ហ៊ុន សែន ថានឹងគ្មានការសាងសង់ទំនប់វារីអគ្គសនីនៅអារ៉ែងទេ
- ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected])-ភ្នំពេញ ថ្ងៃទី២៤ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 24, 2015
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថ្លែងនៅក្នុងទិវាជាតិ ទីក្រុងស្អាត ឆ្នាំ២០១៥ និងប្រគល់ជ័យលាភី ទីក្រុងស្អាត ឆ្នាំ២០១៥-២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាស់ថា នឹងគ្មានការសាងសង់ ទំនប់វារីអគ្គីសនី នៅតំបន់អារ៉ែង ក្នុងអាណត្តិរបស់លោកឡើយ។ ហើយចង់ឱ្យប្រជាពលរដ្ឋ ឈប់លើកបញ្ហានេះ មកនិយាយទៀត ព្រោះវាស្ថិតក្នុងការសិក្សាស្រាវជ្រាវ។
លោកនាយរដ្ឋមន្រ្តី បានថ្លែងហាម មិនឱ្យលើកយកបញ្ហាសាងសង់ ទំនប់វារីអគ្គីសនីថា៖ «ហេតុអីបានលឺសូអារ៉ែងៗ សម្បើមម្លេះ អារ៉ែងហ្នឹងវ៉ី។ បើចង់ដឹងថា អារ៉ែងហ្នឹងវាយ៉ាងម៉េច វាទាល់តែសិក្សាឱ្យបានច្បាស់សិន។ ហើយខ្ញុំសូមបញ្ជាក់ កុំនិយាយអារ៉ែងតទៅទៀត។ សិក្សាមើល ឱ្យខ្ញុំមានគោលគំនិតថា ទោះបីជាសិក្សាច្បាស់ ឬមិនច្បាស់ ឬយ៉ាងម៉េច ពីនេះដល់ឆ្នាំ២០១៨ អត់មានទេ អត់មានឱ្យធ្វើទេ។ ហើយគំនិតរបស់ខ្ញុំ ចង់ទុកឱ្យក្មេងជំនាន់ក្រោយ កុំឱ្យវាពិបាកពេក។»
លោកធ្លាប់បានសរសេរលិខិត ទៅរដ្ឋសភាថា រដ្ឋាភិបាលមិនទាន់សម្រេច យ៉ាងណាឡើយទេ ដោយទាមទារ ឲ្យមានការសិក្សាបន្ថែមទៀត នៅតំបន់អារ៉ែងនេះ។
ការថ្លែងរបស់នាយករដ្ឋមន្រ្តី ធ្វើឡើងក្រោយពេលមួយថ្ងៃ ដែលសកម្មជនការពារបរិស្ថាន និងតស៊ូមតិ កុំឱ្យមានការសាងសង់ ទំនប់វារីអគ្គីសនី នៅតំបន់អារ៉ែង លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន ត្រូវបានចាប់ខ្លួន និងបណ្ដេញចេញពីកម្ពុជា ទាំងបង្ខំ។
លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បានអបអរសាទរ នូវការប្រកាស របស់លោកនាយករដ្ឋមន្រ្តី ដែលថាគ្មានការសាងសង់ ទំបន់វារីអគ្គីសនីនៅតំបន់អារ៉ែង។ លោកបានថ្លែងឲ្យដឹងថា រដ្ឋាភិបាលគួរមានវិធានការច្បាស់លាស់ ក្នុងការអភិវឌ្ឍនៅតំបន់នោះ ពីព្រោះព្រៃនៅប្រទេសកម្ពុជាមានការរិចរិល និងបាត់បង់ច្រើនណាស់ ហើយតំបន់អារ៉ែងនេះ គឺជាព្រៃចុងក្រោយរបស់កម្ពុជា ដែលនៅសល់។
ស្របពេល ដែលប្រកាសថា នឹងគ្មានការសាងសង់ទំនប់វារីអគ្គសនីមួយ តំបន់អារ៉ែង ក្នុងអាណត្តិកាន់អំណាច របស់លោកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរិះគន់ ទៅលើសកម្មជនតំបន់អារ៉ែង លោក អាឡិច ផងដែរ។ លោកថា គ្មានអ្នកណាស្រលាញ់ជាតិសាសន៍ខ្មែរ ជាងខ្មែរស្រលាញ់ខ្លួនឯងនោះទេ។ ហើយខ្មែរក៏មានគំនិតចេះដឹង មិនមែនចាំតែ បរទេសមកប្រដៅនោះទេ៕