ប្រតិភូ​សភា​អ៊ឺរ៉ុប​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះលែង កឹម សុខា និងកុំរំលាយ CNRP

បន្ទាប់ពីបានបញ្ចប់ ដំណើរទស្សនកិច្ចស្វែងយល់ នៅកម្ពុជា សម្រាប់រយៈពេលពីរថ្ងៃកន្លងមកនេះ ប្រតិភូសភាអ៊ឺរ៉ុបបានចេញសេចក្ដីថ្លែងការណ៍ នៅមុននេះ សំដែងក្ដីបារម្ភ យ៉ាងជ្រាលជ្រៅ នៅចំពោះវិបត្តិ​នយោបាយសព្វថ្ងៃ និងបានអំពាវនាវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជាបន្ទាន់។
ប្រតិភូ​សភា​អ៊ឺរ៉ុប​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះលែង កឹម សុខា និងកុំរំលាយ CNRP
កិច្ចប្រជុំពេញអង្គមួយ របស់សភាអ៊ឺរ៉ុប ដែលមានទីស្នាក់ការ នៅក្រុង ស្ត្រាប៊ូរយ៍ ភាគខាងកើតប្រទេសបារាំង។ (រូបថតសភាអ៊ឺរ៉ុប)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣១ តុលា ២០១៧
  • កែប្រែចុងក្រោយ: October 31, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រតិភូសភាអ៊ឺរ៉ុប ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ បានបញ្ចប់ទស្សនកិច្ចស្វែងយល់ពីរថ្ងៃរបស់ខ្លួន ជាស្ថាពរហើយ នៅថ្ងៃទី៣១ ខែតុលានេះ។ ប៉ុន្តែលទ្ធផលដែលកើតចេញពីទស្សនកិច្ចនោះ មិនមែនជាអ្វីទាំងស្រុង ដូចដែលប្រដាប់ឃោសនា របស់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានផ្សាយជាប់ៗគ្នា តាំងពីម្សិលម៉ិញមកនោះទេ។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់ប្រតិភូសភាអ៊ឺរ៉ុបមួយនេះ ដែលមានសមាជិក៦រូប និងដឹកនាំដោយលោក វើណ័រ ឡេនជេន (Werner Langen) សមាជិកសភាអ៊ឺរ៉ុប មកពីប្រទេសអាល្លឺម៉ង់។

ទន្ទឹមនឹងការលើកឡើង ចំពោះទំនាក់ទំនងល្អ រវាងសហភាពអ៊ឺរ៉ុប និងប្រទេសកម្ពុជានោះ សេចក្ដីថ្លែងការណ៍ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន នៅមុននេះបន្តិច បានសំដែងនូវការព្រួយបារម្ភ «ដ៏ខ្លាំងក្លា» អំពីព្រឹត្តិការណ៍នយោបាយចុងក្រោយ និងស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា។ លោក វើណ័រ ឡេនជេន បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍នោះថា៖ «នៅក្នុងហេតុផល ដើម្បីការបោះឆ្នោតជាតិមួយ ដែលនឹងប្រព្រឹត្តិទៅ នៅខែកក្កដា ឆ្នាំ២០១៨ខាងមុខ មានលក្ខណៈសេរី និងយុត្តិធម៌ត្រឹមត្រូវ ប្រទេសកម្ពុជា​ត្រូវការបើកចំហរ លំហរនៃការប្រកួតប្រជែងមួយ ប្រកបដោយតម្លាភាព»។

លោកបានបន្តថា៖ «យើងអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា - បញ្ឈប់នូវរាល់នីតិវិធី ដែលឈានទៅរំលាយគណបក្សប្រឆាំង​ ដ៏សំខាន់ជាងគេ និងបង្កើតឡើងវិញ នូវលំហសេរីភាព សម្រាប់គ្រប់គណបក្សនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិល»។

ប្រធានគណៈប្រតិភូសភាអ៊ឺរ៉ុបរូបនេះ បានសង្កត់ធ្ងន់ថា៖ «រដ្ឋាភិបាលកម្ពុជាត្រូវបានជម្រាប ឲ្យដឹងជាមុនហើយ ថាសភាអ៊ឺរ៉ុប គឺជាសហ-នីតិបញ្ញត្តិ  (អ្នកចូលរួមតាក់តែងច្បាប់) សម្រាប់អនុម័ត នូវរាល់គម្រោងថវិកា និងរាល់បញ្ហាពាណិជ្ជកម្មទាំងអស់។ ការធ្លាក់ចុះដ៏ធ្ងន់ធ្ងរ នៃស្ថានភាពគោរពសិទ្ធិមនុស្ស អាចនឹងបង្កផលប៉ះពាល់ សម្រាប់កម្មវិធីជំនួយ​អភិវឌ្ឍ និងការអនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម (រវាងសហភាពអ៊ឺរ៉ុប និងកម្ពុជា)។»។

សម្រាប់រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ប្រាប់ទៅប្រតិភូសភាអ៊ឺរ៉ុប វិញថា៖ «ការចាប់ខ្លួន ប្រធានគណបក្សប្រឆាំងលោក កឹម សុខា  (...) បានធ្វើឡើងស្របតាមច្បាប់ជាធរមាន នៅកម្ពុជា ក្នុងគោលដៅពង្រឹងនីតិរដ្ឋ និងការពារឯករាជ្យ អធិបតេយ្យភាពកម្ពុជា ប្រឆាំងនឹងការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង រាជរដ្ឋាភិបាលស្របច្បាប់»។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយដោយក្រសួងការបរទេសកម្ពុជា កាលពីម្សិលម៉ិញ បន្ទាប់ពីជំនួបរវាងក្រុមលោក វើណ័ ឡេនជេន ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...