អ្នកជិតខាងឈ្លោះគ្នា រឿងធ្វើគម្របលូក្បែរព្រំដី ផ្អើលគេឯង
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ៣១ សីហា ២០១៥
- កែប្រែចុងក្រោយ: September 04, 2015
- ប្រធានបទ: ព្រំដី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ឈឿន ខេងយូ ជាម្ចាស់ផ្ទះ លេខ២៥ តាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងភូមិទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឲ្យដឹងថា គ្រួសាររបស់លោក កំពុងតែធ្វើគម្របលូ មានបញ្ហានេះ នៅមិនទាន់រួចរាល់ទេ ស្រាប់តែភាគីគ្រួសារម្ខាងទៀត មករករឿង មាត់ធំមាត់តូច ដាក់គ្រួសារលោក ឈានដល់ប្រើអំពើហិង្សា ដាក់កូនស្រីលោកទៀតផង។ កញ្ញា ឈឿន សៀកលីន ជាកូនស្រី បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា មិនមែនទើបតែលើកនេះទេ ជម្លោះធ្លាប់មានពីមុន ម្តងរួចមកហើយ។
កញ្ញាបន្ថែមទៀតថា ភាគីខាងលោក ទូច ឡេង (អ្នកនៅជាប់ផ្ទះគ្នា) ធ្លាប់ចោទប្រកាន់ ក្រុមគ្រួសារកញ្ញាម្តងរួចមកហើយ។ កាលណោះ ថែមទាំងបាននាំអ្នកកាសែត (មិនចាំថា អ្នកកាសែតខាងណាទេ) មកគម្រាមទៀតផង។ កញ្ញាបន្តថា៖ «លើកនេះ បានទាំងប្រើសម្តី និងកាយវិការខ្លាំងៗ ដាក់ប៉ា និងកញ្ញាទៀត ទោះជាដឹងថា ព្រំដីកន្លែងលូនេះ មិនទាន់ធ្វើរួចរាល់ក៏ដោយ»។
ការឈ្លោះទាស់ទែងគ្នា ព្រោះរឿងលូមុខផ្ទះ ដែលមានសភាព មិនស្មើគ្នា មិនដល់មួយចំអាមនេះ មិនបានធ្វើឲ្យ ភាគីទាំងសងខាង ស្ងប់ស្ងៀម ឬឈានទៅដល់ ការសម្របសម្រួលគ្នា ភ្លាមៗនោះឡើយ។
ភាគីលោក ទូច ឡេង ម្ចាស់ឱសថស្ថាន «ទូច ឡេង» នៅជាប់ផ្ទះភាគីខាងលើ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូខ្លាំងៗថា គាត់មិនសុខចិត្តទេ ព្រោះខាងក្រុមគ្រួសារ ធ្វើគម្របលូ បំពានទៅខាងព្រំដីរបស់គាត់។ ម្យ៉ាងវិញទៀត ទោះដឹងថា ភាគីផ្ទះលោក មិនសុខចិត្តក៏ដោយ ក៏នៅតែធ្វើទៀត។ លោក ឈឿន ខេងយូ ដែលនៅក្បែរនោះ បានឆ្លើយតបភ្លាមៗថា លោកធ្វើ គឺព្រោះចង់ឱ្យមានអនាម័យល្អ មិនមានក្លិនប៉ះពាល់ ដល់ការលក់ដូរទាំងសងខាង។
ដោយឡែក នៅពេលកំពុងមានទំនាស់ គេឃើញមានមន្រ្តីប៉ុស្តិ៍ស្ទឹងមានជ័យ ចុះទៅដល់ទីតាំងជម្លោះដែរ តែមិនមានធ្វើអន្តរាគមន៍អ្វីនោះទេ។ អ្នកសារព័ត៌មាន បានសុំសេចក្តីបំភ្លឺ ពីការដោះស្រាយ របស់ភាគីទាំងសងខាង ពីសំណាក់អាជ្ញាធរ ប៉ុន្តែលោក ម៉ៅ សាវឿន មេប៉ុស្តិ៍ស្ទឹងមានជ័យ បានឲ្យដឹងថា កម្លាំងរបស់លោក បានចុះជួយធ្វើការដោះស្រាយ រួចរាល់ហើយ។ តែផ្ទុយទៅវិញ កញ្ញា ឈឿន សៀកលីន បានបញ្ជាក់ថា គ្មានមន្ត្រីប៉ុស្តិ៍ ចូលទៅជួយដោះស្រាយនោះទេ គ្រាន់តែដើរអេបខាងៗ ហើយត្រឡប់ទៅវិញ ចំណែកភាគីម្ខាងទៀត បានរុញច្រានកញ្ញា នៅលើព្រំដីទំនាស់ទាំងកម្រោល៕