ស្វាមី​របស់​កំពូល​តារា​ចម្រៀង សេលីន ឌីយ៉ុង លា​ចាក​លោក​

បន្ទាប់ពីរងគ្រោះ ព្រោះជំងឺមហារីកបំពង់ក ដ៏រ៉ាំរ៉ៃ លោក រ៉ឺណេ អង់ជឺលីល (René Angélil) ស្វាមីរបស់កំពូល​តារា​ចម្រៀង សេលីន ឌីយ៉ុង (Céline Dion) បានលាចាកលោកហើយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ​២០១៦​នេះ ក្នុង​លំនៅដ្ឋាន​របស់​គ្រួសារ​ប្ដីប្រពន្ធ​ទាំង​ពីរ​នាក់ នាក្រុង ឡាសវ៉េហ្គាស សហរដ្ឋអាមេរិក។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៤ មករា ២០១៦
  • កែប្រែចុងក្រោយ: January 15, 2016
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ជាមួយនឹងភាពក្ដុកក្តួល ដ៏ជ្រាលជ្រៅជាទីបំផុត ដែលយើងសូមប្រកាសថា លោក រ៉ឺណេ អង់ជឺលីល (René Angélil) បានធ្វើមរណភាពហើយ នៅក្នុងលំនៅដ្ឋានរបស់លោក នាក្រុង ឡាស វ៉េហ្គាស (រដ្ឋ «Nevada» ភាគ​ខាងលិច នៃសហរដ្ឋអាមេរិក)» នេះជាការបញ្ជាក់អះអាង នៅក្នុងសារមួយ ដែលបង្ហោះ នៅលើ​គេហទំព័រ​ផ្លូវ​ការ និងនៅលើគណនីទ្វីសធើរផ្លូវការ របស់កំពូលតារាចម្រៀង នាង សេលីន ឌីយ៉ុង (Céline Dion) ក្នុង​ថ្ងៃ​ទី១៤ ខែមករា ឆ្នាំ២០១៦។

ស្ថានភាពជំងឺមហារីកបំពង់ក របស់លោក រ៉េណេ អាយុ៧៣ឆ្នាំ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ បាន​ធ្វើ​ឲ្យ​នាង សេលីន លប់ចោលជាបន្តបន្ទាប់ នូវការចេញសម្ដែង និងការប្រគុំតន្ត្រីជាច្រើនរបស់នាង ទាំងនៅ​ទ្វីប​អាមេរិក ទាំងនៅ​ទ្វីប​អឺរ៉ុប។ កំពូលតារាចម្រៀងរបស់ពិភពលោក បានថ្លែងថា នាងចង់យកពេលវេលា ដែល​នៅ​សេស​សល់​​ចុង​ក្រោយ​នេះ ដើម្បីមើលថែរក្សា និងជាពិសេសនៅជាមួយស្វាមីរបស់នាង ឲ្យបាន​ច្រើន​បំផុត។

រំលឹកពីប្រវត្តិស្នេហ៍...

លោក រ៉ឺណេ អង់ជឺលីល កើតនៅឆ្នាំ១៩៤២ ក្នុងក្រុង ម៉ុងរ៉េអាល់ ប្រទេសកាណាដា។ មានកំណើត ចេញ​ពី​គ្រួសារ​ចម្រុះសាសន៍ (លីបង់ និងស៊ីរី)  លោក រ៉ឺណេ បានចាប់ផ្ដើមក្លាយជាអ្នកចម្រៀង នៅក្នុងក្រុមមួយ ឈ្មោះ «Baronets»។ ប៉ុន្តែការចាប់ផ្ដើមអាជីពនេះ មិនទទួលបានជោគជ័យប៉ុន្មានទេ ហើយបានធ្វើឲ្យលោក ងាក​ខ្លួន​ទៅធ្វើ​​ជា​ភ្នាក់ងារ សម្រាប់ទទួលទំនុកបំរុង ឲ្យអ្នកចម្រៀងថ្មីៗ ដែលទើបនឹងមានឈ្មោះទៅវិញ។ គឺ​បន្ទាប់​ពី​ពេល​នោះ​ហើយ (ចុងទសវត្សន៍ឆ្នាំ៨០) ដែលលោក រ៉ឺណេ បានជួបជាមួយកុមារី សេលីន ឌីយ៉ុង ដែល​ទើប​តែ​មាន​អាយុ​១២​ឆ្នាំ។

បន្ទាប់ពីបានជួបតារាចម្រៀងវ័យក្មេង នៅពេលនោះរួច លោក រ៉ឺណេ ធ្លាប់បានថ្លែងសរសើរកុមារី សេលីន ថា៖ «រឿងចម្លែកមួយ បានកើតឡើង។ នៅពេលដែលខ្ញុំ បានស្ដាប់សម្លេងរបស់កុមារី  ខ្ញុំមិនដែលបានជឿថា មាន​សម្លេង​របៀបនេះ ពីមុនមកទេ។ សម្រាប់ខ្ញុំ វាជាសម្លេងដ៏ល្អជាងគេ នៅក្នុងពិភពលោក។» នៅ​ឆ្នាំ​១៩៨៨ លោកបាននាំកុមារី សេលីន ឲ្យចូលទៅប្រកួតចម្រៀង ប្រចាំទ្វីបអ៊ឺរ៉ុប «Eurovision» និងទទួល​បាន​ជោគ​ជ័យ​យ៉ាងត្រចះត្រចង់។ បន្ទាប់ពីនោះមក លោកថែមទាំងបានជំរុញ ឲ្យនាង សេលីន ឌីយ៉ុង ដែល​ជា​អ្នក​ចម្រៀង​ថ្មោង​ថ្មី ឲ្យខិតខំរៀនភាសាអង់គ្លេស ដើម្បីអាចហក់ចូល ទៅក្នុងពិភពសិល្បៈអាមេរិកបាន។

នៅខែធ្នូ ឆ្នាំ១៩៩៤ លោក រ៉ឺណេ បានរៀបការ យកនាង សេលីន ឌីយ៉ុង ធ្វើជាភរិយាពេញច្បាប់ ហើយ​អ្នក​ទាំង​ពីរ បានប្រសូតបានកូនបីនាក់ នៅប៉ុន្មានឆ្នាំក្រោយមក។ ការណែនាំរបស់លោក រ៉ឺណេ បានធ្វើឲ្យនាង សេលីន ក្លាយជា​អ្នក​ចម្រៀង​ដ៏ល្បីល្បាញ ពាសពេញទូទាំងពិភពលោក ជាពិសេសនៅក្រោយ​នាងច្រៀង​ចម្រៀង «My Heart Will Go On» ឲ្យភាពយន្ដ «Titanic» របស់សមិទ្ធិករ ដេវីដ ខាមើរូន (James Cameron) ក្នុងឆ្នាំ១៩៩៧។

កំពូលសិល្បករ នៃពិភពសិល្បៈ...

នៅចំពោះមរណភាពរបស់លោក មនុស្សជាច្រើន បានចូលរួមសម្ដងការសោកស្ដាយ ដោយចាត់ទុកថា ជា​ការ​បាត់បង់មួយ របស់ពិភពសិល្បៈ។ រដ្ឋមន្ត្រីបេតិកភ័ណ្ឌ របស់ប្រទេសកាណាដា អ្នកស្រី ម៉េឡានី ហ្សូលី (Mélanie Jolie) បានសរសេរនៅលើទំព័រទ្វីសធើរថា៖ «កំពូលសិល្បករមួយរូប នៃពិភពសិល្បៈ បាន​លាចាក​ចោល​ពួកយើងហើយ»៕

-----------

» វីដេអូ ស្ដីពីការរៀបរាប់របស់នាង សេលីន ឌីយ៉ុង ជុំវិញសេចក្ដីស្នេហារបស់ពួកនាង៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...