Cambodian Idol៖ អេង តុងឡេង ច្រៀងមិនពិរោះបែរជាជាប់?
- ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ៣១ សីហា ២០១៥
- កែប្រែចុងក្រោយ: September 04, 2015
- ប្រធានបទ: ចម្រៀង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបានឆ្លងកាត់ វគ្គជាច្រើន និងបានបកស្រាយចម្រៀង ទាំងភាសាខ្មែរ និងភាសារបរទេសរួចមក បេក្ខជន អេង តុងឡេង បានជាប់ឈានដល់វគ្គ Green Miles ដែលជាវគ្គ ជិតបញ្ចាប់របស់កម្មវីធី Cambodian Idol បន្ទាប់ពីបេក្ខជន វ័យ២១ឆ្នាំ រូបនេះ បានច្រៀងបទចំរៀង មានចំណងជើងថា «what make you beautiful»។
ប៉ុន្តែដំណើរឈានឡើង របស់តារាចម្រៀងថ្មី មានកំណើតនៅរាជធានីភ្នំពេញ រូបនេះ មិនជាត្រូវបានស្វាគមន៍ប៉ុន្មាន នៅលើបណ្តាញសង្គមទេ។ ក្រុមអ្នករិះគន់ បាននិយាយថា តុងឡេង ច្រៀងមិនពិរោះ មិនច្បាស់ផង ស្រាប់តែអាចឈាន ទៅវគ្គបន្ត ដែរ។
តាមម្ចាស់គណនី «Leng Eng» បានបរិហាដាក់បេក្ខជន ខ្លាំងៗថា៖ «ងាប់ហើយ ទាអួលអាចម៍លោកអើយ មួយបទនេះ ជាបទញុំចូលចិត្តជាងគេ ច្រៀងខុសតុង (Ton) ខុសពាក្យ ក៏អោយជាប់ដែរ។ ដោយសារច្រៀងភាសា (បរទេស) មែន បានឲ្យជាប់ចឹង?»
ចំណែកម្ចាស់គណនី «Chao Sokmey»បានសរសេរថា៖ «ខ្ញុំមិនដឹងថា គេយកសម្លេង រឺភាពទាក់ទាញទេ។ ក្នុងវគ្គ "judge audition" បេក្ខជន និង បេក្ខនារី ខ្លះ ច្រៀងមិនកើតសោះ ចេះតែជាប់ ដល់វគ្គ "judge audition" ដែរ។ ខ្ញុំមិនយល់សោះ។ ដូចតុងឡេង យប់មិញច្រៀងមិនកើតសោះ ឱ្យជាប់ដែរ។ ស្តាយបេក្ខជនសម្លេងល្អ ត្រូវធ្លាក់! ទស្សនិកជនមិនសប្បាយចិត្ត ពេលឃើញភាពមិនយុត្តិធម៌ សម្រាប់អ្នកមានសមត្ថភាព!»
ប៉ុន្តែមានម្ចាស់គណនីម្នាក់ ដាក់ឈ្មោះ «Love Pharovid»បានបញ្ជាក់ថា៖ «ស្តាប់ថាពិរោះ ក៏មិនពិរោះខ្លាំង, ថាស្រែក ក៏ស្រែកមិនល្អខ្លាំង, ច្រៀងភាសាអន្តរជាតិ ជាជំនាញតែមួយរបស់គាត់ ដែលល្អ។ តែប្រើប្រៀបធៀប នឹងបេក្ខជនដទៃ ដូចជាមិនល្អជាងគេប៉ុន្មានទេ។ ប៉ុន្តែគណះកម្មាការ គេសម្រេចចិត្តហើយ ប្រាកដជាមានចំនុចពិសេស របស់គាត់។ ចំពោះខ្ញុំផ្ទាល់គិតថា គាត់ល្អហើយ ប៉ុន្តែគាត់មិនទាន់អាចខ្លាចជា IDOL មួយរូប សម្រាប់ខ្ញុំទេ។»។
សូមរំលឹកថា កម្មវីធី Cambodian Idol នេះមានការផ្សាយផ្ទាល់ នៅទូរទស្សន៍ហង្សមាស វេលាម៉ោង ៨ យប់នាថ្ងៃអាទិត្យ រៀងរាល់សប្ដាហ៍។
» ចង់ដឹងថាបេក្ខជនរូបនេះ បកស្រាយចម្រៀងបែបណានោះ សូមទស្សនាទាំងអស់គ្នា៖