ទារកតូចរូបនេះបាក់កហើយ តែបានពេទ្យជួយ«តឲ្យជាប់»វិញ
- ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ តុលា ២០១៥
- កែប្រែចុងក្រោយ: October 11, 2015
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទារក «Jackson Taylor» មានអាយុទើបនឹងបាន ១៦ខែ តែមានជីវិតដើរមកដល់ «មាត់»ជ្រោះមរណារួចហើយ បន្ទាប់ពីកុមារបានរងគ្រោះ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ កាលពី៤សប្ដាហ៍មុន។ នៅក្នុងហេតុការណ៍នោះ រថយន្ដដែលបើកបរ ដោយម្ដាយរបស់ទារក ក្នុងល្បឿនលឿនជាង ១១០គ.ម ក្នុងមួយម៉ោងនោះ បានបុកពេញមួយទំហឹង ចំពីមុខនឹងយានយន្ដមួយទៀត បង្កឲ្យរថយន្ដទាំងពីរ រួញចូលគ្នា និងធ្វើឲ្យអ្នកនៅក្នុងរថយន្ដ រងរបួសទាំងសងខាង។
ទារក «Jackson Taylor» បានរងគ្រោះបាក់ក និងត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ គ្មាននរណាម្នាក់គិតថា ទារកអាចនៅមានជីវិតនោះទេ។ គ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យ «Brisbane» (ភាគខាងកើត នៃប្រទេសអូស្ត្រាលី) លោកវេជ្ជបណ្ឌិត «Geoff Askin» ដែលបានធ្វើការវះកាត់កុមារ បានថ្លែងប្រាប់ស្ថានីយ៍ទូរទស្សន៍ «7 News Melbourne» ថា របួសរបស់ទារកមានសភាពធ្ងន់ធ្ងរ ជាងពេលណាៗទាំងអស់។ លោកវេជ្ជបណ្ឌិត បានរៀបរាប់ថា ការប៉ះទង្គិចដ៏ខ្លាំង រវាងរថយន្ដទាំងពីរ បានធ្វើឲ្យទារកបាក់ក ផ្នែកខាងក្នុង ដែលចង់មានន័យថា លលាដ៏ក្បាលទារក បានដាច់ចេញពីឆ្អឹងកទៅហើយ។
ប៉ុន្តែជាសំណាងល្អ ដែលប្រព័ន្ធសរសៃប្រសាទ ដែលទាក់ទងនឹងជីវិតកុមារ មិនត្រូវបានប៉ះពាល់ ឬធ្វើឲ្យមានការខូចខាតខ្លាំង។ លោកគ្រូពេទ្យ «Geoff Askin» ដែលល្បីខាងការ«តឆ្អឹង» នៅក្នុងប្រទេសអូស្ត្រាលី បានថ្លែងឲ្យដឹងថា៖ «កុមារច្រើននាក់ណាស់ មិនមានជីវិតរស់រាន នៅក្នុងករណីរងគ្រោះយ៉ាងអញ្ចឹងទេ។ មនុស្សមុនៗ ដែលយើងអាចសង្គ្រោះបាន មិនអាចដើរបានឡើងវិញ ឬដកដង្ហើមដោយខ្លួនឯង បានឡើយ។»
បន្ទាប់ពីការវះកាត់ ដែលមានរយៈពេលប្រមាណជាង ៦ម៉ោង ក្បាលទារកតូច ត្រូវបានដាក់ឲ្យជាប់ ជាមួយនឹងឆ្អឹងកឡើងវិញ ដោយប្រើខ្សែចងភ្ជាប់ និងផ្នែកខ្លះនៃឆ្អឹងជំនី របស់ទារក។ នៅថ្ងៃនេះ កុមារ«Jackson Taylor» នៅពាក់ជាប់នឹងក្បាល នូវឧបករណ៍ការពារលំនឹង រវាងក្បាលមកទ្រូង ដើម្បីធានាដល់ការជាសះ នៃមុខតំណ (រវាងលលាដ៏ក្បាល មកឆ្អឹងក)។ នៅក្នុងរូបភាពទូរទស្សន៍ គេឃើញកុមារ អាចទះបាល់លេងជាបណ្ដើរៗ មុននឹងឧបករណ៍ការពារលំនឹង អាចត្រូវដោះចេញ នៅក្នុងបួនសប្ដាហ៍ខាងមុខ៕
» រូបភាពបទយកការណ៍ របស់ទូរស្សន៍ «7 News Melbourne»៖