រក​ឃើញ​ម្ចាស់​បទ «ឡាំបាដា» ស្លាប់​ឆេះ​ខ្លោច​ខ្លួន​ក្នុង​រថយន្ដ

នៅក្នុងវ័យ៦៣ឆ្នាំ អ្នកស្រី «Loalwa Braz Vieira» ដែលធ្លាប់​ជាសមាជិក​របស់​ក្រុមចម្រៀង «Kaoma» និង​ជា​ម្ចាស់​​បទ «ឡា ឡាំបាដា (La Lambada)» ដ៏​ល្បីល្បាញ​ពេញ នៅទូទាំង​ពិភពលោក បានធ្វើមរណភាព​ហើយ។ គេ​បាន​​រក​ឃើញ​​អ្នកស្រី ស្លាប់​នៅ​ក្នុង​រថយន្ដ ដែលឆេះ​ខ្លោច​ខ្ទេច។
រក​ឃើញ​ម្ចាស់​បទ «ឡាំបាដា» ស្លាប់​ឆេះ​ខ្លោច​ខ្លួន​ក្នុង​រថយន្ដ
អ្នកស្រី «Loalwa Braz Vieira» ម្ចាស់បទចម្រៀង «La Lambada» ដ៏​ល្បីល្បាញ តាំងពីចុង​ទសវត្ស​ឆ្នាំ៨០។ (រូបថត​ឯកសារ)
Loading...
  • ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី១៩ មករា ២០១៧
  • កែប្រែចុងក្រោយ: January 19, 2017
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកដែលធំដឹងក្ដី នៅចុងទសវត្សឆ្នាំ៨០ ពិតជាស្គាល់ចម្រៀងនេះ ដែលបកស្រាយជាច្រើនភាសា (រាប់ទាំង​ភាសា​ខ្មែរផង) ហើយ​ក៏​មាន​អ្នក​ចូល​ចិត្ត តាំងពីពេល​នោះ រហូតមក​ដល់​សព្វថ្ងៃ ដោយ​សារ​ចម្រៀង​ដ៏​ល្បី ត្រូវ​បាន​យក​​មក​​ច្រៀង​ឡើង​វិញ ជាច្រើនដង ដោយ​អ្នក​ចម្រៀងក្មេងៗ ជំនាន់​​ក្រោយ។ តែមនុស្ស​ភាគ​ច្រើន មិន​បាន​​ស្គាល់​​ម្ចាស់​​ចម្រៀង​​ដើម នៃ​ចម្រៀង ដែលច្រៀងពីចង្វាក់រាំ «La Lambada» របស់​​បណ្ដាជន ​រស់​នៅ​ទ្វីប​​​អាមេរិក​​​ឡាទីន​​នោះ​​ឡើយ។

តែបើសិន ជាអ្នកមិនស្គាល់ម្ចាស់បទដើម និងចង់ស្គាល់នៅពេលនេះ វាបានហួសពេលទៅហើយ ព្រោះ​អ្នកស្រី​ «Loalwa Braz Vieira» ដែលច្រៀង​ចម្រៀង​នេះ ដំបូងគេបង្អស់ បានលាចាកលោកទៅហើយ។ ប្រភព​ពី​នគរបាល បានឲ្យដឹងថា អ្នកស្រី «Loalwa Braz Vieira» ត្រូវបានរក​ឃើញ​ស្លាប់ ក្នុង​អាយុ​៦៣ឆ្នាំ នៅ​ក្នុង​រថយន្ដ​របស់​អ្នកស្រី នៅក្រុង «Saquerema» ក្បែរនឹងក្រុង រីយ៉ូ (Rio de Janeiro - ប្រទេសប្រេស៊ីល) នៅព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​ទី១៩ ខែ​មករា​នេះ។

សារព័ត៌មាន​តំបន់ របស់ប្រទេសប្រេស៊ីល បានរាយការណ៍ថា រាងកាយរបស់អ្នកស្រី បានឆេះខ្លោច ទៅ​ជា​មួយ​នឹង​រថយន្ដ ដែល​បាន​រង​អគ្គិភ័យ នៅយប់​ថ្ងៃពុធ ចូលមកថ្ងៃព្រហស្បត្តិ៍ ត្រង់ចំណុចមួយ ដែលស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន ពីលំនៅដ្ឋានរបស់អ្នកស្រី។ គេហទំព័រ​ព័ត៌មាន «G1» បានស្រង់ប្រភព​ពីអ្នក​ស៊ើប​អង្កេត មក​បញ្ជាក់​ថា វត្តមានរបស់បុរសពីរនាក់ ដែលប្រដាប់ដោយអាវុធ ត្រូវបាន​គេមើលឃើញ ក្បែរផ្ទះអ្នកស្រី នៅ​យប់​ថ្ងៃ​ពុធ។ តែ​អ្នកស៊ើបអង្កេត បានបញ្ជាក់ដែរថា វាដូចជាឆាប់រហ័សណាស់ ក្នុងការ​ភ្ជាប់​មរណភាព របស់ស្ត្រី​អ្នក​ចម្រៀង ទៅ​នឹង​​ជន​ប្រដាប់​អាវុធ​ទាំងនោះ នៅក្នុងពេលភ្លាមៗនេះ។

ក្រុមពន្លត់អគ្គិភ័យ នៅក្នុងតំបន់ បានទទួលទូរស័ព្ទមួយ រាយការណ៍ពីអគ្គិភ័យ ដែលបានឆាបឆេះ ទៅលើ​លំនៅ​ដ្ឋានអ្នកស្រី។ តែនៅ​បន្តិច​ក្រោយ​មក ក្រុមពន្លត់អគ្គិភ័យដដែល បានទទួលទូរស័ព្ទជាថ្មីទៀត រាយ​ការណ៍​ពី​អគ្គិភ័យ​មួយទៀត ដែលបាន​ឆាបឆេះ​រថយន្ដ​របស់​អ្នកស្រី ដែល​ស្ថិត​នៅ​ក្បែរ​នោះ។ គឺនៅក្នុង​រថយន្ដ​នេះ​ហើយ ដែល​គេឃើញ អ្នកស្រីម្ចាស់បទ «ឡាំបាដា» បានស្លាប់​ឆេះ​ខ្លោច​ខ្លួន។ ការធ្វើកោសលពិច័យ នឹង​ត្រូវ​ធ្វើ​ក្នុង​ថ្ងៃ​ព្រហស្បត្តិ៍​នេះ។

អ្នកស្រី «Loalwa Braz Vieira» មានដើមកំណើត ចេញពីត្រកូលអ្នកភ្លេង។ ចម្រៀង «La Lambada» របស់​អ្នកស្រី ដែលយក​លំនាំ​តាម​ចម្រៀង «Llorando» របស់ជនជាតិបូលីវី ត្រូវបានលក់ដាច់ នៅពាសពេញ​ពិភពលោក ប្រមាណជា១៥លានថាសចម្រៀង រាប់​ចាប់​តាំងពីការចេញលក់ នៅក្នុង​ឆ្នាំ​១៩៨៩។ នៅ​កម្ពុជា ចម្រៀង​ «La Lambada» ក៏ត្រូវបានបកស្រាយ ជាភាសាខ្មែរដែរ ដោយអ្នក​ចម្រៀង​ជើងចាស់ អ្នកស្រី សៀង វណ្ណធី និង​ទទួល​បាន​​​ការពេញ​និយម ពីប្រិយមិត្ត​ខ្មែរ​​ក្នុង​ជំនាន់នោះ​យ៉ាង​ច្រើន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...