យុវជនម្នាក់អស់ជីវិត ព្រោះប្រើតែទឹកអប់បាញ់ខ្លួននិងមិនងូតទឹក
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១៧ មករា ២០១៦
- កែប្រែចុងក្រោយ: January 18, 2016
- ប្រធានបទ: ជីវិតប្រចាំថ្ងៃ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យុវជន ថូម៉ាស ថោនសេន (Thomas Townsend) ជាតិអង់គ្លេសអាយុ១៦ឆ្នាំ បានស្លាប់អស់អាយុ បន្ទាប់ពីបានប្រើប្រាស់ហួសកម្រិត និងយ៉ាងជោគជាំ នូវស្ព្រៃយ៍ទឹកអប់បាញ់ខ្លួន ដែលសម្បូរទៅដោយជាតិហ្គាស។ នេះបើតាមរបាយការណ៍មួយ របស់សារព័ត៌មាន «Telegraph»។
យុវជន ដែលមានលំនៅដ្ឋាន ក្នុងក្រុង «Folkstone (ភាគអាគ្នេយ៍នៃចក្រភពអង់គ្លេស)» រូបនេះ មិនត្រឹមតែប្រើ ទឹកអប់បាញ់ខ្លួន នៅក្នុងបវិមាណដ៏អស្ចារ្យនោះទេ តែយុវជនថែមទាំង មិនដែលងូតទឹក ដុសលាងខ្លួននោះទៀត។ បើនិយាយបែបផ្សេង គឺទឹកអប់ទាំងនេះហើយ ដែលជាគ្រឿងសំអាត ធ្វើអនាម័យឲ្យយុវជន ថូម៉ាស នៅពេលយុវជនមានជីវិត។
ពុលនឹងជាតិហ្គាស ដែលប្រើក្នុងទឹកអប់
ខ្លួនប្រាណរបស់ថូម៉ាស ត្រូវបានរកឃើញ លែងកម្រើកទៅហើយ នៅពីមុខបន្ទប់របស់យុវជនខ្លួនឯង។ ក្រុមអ្នកជួយសង្គ្រោះ បានព្យាយាមជួយដាស់ និងធ្វើចលនាបេះដូងឲ្យយុវជន តែអ្វីៗបានហួសពេលទៅហើយ។ រីឯអ្នកស៊ើបអង្កេតវិញ បានរកឃើញកំប៉ុងស្ព្រៃយ៍ ទឹកអប់បាញ់ខ្លួន ចំនួន៤២កំប៉ុង ដែលមួយចំនួនធំ ត្រូវបានប្រើប្រាស់អស់ទៅហើយ។
អ្នកស្រី សាលី ថោនសេន (Sally Townsend) ម្ដាយរបស់ ថូម៉ាស បានអះអាងដែរថា កូនប្រុសរបស់អ្នកស្រី មិនដែលងូតទឹកទេ ហើយកូនអ្នកស្រី អាចប្រើទឹកអប់បាញ់ខ្លួន រហូតអស់ពាក់កណ្ដាលកំប៉ុង ក្នុងពេលមួយលើកៗ។ ការពិនិត្យសាកសព ថូម៉ាស បានបញ្ជាក់ថា យុវជនជំទង់បានស្លាប់ ដោយការគាំងបេះដូង ដោយហេតុមកពី«ពុល» នឹងជាតិហ្គាសរបស់ទឹកអប់៕