វិភាគ កែម ឡី៖ រដ្ឋាភិបាល​អនុវត្ត​«បី​មិន មួយ​យក» ក្នុង​រឿង អាឡិច

វត្តមានរបស់លោក អេឡិច នៅកម្ពុជា បង្ហាញពីការខាតបង់ របស់រដ្ឋាភិបាល ពិសេសឈ្មួញ ដែលបានសម្លឹងឃើញ នូវព្រៃឈើក្នុងតំបន់អារ៉ែងនោះ។ នេះបើតាមអ្នកវិភាគបញ្ហាសង្គមលោក កែម ឡី។ លោកបានបញ្ជាក់ទៀតថា ការសម្បទាន ការអភិវឌ្ឈន៍នីតំបន់អារ៉ែង ត្រូវបានធ្វើឡើង ក្រោមលេសសាងសង់ទំនប់វារីអគ្គីសនី ដើម្បីកាប់ព្រៃទន្ទ្រានឈើ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៤ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 24, 2015
  • ប្រធានបទ: វិភាគ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបណ្ដេញសកម្មជនបរិស្ថាន ជាតិអេស្ប៉ាញ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានបង្ហាញពីចំណុចខ្លាំង និងចំណុចខ្សោយ របស់រដ្ឋាភិបាល​កម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន។ អ្នកវិភាគបញ្ហាសង្គមនយោបាយ លោក កែម ឡី ក្នុងកិច្ចសម្ភាស ជាមួយ​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ បានសង្ខេបចំណុចទាំងនោះ ជាបួនចំណុច ដែលក្នុងនោះ មាន​មួយចំនុច ជាផល«វិជ្ជមាន» និងបីចំណុចទៀត ជាផល«អវិជ្ជមាន» ឬដែលគេហៅ តាមភាសាសម័យកុម្មុយនីស ថាជា​គោលការណ៍«បីមិន មួយយក»។

លោកបានធ្វើការពន្យល់ថា ផលចំណេញដែលរដ្ឋាភិបាលកម្ពុជា នឹងទទួលបាននោះគឺការ «ដកបន្លា»ក្នុងកែវភ្នែករបស់​ខ្លួន (រដ្ឋាភិបាល) បាន។ ហើយគម្រោងសាងសង់ ទំនប់វារីអគ្គីសនីក៏ អាចនឹងត្រូវបានបន្ត ជាមួយនឹងការអនុវត្ត ដោយ​គ្មាន​ភាពរារាំងណាមួយ ជាក់លាក់ដែរ។

ឯផលអវិជ្ជមានទីមួយ នៅត្រង់ថា កម្ពុជាអាចនឹងមានផលប៉ះពាល់ ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា។ ព្រោះរដ្ឋាភិបាល មិនបានអនុវត្តស្មើគ្នា ចំពោះមុខច្បាប់អន្តោប្រវេសន៍ ទៅគ្រប់ជនអន្តោប្រវេសន៍ទាំងអស់ នៅកម្ពុជា។ លោកបានថ្លែងថា៖ «ជនអន្តោប្រវេសន៍មានច្រើនណាស់ នៅកម្ពុជា។ ហេតុអ្វីរដ្ឋាភិបាល ចាំបាច់ជ្រើសរើសអ្នក ដែល​ការពារបរិដ្ឋានសម្រាប់ខ្មែរ ជាជម្រើសទីមួយ។ (…) នេះបង្ហាញថា រដ្ឋាភិបាលមានការរើសអើង។»

ផលអវិជ្ជមានទីពីរ ការគាំទ្រពីប្រជាពលរដ្ឋខ្មែរច្រើន ទៅលើសកម្មជនបរិស្ថានរូបនេះ ហើយការបណ្តេញចេញ នា​ពេល​នេះ អាចបង្កឲ្យពួកគាត់មានការខឹងសម្បារច្រើន ហើយដែលនឹងត្រូវធ្វើការពិចារណា គាំទ្រ ឬមិនគាំទ្រ នូវរដ្ឋាភិបាល​បច្ចុប្បន្ននេះ សម្រាប់ការបោះឆ្នោតអាណត្តិក្រោយជាថ្មី។

ផលអវិជ្ជមានទីបី រដ្ឋាភិបាលខ្លួនឯង តែងលើកឡើងថា ចង់រក្សាបរិស្ថាន ព្រៃឈើ និងតំបន់អេកូទេសចណ៍។ ដូច្នេះការ​បណ្តេញសកម្មជនរូបនេះ ហាក់ដូចជាផ្ទុយ នឹងគោលការណ៍របស់ខ្លួន។ ជាមួយគ្នានេះ រដ្ឋាភិបាលគួរណាស់ តែរក្សាទុក (អ្នកការពារបរិដ្ឋានអេឡិច) ហើយពង្រីកវិសាលភាព សម្រាប់ពួកគាត់។ មិនគួដើរបញ្ចាសទិស ក្នុងកិច្ចអភិវឌ្ឈន៍​ផ្នែក​បរិស្ថាន និងអេកូទេសចរណ៍ដូច្នេះឡើយ។

យោងតាមហេតុផលទាំង៤ចំណុចនេះ លោក កែម ឡី បានបង្ហាញថា រដ្ឋាភិបាលនៅតែមានកំហុសឆ្គង ក្នុងការ​អនុវត្តន៍​ច្បាប់អន្តោរប្រវេសន៍ របស់កម្ពុជា គ្មានភាពស្មើគ្នា ចំពោះជាតិសាសន៍ដទៃ ដែលមើលទៅឃើញស្រស់នឹងភ្នែក ដូចគ្នា​នោះ។ លោកបានពន្យល់ទៀតថា៖ «ជនជាតិផ្សេងៗ ហេតុអ្វីបានជាមិនធ្វើ ធ្វើឡើងមើលទៅ ឃើញខុសគេតែម្តង។ (…) នេះជាការរើសអើង ព្រោះគាត់មិនបានបង្កភាពអសន្តិសុខ លួច ប្លន់ ដូច្នេះរដ្ឋនោះ ត្រូវតែបន្តទិដ្ឋការឲ្យជាបន្តទៀត។ (…) ជានជាតិផ្សេងៗ ហេតុអ្វីមិនពិនិត្យមើលថា តើត្រូវបន្ត ឬមិនបន្តអ៊ីចឹង?»

សម្តីជ្រុលហួស សម្រាប់អ្នកខ្លាំង…

លោកថា ការពិតទៅ រដ្ឋាភិបាលទំនងជាមិនចង់បណ្តេញលោក អេឡិច ចេញ ដោយបែបនេះឡើយ។ តែរដ្ឋាភិបាល​ខ្លួន​ឯងនិយាយទៅ វា«ជ្រុលហួស»ទៅហើយ។ ម្យ៉ាងទៀត ដោយចង់រក្សាតម្លៃខ្លួន និងចង់ឈ្នះលោកអេឡិចផងនោះ ក៏​ចាត់​​វិធាន​ការបណ្តេញចេញតែម្តង។

ម្យ៉ាងទៀតរដ្ឋាភិបាល ក៏បានជ្រុលមាត់ក្នុងការផ្តល់ដីសម្បទាន ទៅឲ្យក្រុមហ៊ុនបរទេសស៊ីណូហាយដ្រូ ធ្វើអាជិវកម្មវារី​អគ្គីសនី ដែលពិបាកនឹងលប់ចោល។ លោក កែម ឡី បានបញ្ជាក់ថា៖ «សកម្មភាពអេឡិចបានបណ្តុះយុវជន និងកូនខ្មែរ ឲ្យចេះស្រឡាញ់បរិស្ថាន ដែលហាក់ដូចជាកំពុងដើរបញ្ច្រាស គោលការណ៍របស់រដ្ឋាភិបាល ដែលមានបំណងប្រែ​ក្លាយ​គម្របព្រៃឈើ ឲ្យក្លាយជាកសិឧស្សាហកម្ម។ ដីយើងដែលបានធ្វើសម្បទាន ស្ទើរតែទាំងស្រុងនោះទៅហើយ។ សម្ប​ទាន​ដីទាំងនោះ រួមមាន សេដ្ឋកិច្ច សម្បទានរ៉ែ និងសម្បទានបែបអភិវឌ្ឍន៍ សាង់សង់ទំនប់វារីអគ្គីសនី។ (…) ក្នុងការ​ផ្តល់​ដីសម្បទានទាំងនេះ ជាការបន្លំកាប់ទន្ទ្រានបំផ្លាញព្រៃឈើជាដើម។»

ស្របច្បាប់ តែខុសកាលៈទេសៈ

លោក កែម ឡី បានទទួលស្គាល់ថា ការបណ្តេញលោក អេឡិច របស់រដ្ឋាភិបាលនេះ មិនមានអ្វីខុសច្បាប់នោះឡើយ។ គ្រាន់តែរដ្ឋាភិបាលខ្លួនឯង ធ្វើឡើងដោយការ«ចង់ឈ្នះ មិនចង់ចាញ់» ហើយក្នុងស្ថានភាព និងបរិបទកម្ពុជានាពេលនេះ ក៏អាចចាត់ទុកថា មិនទាន់ដល់ពេល ឬស្របនឹងកាលៈទេសៈនេះ នៅឡើយដែរ។ អ្នកស្រាវជ្រាវសង្គមរូបនេះ បានបន្ត​ទៀតថា៖ «បើជនជាតិមួយ ចូលមកក្នុងទឹកដីនៃប្រទេសមួយ ហើយផុតទិដ្ឋការនោះ ត្រូវតែត្រឡប់ទៅវិញ និងស្នើសុំ​ជា​ថ្មី។ (…) ការមិនបន្តនេះ ព្រោះតែរដ្ឋាភិបាលខ្លួនឯងយល់ថា លោក អេឡិច ជាអ្នកបង្កការរាំងស្ទះ ដល់កិច្ចការរបស់ខ្លួន ដែលចង់ធ្វើនៅក្នុងតំបន់ អារ៉ែង នោះ។ (…) អេឡិច គេការពារបរិដ្ឋាន បើរារាំង ព្រោះមិនចង់ឲ្យបាត់បង់ព្រៃឈើ។ មិន​មែន​រារាំង ក្នុងករណីផ្សេងនោះឡើយ។»

អេឡិចអាចមានសកម្មភាពខ្លាំង នៅក្រៅប្រទេស រឿងអារ៉ែង

លោក កែម ឡី លើកឡើងថា នៅពេលនេះ សម្រាប់លោកអេឡិច វត្តមាននៅកម្ពុជា គឺមិនអាចបន្តនោះឡើយ។ តែ​លោក អេឡិច អាចរីកចម្រើនផ្នែកខាងក្រៅ និងមានការយល់ដឹងពីកកម្ពុជា ច្រើនលើផ្នែកបរិស្ថាន។ លោក អេឡិច នឹង​មិននៅស្ងៀមទេ ខណៈខ្លួនលោក ស្ថិតនៅក្រៅប្រទេសនោះ។ លោក អាឡិច អាចនឹងកែនប្រជាពលរដ្ឋខ្មែរ ដែល​ស្រឡាញ់​​បរិស្ថាន ឲ្យចូលរួមទប់ស្កាត់ថែរក្សាតំបន់«អារ៉ែង»នេះ ទុកជាតំបន់ទេសចរណ៍ធម្មជាតិ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...