ៊ឺរ៉ុបនៅវេលានេះ កំពុងសិក្សាពីទិន្នន័យ ដែលក្រុមប្រតិភូពិសេសរបស់ខ្លួន ទទួលបានពីប្រទេសកម្ពុជា មុននឹងឈាន ទៅចេញសេចក្ដីសម្រេចរបស់ខ្លួន នៅក្នុងពេលខាងមុខ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានមួយ ដែលទើបនឹងចេញផ្សាយ នៅប៉ុន្មាននាទីមុននេះ ពីសហភាពអ៊ឺរ៉ុប ដែលមានទីតាំងក្នុងរាជធានី ព្រុយស៊ែល រាជាណាចក្រ ប៊ែលហ្សិក។
សេចក្ដីប្រកាសព័ត៌មាន បានចេញផ្សាយ មួយថ្ងៃក្រោយក្រុមប្រតិភូពិសេស របស់សហភាពអឺរ៉ុប ដើម្បីស្វែងរកការពិតនៅកម្ពុជា បញ្ចប់បេសកកម្មរបស់ខ្លួន កាលពីថ្ងៃទី ១១ ខែកក្កដា ម្សិលម៉ិញ។ បេសកកម្មស្វែងរកការពិតនោះ បានធ្វើឡើងរយៈពេល ៧ថ្ងៃ រាប់ពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨មក ក្នុងគោលបំណង ដើម្បីវាយតម្លៃផ្ទាល់កន្លែង អំពីការវិវត្តិចុងក្រោយ ដ៏គួរឲ្យបារម្ភ ជុំវិញបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ ក្នុងប្រទេសកម្ពុជា។
ការពិចារណារបស់សហភាពអ៊ឺរ៉ុប នឹងសិក្សាជាអាទិភាព ទៅលើរបាយការណ៍ ផ្ដល់ដោយអាជ្ញាធរកម្ពុជា ពីអង្គការពលកម្មអន្តរជាតិ (ILO) និងពីស្ថាប័នជាតិ-អន្តរជាតិផ្សេងទៀត ដែលមាននាទីឃ្លាំមើល ការអនុវត្តរបស់ប្រទេសកម្ពុជា ចំពោះអនុសញ្ញាអន្តរជាតិ ទាក់ទងនឹងប្រព័ន្ធអនុគ្រោះពន្ធ (EBA - Everything but Arms - អ្វីៗទាំងអស់ លើកលែងតែអាវុធ) របស់សហភាពអឺរ៉ុប ដែលជាប្រព័ន្ធអនុគ្រោះ អនុញ្ញាតឲ្យប្រទេសកម្ពុជា នាំទំនិញគ្រប់មុខ (លើកលែងតែអាវុធ និងគ្រាប់រំសេវ) ចូលមកលក់ ក្នុងសហភាពអ៊ឺរ៉ុប ដោយគ្មាន កូតា និងការបង់ពន្ធ។
នៅក្នុងដំណើរបេសកកម្មរបស់ខ្លួននោះ ក្រុមប្រតិភូអ៊ឺរ៉ុប បានជួបជាមួយសមាជិកច្រើននាក់ របស់រដ្ឋាភិបាលកម្ពុជា តំណាងសហជីព អង្គការសង្គមស៊ីវិល សហគ្រាស និងតំណាងរបស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិ។
ស្នងការជាន់ខ្ពស់អ៊ឺរ៉ុប ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម អ្នកស្រី អាណា សេស៊ីលីយ៉ា ម៉ាសស្ត្រម (Anna Cecilia Malmström) ត្រូវបានស្រង់សំដី មកបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាន នោះថា៖
«កម្មវិធី "អ្វីៗទាំងអស់ លើកលែងតែអាវុធ" របស់សហភាពអ៊ឺរ៉ុប បានផ្ដល់ប្រយោជន៍គួឲ្យកត់សម្គាល់ ទៅលើការអភិវឌ្ឍន និងការកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែការវិវត្តន៍ចុងក្រោយ ដ៏គួរឲ្យបារម្ភ នៅក្នុងប្រទេស បានតម្រូវឲ្យសហភាពអ៊ឺរ៉ុប ត្រូវធ្វើការវាយតម្លៃឡើងវិញ និងច្បាស់លាស់បំផុត ថាតើកម្ពុជា បានបំពេញដោយត្រឹមត្រូវ តាមកិច្ចសន្យារបស់ខ្លួនឬទេ។»
អ្នកស្រី បានសង្កត់ធ្ងន់ថា៖
«ការពិភាក្សា និងការប្រមូលព័ត៌មាន នៅក្នុងបេសកកម្ម នៃប្រតិភូពិសេសរបស់យើង បានផ្តោតយ៉ាងសំខាន់ លើការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ នៅក្នុងសិទ្ធិនយោបាយ និងសិទ្ធិបោះឆ្នោត ក៏ដូចជាការទប់ស្កាត់សេរីភាព របស់ក្រុមសង្គមស៊ីវិល។ កម្ពុជាមានកង្វះខាតជាច្រើន នៅពេលនិយាយ អំពីយន្តការដោះស្រាយវិវាទដីធ្លី និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សេរីភាព ក្នុងការបង្កើតសមាគម និងសិទ្ធិជួបជុំប្រមូលផ្ដុំគ្នា។»
ស្នងការជាន់ខ្ពស់រូបនេះ បានបន្តទៀតថា៖
«នៅក្នុងគោលនយោបាយពាណិជ្ជកម្ម របស់សហភាពអឺរ៉ុប យុត្តិធម៌សង្គម គឺជាទិដ្ឋភាពសំខាន់មួយ រួមមានការគោរពសិទិ្ធមនុស្ស សេរីភាពជាមូលដ្ឋាន និងស្តង់ដារការងារ។ បន្ទាប់ពីបេសកកម្មស្វែងរកការពិត យើងនឹងវិភាគទៅលើករណីទាំងអស់ខាងលើ យ៉ាងល្អិតល្អន់ មុននឹងពិចារណាចាត់វិធានការបន្ថែម ក្នុងជំហានខាងមុខ។ ការដកប្រទេសកម្ពុជា ចេញពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម "EBA" គឺជាវិធានការចុងក្រោយ ប្រសិនបើកិច្ចប្រឹងប្រែងផ្សេងទៀតរបស់យើង បានទទួលបរាជ័យ ក្នុងការឆ្លើយតប នឹងការព្រួយបារម្ភខាងលើ។»
សហភាពអ៊ឺរ៉ុប ជាលំហរទីផ្សារនាំចេញ ធំជាងគេបង្អស់ របស់កម្ពុជា (ធំជាងទីផ្សារអាមេរិក) ដោយកម្ពុជាបាននាំទំនិញចេញ ទៅកាន់អ៊ឺរ៉ុប តាមរយៈកម្មវិធី "អ្វីៗទាំងអស់ លើកលែងតែអាវុធ" ក្នុងទឹកប្រាក់ដ៏មហាសាល ប្រមាណជា ៥ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០១៦កន្លងទៅ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូស័ក្តិ កាលពីឆ្នាំមុន បានរាយការណ៍ ប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា នៅឆ្នាំ២០១៦កន្លងមក កម្ពុជាបានចំណេញប្រាក់ ៦៧៦លានដុល្លារ ពីប្រព័ន្ធអនុគ្រោះ របស់សហភាពអឺរ៉ុប «EBA»៕