កម្ពុជា៖ សកម្មជនដីធ្លីបឹងកក់ ទេព វណ្ណី នឹងទទួលពានរង្វាន់
សកម្មជនមិនចេះនឿយហត់ ជាស្ត្រី ដែលតស៊ូប្រយុទ្ធប្រឆាំង នឹងការបណ្ដេញចេញពីដីធ្លីដោយបង្ខំ អ្នកស្រី ទេព វណ្ណី នឹងទទួលពានរង្វាន់ពីអង្គការអន្តរជាតិមួយ នៅសហរដ្ឋអាមេរិក។
អ្នកស្រី ទេព វណ្ណី។ រូបថត MAGNUM/John Vink
អ្នកស្រី ទេព វណ្ណី ជាស្រ្តីមួយរូប ក្នុងចំណោមស្រ្តីជាច្រើនផ្សេងទៀត ដែលបានធ្វើការតស៊ូប្រយុទ្ធ ប្រឆាំងនឹងការចាប់បណ្ដេញចេញពីដីធ្លី ដែលកើតឡើងនៅលើទីតាំងបឹងកក់ កណ្ដាលទីក្រុងភ្នំពេញ ក្នុងគម្រោងដ៏ធំមួយរបស់រដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍន៍តំបន់នោះ ទៅជាទីក្រុងរណបមួយ។ កាសែតក្នុងស្រុក ភ្នំពេញប៉ុស្ដិ៍ បានរាយការណ៍កាលពីថ្ងៃទី០៥វិច្ឆិការនេះថា អ្នកស្រីនឹងធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅអំឡុងខែមេសាឆ្នាំ២០១៣ខាងមុខ ដើម្បី ទទួលពានរង្វាន់មួយ ពីអង្គការ ដៃគូពិភពលោកក្នុងការបញ្ចេញមតិ (វីតាល់ វ៉ស្ស គ្លោប៊ល ផាន័រស្សីប - Vital Voices Global Partnership) ដែលជាពានរង្វាន់ សំរាប់ការលើកទឹកចិត្ត ចំពោះការតស៊ូប្រយុទ្ធដោយអហឹង្សា នៃស្ត្រីទាំងឡាយក្នុងពិភពលោក។ កាលពីថ្ងៃទី២៧មិថុនាកន្លងទៅ អ្នកស្រី ទេព វណ្ណី ត្រូវបានគេដោះលែងពីពន្ធនាគារ ជាមួយនឹងស្រ្តីសកម្មជន ១២នាក់ទៀត បន្ទាប់ពីពួកអ្នកស្រី ត្រូវបានគេចាប់ឃុំអស់រយះពេលមួយខែ និង៣ថ្ងៃ ដោយសារតែបានធ្វើបាតុកម្ម ប្រឆាំងនឹងការបណ្ដេញចេញពីដីធ្លីនេះ។
ផ្ទុយពីការគម្រាមកំហែង និងការធ្វើទុក្ខបុកម្នេញ រហូតចាប់ដាក់ពន្ធនាគារនេះក៏ដោយ ក៏អ្នកស្រី មិនដែលបោះបង់ចោលនូវការតស៊ូប្រយុទ្ធ ដើម្បីបុព្វហេតុអស់ទាំងនេះ ប្រកបដោយក្ដីសង្ឃឹម នៃការទទួលដឹងលឺ ពីសហគមន៍អន្តរជាតិ។ ជាមួយនឹងពានរង្វាន់នេះ អ្នកស្រីបានបញ្ចេញក្ដីរំភើបយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា រង្វាន់នេះ នឹងជួយដល់ការងាររបស់ខ្ញុំ។ (...) ខ្ញុំមានការប្រាកដក្នុងចិត្តថា ពានរង្វាន់នេះនឹង ផ្ដល់អោយខ្ញុំនូវទឹកចិត្ត ក្នុងបុព្វហេតុដើម្បីសហគមន៍របស់ខ្ញុំ និងសហគមន៍ដទៃៗទៀត ដែលកំពុងរងគ្រោះនៅកម្ពុជា។»
អង្គការដៃគូពិភពលោក ក្នុងការបញ្ចេញមតិ (Vital Voices Global Partnership) ជាអង្គការអន្តរជាតិមួយ បង្កើតឡើងកាលពីឆ្នាំ ១៩៩៧ សម្រាប់ផ្តួចផ្តើមគំនិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដោយមានលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បច្ចុប្បន្នរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ជាស្ថាបនិករួមនៃអង្គការនេះផង។ សូមបញ្ជាក់ថា ការដោះលែងពួកអ្នកស្រីទាំង ដប់បីនាក់ ពីពន្ធនាគារ អាចធ្វើទៅបានសម្រេចគឺដោយសារតែ មានការទាមទារមិនចេះឈប់ឈរ ពីក្រុមបណ្ដាអ្នកគាំទ្រ ដោយក្នុងនោះមានលោកស្រី ហ៊ីលឡារី គ្លីនតុន បានចូលរួមដែរ។ អ្នកស្រី ទេព វណ្ណី បានបន្ថែមថា «ខ្ញុំចង់ថ្លែងអំណរគុណ លោកស្រីហ៊ីលឡារី គ្លីនតុន ដែលបានជួយដល់សហគមន៍ របស់ពួកយើង។ រាល់ការលើកទឹកចិត្តទាំងអស់នេះ បង្ហាញថា ការទាមទាររបស់យើង មានភាពស្របច្បាប់។»
ញាតិមួយ ដែលបានបង្កើតឡើងដោយ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បាននឹងកំពុងចរាចរណ៍ នៅតាមបណ្ដាញអាំងទើណែត ក្នុងគោលបំណងទាមទារទៅ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន អោយបញ្ឈប់នូវការបណ្ដេញចេញដោយបង្ខំ នៅកម្ពុជា។ ញាតិទាមទារនោះ ចង់អោយមានហត្ថលេខាគាំទ្រ អោយបានយ៉ាងតិច ១០ ០០០ហត្ថលេខា។ ខាងក្រោមនេះ ជាខ្សែវីដេអូខ្លីមួយ ដែលផលិតដោយ អង្គការលើកលែងទោសអន្ដរជាតិ ដែលនិយាយពីបុព្វហេតុក្នុងការតស៊ូទាមទាររបស់អ្នកស្រី ទេព វណ្ណី៖
---------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ