អង្គការឃ្លាំមើលពិភពលោក ជាក្រុម«ប្រតិកិរិយា»?
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ មករា ២០១៧
- កែប្រែចុងក្រោយ: January 20, 2017
- ប្រធានបទ: ងាកមើលព្រឹត្តិការណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងសម័យកាល ដែលសម្បូរដោយសង្គ្រាមចិត្តសាស្ត្រ ឬហៅម្យ៉ាងទៀត ថាជាសង្គ្រាម«មនោគមន៍វិជ្ជា» ពាក្យប្លែកៗ មានន័យមិនធម្មតាជាច្រើន តែងត្រូវបានយកមកប្រើ ដើម្បីសម្គាល់ ឬហៅក្រុមបដិបក្ខរបស់ខ្លួន ជាពិសេស ដើម្បីជាឃ្លាដូចៗគ្នាមួយ សម្រាប់ឲ្យបរិវា អ្នកហែហមទាំងឡាយ យកទៅសូត្របន្ទរតាម។ នៅក្នុងសម័យកុម្មុយនីសប្រល័យពូជសាសន៍ មានពាក្យច្រើនណាស់ ដែលបានចេញមក ពីកម្មាភិបាលខ្មែរក្រហម ដូចជាពាក្យ «ខ្មាំងប្រឆាំងបដិវត្ត ឬប្រឆាំងអង្គការ» «ខ្មាំងបង្កប់ CIA ឬ KGB» បូករួមនិងពាក្យស្លោក ដាច់ណាត់ដ៏ច្រើនដទៃទៀត។
លុះមកដល់សម័យកុម្មុយនីសបែបថ្មី ដែលដាក់ឈ្មោះខ្លួនឯង ថាជារបប «សាធារណរដ្ឋប្រជាមានិតកម្ពុជា» ក្រោយឆ្នាំ១៩៧៩ ទាហាននិងកម្មាភិបាលខ្មែរក្រហមរត់ចោលជួរជាច្រើននាក់ ដែលត្រូវបានបន្តុប ឲ្យឡើងធ្វើជាមេដឹកនាំ នៅក្នុងរបបថ្មីនេះ ក៏បានប្រើប្រាស់ពាក្យសល់ ពីរបបខ្មែរក្រហមខ្លះ និងបានបន្ថែមពាក្យថ្មីខ្លះទៀត ដើម្បីហៅគូបដិបក្ខរបស់ខ្លួនដែរ មានជាអាទិ៍ «បនអនុត្តរភាព - បនប្រតិកិរិយា - បនចក្រពត្តិវាតទីនិយម - បនមូលធននិយមសក្តិភូមិ ឬក្រុមធ្វើវិទ្ធង្សនា»។
ប៉ុន្តែ នៅក្រោយឆ្នាំ១៩៩៣ សកលភារូបនីយកម្ម ការផ្លាស់ប្ដូរបប និងទីផ្សាសេរី បានធ្វើឲ្យអតីតទាហាន និងកម្មាភិបាលខ្មែរក្រហមទាំងនោះ ភ្លេច (ឬធ្វើជាភ្លេច) ធាតុដើមរបស់ខ្លួន លែងប្រើពាក្យទាំងនោះទៀតហើយ និងបែរជាមានទម្លាប់ថ្មី ដូចជាងាកមកប្រើប្រាក់ដុល្លា លេងកីឡាវាយកូនគោល ហៅខ្លួនឯងជាសម្ដេច ពាក់អាវធំ ស្លៀកក្បិន ជិះរថយន្ដថ្លៃៗ បើបន្ទប់ការិយាល័យគ្មានម៉ាស៊ីនត្រជាក់ ធ្វើការមិនកើតជាដើម។
ចម្លែកអី តែលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី បែរជាយកពាក្យមួយ ពីក្នុងចំណោមពាក្យប៉ុន្មានខាងលើ មកប្រើ ខណៈគេលែងឮសូរមន្ត្រីរដ្ឋាភិបាលបន្លឺពាក្យនេះ តាំងពីច្រើនឆ្នាំមកហើយ។ ពាក្យនោះ គឺមន្ត្រីអ្នកនាំពាក្យ បានហៅអង្គការអន្តរជាតិមួយ ដែលមានទីស្នាក់ការធំ នៅក្នុងរាជធានី ឡុងដ៍ នៃចក្រភពអង់គ្លេស ថាជាផ្នែកមួយ នៃក្រុម«ប្រតិកិរិយា»។
នៅក្នុងវចនានុក្រមភាសាខ្មែរ របស់សម្ដេចសង្ឃ ជួន ណាត ដែលមានតែមួយ តាំងពី៥០ឆ្នាំមកនោះ បានពន្យល់ពាក្យ «ប្រតិកិរិយា (ភាសាអង់គ្លេស៖ Reactionary - និងភាសាបារាំង៖ Réactionnaire)» ថាមានប្រភពពីពាក្យដើម «ប្រតិក្រិយា» មានប្រភេទជា«នាម» និងមានន័យជាសម្រាយថា «ដូច ប្រតិកម្ម ដែរ, ប៉ុន្តែពាក្យនេះ សព្វថ្ងៃប្រើសំដៅ យកជនដែលកាន់ជើង ជួយជ្រោមជ្រែង ដល់ប្រតិកម្មនយោបាយ ឬដល់បក្ខពួក ដែលប្រឆាំងចំពោះសេចក្ដីចម្រើន ឬក៏ចំពោះគោលបំណងរបស់ខ្លួន។ ជាឧទាហរណ៍៖ ចាំស្ដាប់មើល ជើងការនយោបាយពួកប្រតិក្រិយាសព្វថ្ងៃ តើវានឹងទៅជាយ៉ាងណា?»។
ក្នុងន័យនេះ បញ្ជាក់ថា ក្រុមប្រតិកិរិយា ជាក្រុមជនទី៣ ឬទី៤ ដែលចាំជួយកាន់ជើង ជួយជ្រោមជ្រែង ផ្នែកនយោបាយ ទៅដល់ក្រុមទី២ ដែលប្រឆាំងនឹងក្រុមទី១ ហើយពាក្យ«ប្រតិកិរិយា»នេះ មិនបានសេចក្ដីថា ជាការប្រឆាំងទៅនឹងប្រយោជន៍ធំ ឬប្រយោជន៍រួមនោះឡើយ វៀលែងតែក្រុមទី១ ឬក្រុមទី២ បានលើកខ្លួនឯងថា ជាតំណាងឲ្យប្រយោជន៍ធំ ឬប្រយោជន៍រួម។
ចុះលោក ផៃ ស៊ីផាន បាននិយាយអ្វីខ្លះ ទាក់ទងនឹងពាក្យ«ប្រតិកិរិយា»? មន្ត្រីអ្នកនាំពាក្យ របស់រដ្ឋាភិបាលកម្ពុជារូបនេះ បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោក ដូច្នេះថា៖ «ដោយឡែកតែក្រុមប្រតិកិរិយា ដែលប្រឆាំង និងប្រមាថ ដល់ភាពក្សេមក្សាន្ត និងជោគជ័យរបស់កម្ពុជា តែងតែជួបនឹងបរាជ័យ ជានិច្ចកាល។ ឧទាហរណ៍ ដូចជាលោកសាស្ត្រាចារ្យ នៅអូស្ត្រាលី បានអំពាវនាវ ពីទីក្រុងហាណូយ វៀតណាម ឲ្យអាស៊ាន បិទទ្វាបណ្តេញកម្ពុជា ចេញពីសមាគមប្រជាជាតិអាស៊ាន (ASEAN) ចំពោះបរិបទឈូងសមុទ្រចិនខាងត្បូង។ ក៏ដូចគ្នានេះដែរ ចំពោះការលើកឡើងរបស់ "Global Witness" ចំពោះវេទិកាសេដ្ឋកិច្ចអន្តរជាតិ នៅទីក្រុង "Davos" (Editor's Note: ក្នុងប្រទេសស្វីស)។ ការលើកឡើងនេះ ក៏បានបង្ហាញការពិត នៃការអស់សង្ឃឹម ដែលជាភាពទាល់ច្រករបស់ខ្លួន ឆ្លើយតបទៅនឹងភាពបរាជ័យ របស់របាយការណ៍ប្រតិកិរិយា ប្រឌិត បំផុសបំផុល និងញុះញង់ ដែលតែងតែធ្វើ ក្នុងរយៈពេលកន្លងមក។»។
លោករដ្ឋលេខាធិការ បានបន្តសរុបសេចក្ដី នៅចុងបញ្ចប់ នៃសំណេររបស់លោកថា៖ «ការលើកឡើង របស់អង្គការប្រតិកិរិយា បិសាចអន្តរជាតិ គ្មានអ្វីក្រៅពីការប្រឆាំង និងភាពសុខក្សេមក្សាន្ត ព្រមជាមួយនឹងជោគជ័យ របស់ខ្មែរតែប៉ុណ្ណោះ»។
តើអង្គការឃ្លាំមើលពិភពលោក ដែលហៅជាភាសាអង់គ្លេស «Global Witness» បានលើកឡើងពីអ្វីខ្លះ រហូតត្រូវលោក ផៃ ស៊ីផាន ចាត់ទុកជាក្រុម «ប្រតិកិរិយា»? មានច្រើនណាស់! ក្នុងនោះ អង្គការអន្តរជាតិមួយនេះ បានចេញរបាយការណ៍ធំៗមួយចំនួន ទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើ និងសម្បត្តិធនធានធម្មជាតិ ការបើកកកាយ ពីអំពើពុករលួយ និងជាពិសេស ការឃុបឃិតគ្នា ដើម្បីធ្វើមានបាន ដែលមានលក្ខណៈជាប្រព័ន្ធ នៅក្នុងចំណោមក្រុមគ្រួសារ របស់អ្នកកាន់អំណាច នៅកម្ពុជា និងនិយាយឲ្យចំ គឺក្រុមគ្រួសារត្រកូល «ហ៊ុន» តែម្ដង។
រីឯការហៅអង្គការនេះ ថាជាផ្នែកមួយ នៃក្រុម«ប្រតិកិរិយា» ពីសំណាក់លោក ផៃ ស៊ីផាន គឺមានជាប់ទាក់ទង នឹងករណីចុងក្រោយបង្អស់មួយ ដែលអង្គការ «Global Witness» ទើបនឹងចេញផ្សាយ នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។ ខណៈពេលដែលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុងមានវត្តមាន ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស អង្គការឃ្លាំមើលពិភពលោក បានចេញសេចក្ដីប្រកាសព័ត៌មាន ព្រមានអ្នកវិនិយោគទុនបរទេសទាំងអស់ ឲ្យធ្វើការប្រុងប្រយ័ត្ន ក្នុងការចូលមកដាក់ទុន នៅក្នុងប្រទេសកម្ពុជា ដែលកំពុងគ្រប់គ្រងដឹកនាំ ដោយលោក ហ៊ុន សែន។ អង្គការអន្តរជាតិ បានលើកឡើងថា គេគួរតែបិតទ្វារ សម្រាប់មនុស្ស ដូចលោក ហ៊ុន សែន កុំឲ្យចូលរួមនៅក្នុងវេទិកានេះ។
អង្គការដែលមានបណ្ដាញ សឹងនៅគ្រប់ទិសទី ក្នុងពិភពលោកមួយនេះ បានសរសេរថា៖ «លោក ហ៊ុន សែន និងគ្រួសាររបស់គាត់ កំពុងក្ដោបក្ដាប់សេដ្ឋកិច្ចរបស់ប្រទេស។ ដូច្នេះ រាល់ទឹកប្រាក់ទាំងឡាយ របស់ក្រុមអ្នកវិនិយោគទុន ថ្មីៗទាំងនោះ នឹងអាចធ្លាក់ចូល ទៅក្នុងហោប៉ៅផ្ទាល់ របស់ពួកគេ។»។
រាល់របាយការណ៍ទាំងអស់ របស់អង្គការឃ្លាំមើលពិភពលោក ដែលរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា មានចរិតប្រឌិតញុះញង់នោះ តែងត្រូវបានអ្នកវិភាគបញ្ហាសង្គមអះអាងថា មានលក្ខណៈបាញ់ទិសដៅ ទៅរកក្រុមមួយ ប្រព័ន្ធមួយ ឬការគ្រប់គ្រងមួយតែប៉ុណ្ណោះ តែមិនបានចោទប្រកាន់ ឬស្វែងរកការបំផ្លិចបំផ្លាញ ទៅលើប្រជាជន ឬប្រទេសកម្ពុជាទាំងមូលឡើយ។ ផ្ទុយទៅវិញ អ្នកវិភាគនយោបាយ និងសង្គម លោក កែម ឡី បែរជាត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃ នៅកណ្ដាលរាជធានី បន្ទាប់ពីលោក បានជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើការស៊ើបអង្កេត លាងសំអាតខ្លួន ពីរបាយការណ៍មួយ របស់អង្គការនេះ ដែលមានចំណងជើងថា «ចក្រភពជំនួញ នៃមហាផៅសន្ដានត្រកូល ហ៊ុន»។
តាមពិតទៅ បើតាមការសង្កេតកន្លងមក លោក ផៃ ស៊ីផាន តែងបានប្រតិកម្ម ចំពោះរបាយការណ៍មុនៗ របស់អង្គការឃ្លាំមើលពិភពលោក ដោយលោកប្រើពាក្យថា មានលក្ខណៈនយោបាយ និងបម្រើឲ្យគណបក្សប្រឆាំង។ តែលើកនេះ ពាក្យ«នយោបាយ» និង«គណបក្សប្រឆាំង» បានបាត់រូបរាង ពីប្រតិកម្មរបស់លោកទៅហើយ និងបានប្រើជំនួសមកវិញ នូវពាក្យ«ប្រតិកិរិយា»។ ទោះជាមានន័យ មិនសូវ«ចំ» តែខ្លី... ហើយបានជួយរំលឹកមកវិញ នូវអនុស្សាវរីយ៍ ដែលបានបន្សល់ទុក តាំងពីរបបកុម្មុយនីសទាំងពីរ «របបកម្ពុជាប្រជាធិបតេយ្យ និងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា»។ របបទាំងពីរ ដែលត្រូវបានដឹកនាំ ដោយក្រុមខ្មែរក្រហម និងអតីតក្រុមខ្មែរក្រហម ដែលកំពុងបន្តដឹកនាំប្រទេសកម្ពុជា រហូតមកដល់សព្វថ្ងៃ៕